តុលាការ​កូរ៉េខាងត្បូង ​កាលពី​ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ បាន​កាត់ទោស​អតីតមន្ត្រី​ប៉ូលិស ២ នាក់​ ពីបទ​បំផ្លាញ​ភ័ស្តុតាង​ទាក់ទង​នឹង​ហេតុការណ៍​ហ្វូងមនុស្ស​ប្រមូល​ផ្ដុំគ្នា​ណែនណាន់តាន់តាប់​ក្នុង​ពិធីបុណ្យ​ហា​ឡូ​វីន កាលពី​ឆ្នាំ ២០២២ ដែល​បាន​ឆក់យក​ជីវិត​មនុស្ស ១៥៩ នាក់​ស្ថិតនៅក្នុង​សង្កាត់​អ៊ី​ថេ​វ៉ុ​ន (Itaewon) ទីក្រុង​សេ​អ៊ូ​ល។ 

នេះ​គឺជា​​ករណី​ដំបូង​ហើយ​ដែល​មន្ត្រីប៉ូលិស​ត្រូវបាន​កាត់ទោស​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​គ្រោះថ្នាក់​នោះ។

នៅ​ថ្ងៃទី ២៩ ខែតុលា​ ឆ្នាំ ២០២២ មនុស្ស​រាប់ម៉ឺន​នាក់​ ភាគច្រើន​ក្នុង​វ័យ​ចន្លោះ​ពី ២០ ទៅ ៣០ ឆ្នាំ​បាន​ប្រមូលផ្តុំ​គ្នា​នៅក្នុង​សង្កាត់​អ៊ី​ថេ​វ៉ុ​ន​ដែលជា​តំបន់​កម្សាន្ត​ នាពេល​រាត្រី​ក្នុងឱកាស​វិស្សមកាល​ក្រោយ​ជំងឺ​រាតត្បាត​កូ​វីដ ១៩ បាន​ស្រាកស្រាន្ត​ជា​លើកដំបូង។ ផ្ទុយ​ពី​ការរំពឹងទុក​យប់នោះ​ បានប្រែក្លាយ​ទៅជា​សោកនាដកម្ម​មួយ ​ដោយសារតែ​ហ្វូងមនុស្ស​យ៉ាងច្រើន​បាន​ប្រមូល​ផ្ដុំគ្នា​នៅក្នុង​ផ្លូវ​តូច ហើយ​មិនមាន​វិធានការ​គ្រប់គ្រង​ហ្វូងមនុស្ស​បាន​ត្រឹមត្រូវ និង​ទាន់ពេលវេលា​ទើប​បណ្ដាលឱ្យ​មនុស្ស​ជិត ១៦០ នាក់​ ត្រូវបាន​គេ​រត់​ជាន់​ស្លាប់បាត់​បង់ជីវិត។


អតីតមន្ត្រី​ប៉ូលិស​ទាំង ២ រូប​ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ពីបទ​ណែនាំ​ឱ្យ​លុប​របាយការណ៍​ផ្ទៃក្នុង​របស់​ប៉ូលិស​ចំនួន ៤ ដែល​ពាក់ព័ន្ធ​នឹង​សោកនាដកម្ម​នោះ។ របាយការណ៍​ទាំង​នោះបាន​គូសបញ្ជាក់​អំពី​ការព្រួយបារម្ភ​នៅមុន​ហេតុការណ៍​បានកើត​ឡើង ដោយ​លើកឡើង​អំពី​សុវត្ថិភាព ​និង​ហានិភ័យ​នៃ​ការ​កកកុញ​ខ្លាំង​នៅក្នុង​តំបន់​នោះ។

តុលាការក្រុង​សេ​អ៊ូ​ល​ប្រចាំ​តំបន់​ខាងលិច ​បាន​កាត់​ទោស លោក​ផាក ស៊ុ​ង​មិន (Park Sung-min) អតីតមន្ត្រី​ចារកម្ម​ជាន់ខ្ពស់​នៅ​ទីភ្នាក់ងារ​ប៉ូលិស​ក្រុង​សេ​អ៊ូ​ល​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ១,៥ ឆ្នាំ​ និង​លោក​ គីម ជីន​ហូ (Kim Jin-ho) អតីតមន្ត្រី​ចារកម្ម​នៅ​ស្នងការ​ប៉ូលិស​តំបន់​យ៉ុង​សាន (Yongsan) ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ១ ឆ្នាំ​ជាមួយនឹង​ការព្យួរទោស​រយៈពេល ៣ ឆ្នាំ។


តុលាការ​បានលើកឡើង​ថា«ជនជាប់ចោទ​ទាំង២រូបនេះ គួរតែ​បាន​ជួយ​សហការ​ក្នុងការ​ស៊ើបអង្កេត​ដោយ​រក្សា​ទិន្នន័យ​ដែលមាន​ស្រាប់​ប៉ុន្តែ​ផ្ទុយទៅវិញ ពួកគេ​បាន​លុប​និង​បំផ្លាញ​របាយការណ៍​ផ្ទៃក្នុង​ដែល​បាន​សរសេរ​នៅមុន​ពេល​ហេតុការណ៍​គ្រោះថ្នាក់​កើតឡើង​ហើយ​បាន​បំផ្លាញ​ភ័ស្តុតាង​ទាំងនោះ​ចោល»។

តុលាការ​បាន​សង្កត់ធ្ងន់​ថា​ការដាក់ទណ្ឌកម្ម​ទៅលើ​ពួកគេ​យ៉ាងធ្ងន់ធ្ងរ​នេះ គឺជា​រឿង​ចាំបាច់ ដោយសារតែ​លោក​ផាក និង​លោក គីម​បាន​ព្យាយាម​លាក់បាំង​ការទទួលខុសត្រូវ​រប​ស់​ប៉ូលិស​ដែល​ធ្វើឱ្យ​វា​ពិបាក​ក្នុងការ​ស្វែងរក​ការពិត។

អ្នក​ទាំង២គឺជា​មន្ត្រីប៉ូលិស​ដំបូង​គេ​ដែល​ត្រូវបាន​កាត់ទោស​ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ក្នុង​សង្កាត់​អ៊ី​ថេ​វ៉ុ​ន​នេះ។

កាលពី​ខែមករា​លោក​គីម ក្វាង​ហូ (Kim Kwang-ho) ប្រធាន​ទីភ្នាក់ងារ​ប៉ូលិស​ក្រុង​សេ​អ៊ូ​ល ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ធ្វេសប្រហែស​តាម​វិជ្ជាជីវៈ​នៅ​យប់កើតហេតុ។គួរ​កត់សម្គាល់ថា ខណៈដែល​មន្ត្រីប៉ូលិស​ថ្នាក់ស្រុក​មួយចំនួន​ត្រូវបាន​កាត់ទោស​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​នេះ ​គ្មាន​សមាជិក​រដ្ឋាភិបាល​ជាន់ខ្ពស់​ណាមួយ​ ដែល​បាន​លាលែង​ពី​តំណែង​ឬ​ត្រូវបាន​ចោទប្រកាន់​នោះទេ​បើទោះបីជា​មានការ​រិះគន់​ពី​បណ្ដា​ក្រុមគ្រួសារ​ជនរងគ្រោះ​ជុំវិញ​បញ្ហា​គណនេយ្យភាព​ក៏ដោយ។

ការអភិវឌ្ឍ​ប្រទេស​យ៉ាង​ឆាប់រហ័ស​របស់​កូរ៉េខាងត្បូង​ពី​ប្រទេស​ដែល​ធ្លាប់​តែមាន​សង្គ្រាម​ទៅជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​ទី៤ របស់​អាស៊ី​ និង​ជា​ប្រទេស​មាន​ឥទ្ធិពល​លើ​វប្បធម៌​ពិភពលោក​ផងដែរ​នោះ​គឺជា​រឿង​ដ៏​គួរ​ឱ្យមាន​មោទនភាព​សម្រាប់​ជាតិ​បំផុត។

យ៉ាងណាក៏ដោយ​សោកនាដកម្ម​ដែល​អាច​ការពារ​បានជា​មុន ប៉ុន្តែ​បានកើត​ឡើង​ដោយសារតែ​ការធ្វេសប្រហែស​ដូចជា​ករណី​រត់​ជាន់គ្នា​នៅ​ឆ្នាំ២០២២នេះ​ និង​ការ​លិច​ស្រឡាង​សេ​វ៉ុល (Sewol) នៅ​ឆ្នាំ២០១៤ ដែល​បាន​ឆក់យក​ជីវិត​មនុស្ស ៣០៤ នាក់​បានធ្វើឱ្យ​ប៉ះពាល់​ដ​ល់​ការជឿទុកចិត្ត​របស់​សាធារណជន​ ចំពោះ​អាជ្ញាធរ​កូរ៉េខាងត្បូង៕