​លោក Eric Adams អភិបាលក្រុង​ញូវយ៉ក បាន​និយាយ​​ក្នុង​ថ្ងៃ​នៃ​ទិវា​នៃ​ក្តីស្រឡាញ់​​ថ្ងៃទី១៤ ខែកុម្ភៈ​ ថា រដ្ឋបាល​របស់លោក​បាន​ដាក់ពាក្យ​ប្តឹង​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម រួមទាំង Facebook និង Instagram របស់ក្រុម​ហ៊ុន​ Meta ពីបទ«បង្កើត​​​​វិបត្តិ​សុខភាព​ផ្លូវចិត្ត​​»​ក្នុងចំណោម​យុវជន។ យោង​តាមសារព័ត៌មានរ៉យទ័រ​។ 

ពាក្យ​បណ្ដឹង​ដែល​ត្រូវ​បាន​​​ដាក់​នៅ​តុលាការ​កំពូល​ក្នុង​​​រដ្ឋ​កាលី​ហ្វ័​រ​នីញ៉ា​ក៏បាន​រួមបញ្ចូល​បណ្ដាញ​ផ្សព្វផ្សាយ​វីដេអូ «YouTube»របស់​ក្រុមហ៊ុន Alphabet បណ្តាញ​​ផ្សព្វផ្សាយ​ Snapchat របស់ ក្រុមហ៊ុន Snap Inc និង បណ្តាញ​ផ្សព្វផ្សាយ​រូបភាព​វីដេអូ «TikTok» របស់​ក្រុមហ៊ុន​ ByteDance ផងដែរ។

ពាក្យ​បណ្តឹង​នោះ​បាន​ចោទប្រកាន់ក្រុមហ៊ុន​​ពហុជាតិ​ទាំង​នោះ​ ថា​បាន​រចនា​​​កម្មវិធី​​ផ្សព្វផ្សាយ​​​របស់​ពួកគេ​ដោយ​ចេតនា​ដើម្បី«រៀបចំទាក់ទាញប្រកបដោយ​បំណង​​និង​​ធ្វើ​ឱ្យ​កុមារនិង​ក្មេង​ជំទង់​​ញៀន​ញ៉ាម​ ​ទៅក្នុង​កម្មវិធី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម»។


​ក្រុមហ៊ុន Meta, TikTokនិង YouTube ប្រឈមមុខ​នឹង​បណ្តឹង​រាប់រយ​ដែល​ប្តឹង​ក្នុងនាម​កុមារ និង​​សាលាតាម​​ស្រុក​ជុំវិញ​ការ​ញៀន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។

លោក Adams បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖«ក្នុង​​រយៈពេល​​១​​ទសវត្សរ៍​កន្លង​មកនេះ យើង​បានឃើញ​ពី​របៀប​ដែល​ពិភព​អនឡាញ​​ អាច​​ញៀន​​​និង​លើសលប់​  ធ្វើ​ឱ្យកូនៗរបស់​យើង​អូស​មើល​​នូវ​មាតិកា​​ដែល​បង្ក​គ្រោះថ្នាក់ដោយ​មិន​ឈប់​ឈរ និង​ជំរុញ​ឱ្យ​មាន​​វិបត្តិ​សុខភាព​ផ្លូវចិត្ត​របស់​យុវជន​ជាតិ​របស់​យើង»។


ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង នៅពេលដែល​និយតករ​ជំរុញ​ពួកគេ​ឱ្យ​ការពារ​កុមារ​ពី​មាតិកា​ដែល​បង្ក​គ្រោះថ្នាក់។

កាលពី​ខែមករា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Meta លោក Mark Zuckerberg បាន​សុំទោស​ក្រុម​គ្រួសារ​នៅឯ​សវនាការ​​​សួរដេញ​ដោល​នៅ​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​អំពី​ផលប៉ះពាល់​ដែល​​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មាន​លើ​កុមារ។

អ្នកនាំពាក្យ Meta បាន​និយាយថា ក្រុមហ៊ុន​ចង់ឱ្យ​មនុស្ស​វ័យ​ជំទង់​​មើល​អន​ឡាញ​​​ មាន​សុវត្ថិភាព​​​ដែល​​សមស្រប​តាម​អាយុ​ខណៈពេលដែល TikTok បាន​និយាយថា ខ្លួន​​នឹង​បន្ត​ធ្វើការ​ដើម្បី​រក្សា​សហគមន៍​ឱ្យមាន​សុវត្ថិភាព​ដោយ​ដោះស្រាយ​បញ្ហា​ប្រឈម​ទូទាំង​ឧស្សាហកម្ម។

អ្នកនាំពាក្យ​របស់ Google លោក Jose Castaneda បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ ថា៖​«យើង​​បាន​​កសាង​​សេវាកម្ម និង​គោលនយោបាយ​ដើម្បី​ផ្តល់ឱ្យ​យុវជន​នូវ​បទពិសោធន៍​សមស្រប​តាម​អាយុ និង​ការគ្រប់គ្រង​ដ៏​រឹងមាំ​របស់​ឪពុកម្តាយ។ ការចោទប្រកាន់​នៅក្នុង​ពាក្យបណ្តឹង​នេះ​គឺ​មិន​ពិត​ទេ»៕