ប្រធានាធិបតីរុស្ស៊ី ​វ្ល៉ា​ឌី​មៀរ ពូ​ទីន​ កាលពី​ថ្ងៃ​ពុធ ​ទី ១៤ ខែកុម្ភៈ ​ឆ្នាំ ២០២៤ បាន​និយាយថា​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី​ខិត​កៀក​ទៅនឹង​ការបង្កើត​វ៉ាក់សាំង​សម្រាប់​ជំងឺមហារីក ​ដែល​អាច​នឹង​ប្រើប្រាស់​បាន​ដល់​អ្នកជំងឺ​ក្នុងពេលឆាប់ៗខាងមុខ។


ថ្លែង​នៅក្នុង​ការអត្ថាធិប្បាយ​តាម​ទូរទស្សន៍​ លោក ពូ​ទីន​ បានឱ្យដឹងថា​ រុស្សី​ បាន​ខិតជិត​ដល់​ការបង្កើត​នូវ​អ្វីដែល​ហៅថា ​វ៉ាក់សាំង​មហារីក​ និង​ថ្នាំ immunomodulatory ជំនាន់​ថ្មី​ហើយ។ យ៉ាងណា​ស្របពេល​ជាមួយគ្នា​នោះ​ លោក ពូ​ទីន​ មិនបាន​បញ្ជាក់​នៅឡើយ​ទេ​ថា ​វា​ជា​វ៉ាក់សាំង​គោលដៅ​ សម្រាប់​មហារីក​ប្រភេទ​ណា​ ឬ​ត្រូវ​ប្រើប្រាស់​ដោយ​របៀប​ណា​នោះទេ។

ក្នុង​វេទិកា​ទីក្រុង​ម៉ូស្គូ​ ស្តីពី​បច្ចេកវិទ្យា​ នាពេល​អនាគត​ប្រធានាធិបតី​រូបនេះ បាន​បន្ថែមថា៖ «ខ្ញុំ​សង្ឃឹមថាឆាប់ៗនេះ​ឱសថ​ទាំងនេះ ​នឹងត្រូវ​បាន​ប្រើ​យ៉ាង​មាន​ប្រសិទ្ធភាព ​ដែលជា​វិធីសាស្ត្រ​នៃ​ការព្យាបាល​បុគ្គល» ។


ប្រទេស​ និង​ក្រុមហ៊ុន​ជាច្រើន​បាន និងកំពុង​ធ្វើការ​លើ​ការបង្កើត​វ៉ាក់សាំង​ការពារ​មហារីក​នាពេល​បច្ចុប្បន្ននេះ។ កាលពី​​ឆ្នាំមុន​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន ​BioNTech ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​អាល្លឺម៉ង់​ ដើម្បី​ចាប់ផ្តើម​ការសាកល្បង​ព្យាបាល​ដោយ​ផ្តល់នូវ «ការព្យាបាល​ជំងឺមហារីក​ផ្ទាល់ខ្លួន» ក្នុង​គោលដៅ​ព្យាបាល​អ្នកជំងឺ​ក្នុង​រង្វង់ ១ ម៉ឺននាក់ ​នៅ​ឆ្នាំ ២០៣0។


ជាមួយគ្នានេះ​ ក្រុមហ៊ុន​ឱសថ​ Moderna និង Merck & Co ក៏​កំពុង​ពិសោធ​បង្កើត​វ៉ាក់សាំង​មហារីក​ដោយ​ពាក់កណ្តាល​ដំណាក់កាល​នៃ​ការសិក្សា​បង្ហាញថា​ វា​បាន​កាត់បន្ថយ​ឱកាស​នៃ​ការកើត​ឡើងវិញ​នៃ​មហារីក​ឬ​ការស្លាប់​ដោយសារ​ជំងឺមហារីក​ស្បែក​ដែលជា​មហារីក​ស្បែក​គ្រោះថ្នាក់​ខ្លាំង​បំផុត។


បច្ចុប្បន្ននេះ​មាន​វ៉ាក់សាំង​ ដែលមាន​អាជ្ញាប័ណ្ណ​ចំនួន ៦ ប្រឆាំង នឹង​មេរោគ papillomaviruses របស់​មនុស្ស (HPV) ដែល​​បណ្តាលឱ្យមាន​ជំងឺមហារីក​ជាច្រើន​រួមទាំង​មហារីក​មាត់ស្បូន  ក៏ដូចជា​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​រលាក​ថ្លើម​ប្រភេទ B (HBV) ដែល​អាច​នាំឱ្យ​កើត​មហារីក​ថ្លើម។ នេះ​បើ​យោងតាម​អង្គការ​សុខភាព​​ពិភពលោក។

ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីត ១៩ ប្រទេស​រុស្ស៊ី​ បាន​បង្កើត​វ៉ាក់សាំង Sputnik V ផ្ទាល់ខ្លួន ហើយ​បាន​លក់​វា​ទៅ​ឱ្យ​ប្រទេស​មួយចំនួន​ បើទោះបីជា​ប្រជាជន​របស់គេ​នៅក្នុង​ប្រទេសមួយ​ចំនួន បាន​ប្រឆាំង​ ឬ​ស្ទាក់ស្ទើរ​ក្នុងការ​ទទួល​យក​​វ៉ាក់សាំង​ក៏ដោយ៕