​សន្និសីទ​សន្តិសុខ​ប្រចាំឆ្នាំ​នៅ​ទីក្រុង​មុយ​និ​ច (Munich) ប្រទេស​អាល្លឺម៉ង់​នឹង​បើកប្រជុំ​នៅ ថ្ងៃទី​​ ១៦​ ដល់​ថ្ងៃទី​ ១៨ ដោយមាន​វត្តមាន​ថ្នាក់ដឹកនាំ​សំខាន់ៗ​មកពី​ជុំវិញ​ពិភពលោក​ប្រមាណ​ ៤៥០​ នាក់ រួមទាំង​វត្តមាន​របស់​អនុ​ប្រ​ធា​នា​ធិបតី​អាមេរិក កា​ម៉ា​ឡា ហារី​ស​ (Kamala Harris) និង​រដ្ឋមន្ត្រីការបរទេស​លោក អាន់​តូ​នី ប្ល៊ី​ន​កែន (Antony Blinken)​ ផងដែរ​។​


​វត្តមាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ទាំង ​២ ​របស់​សហរដ្ឋអាមេរិក​ក្នុងពេល​តែមួយ​នេះ ត្រូវគេ​មើលឃើញថា អ្នក​ទាំង ​២ ​ប្រឈមមុខ​នឹង​ការងារ​ដ៏​លំបាក​មួយ​ក្នុង​ការធានា​ឡើងវិញ​ចំពោះ​សម្ព័ន្ធមិត្ត​អឺរ៉ុប​ក៏ដូចជា​សម្ព័ន្ធ​មិត្ត​ផ្សេងៗ​ទៀត​នៅ​ជុំវិញ​ពិភព​​លោក​ដែលថា សហរដ្ឋអាមេរិក​នៅតែ​ប្តេជ្ញា​ការពារ​សន្តិសុខ​របស់​ពួកគេ ក្រោយ​ការ​បរិហារ​របស់​អតីត​ប្រ​ធា​នា​ធិបតី លោក ដូ​ណា​ល់ ត្រាំ​ដែល​ញាំ​ង​ឱ្យ​មហាអំណាច​នៅ​អឺរ៉ុប​ខឹង​។​

​លោក ដូ​ណា​ល់ ត្រាំ កាលពី​ចុង​សប្តាហ៍​កន្លងទៅ បាន​ថ្លែង​ក្នុងការ​លួង​ចិត្ត​អ្នកគាំទ្រ​នៅ​សហរដ្ឋអាមេរិក បាន​និយាយ​បរិហារ​មិន​ការពារ​សមាជិក​នៃ​អង្គការ​ណា​តូ​អឺរ៉ុប​ណា​ដែល​មិន​ផ្តល់​មូលនិធិ​សម្រាប់​ការពារជាតិ​គ្រប់គ្រាន់ ដោយ​ទុក​លទ្ធភាព​ឱ្យ​មហាអំណាច​នុយ​ក្លេ​​អ៊ែរ​ផុត​លេខ​រុស្ស៊ី​ឈ្លានពាន​។


​លោកស្រី ហារី​ស និង​លោក ប្ល៊ី​ន​កែន ចូលរួម​ប្រជុំ​ស្តីពី​សន្តិសុខ​ប្រចាំឆ្នាំ​នៅ​អឺរ៉ុប​ចាប់ផ្តើម​ពីថ្ងៃ​សុក្រ ទី​​ ១៦ ​នេះ រហូតដល់​ថ្ងៃអាទិត្យ ទី​ ១៨ គឺមាន​រយៈពេល​ ១ ​សប្តាហ៍​បន្ទាប់ពី ត្រាំ ដែលជា​អ្នក​នាំមុខ​សម្រាប់​ការតែងតាំង​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ បាន​និយាយថា​គាត់​នឹងមិន​ការពារ​សម្ព័ន្ធមិត្ត​ណា​តូ​ដែល​មិន​ចំណាយ​គ្រប់​គ្រាន់​លើ​វិស័យ​ការពារជាតិ​។​


​ការនិយាយ​របស់លោក ត្រាំ បានធ្វើឱ្យ​មេដឹកនាំ​នៃ​ប្រទេស​តំបន់​អឺរ៉ុប​ធំៗ​ចំនួន ​៣ មាន បារាំង អា​ល្លឺ​ ម៉​ង់ និង​ប៉ូឡូញ ចេញ​ប្រតិកម្ម​ឆ្លើយ តប​ភ្លាមៗ​ថា ពួកគេ​នឹងធ្វើ​ឱ្យ​សន្តិ​សុខ​អឺរ៉ុប​កាន់តែខ្លាំង​ជាង​មុន​។​


​តាម​សេចក្តីរាយការណ៍​របស់​រ៉​យ​ទ័​រ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក អាន់​តូ​នី ប្ល៊ី​ន​កែន បាន​រំលង​មិន​ចូល​ការប្រជុំ​សន្និសីទ​ប្រចាំឆ្នាំ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​ប៉ុន្តែ​លើក​នេះ​លោក​បាន​សម្រេចចិត្ត​ទៅ​ចូលរួម​ក្នុងពេល ដែល​សម្ព័ន្ធមិត្ត​មាន​ភាព​រកាំរកូស​។​

​រ៉​យ​ទ័​រ​ក៏បាន​រាយការណ៍​ដែរ​ថា អនុ​ប្រ​ធានា​ធីប​តី​អាមេរិក កា​ម៉ា​ឡា ហារី​ស ចូលរួម​នៅ​ថ្ងៃ​សុក្រ​នេះ​ដើម្បី​ថ្លែង​សុន្ទរកថា​ដ៏​សំខាន់​មួយ​ស្តីពី «​សារៈសំខាន់​នៃ​ការបំពេញ​តួនាទី​របស់​សហរដ្ឋអាមេរិក​នៃ​ភាពជា​អ្នកដឹកនាំ​ពិភពលោក​» មុនពេល​ជួប ជាមួយ​សមាជិកសភា​ស​ហ​រដ្ឋ​អា​មេ​​រិ​ក ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី (Volodymyr Zelenskiy)​ និង​អធិការបតី​អាល្លឺម៉ង់ លោក Olaf Scholz​។​

​សន្និសីទ​នេះ​កើតឡើង​នៅពេលដែល​ជម្លោះ​រវាង​រុស្ស៊ី និង​លោកខាងលិច​បាន​នាំមក​នូវ​សង្គ្រាម​ដល់​ទ្វីប​មួយ​ដែល​បាន​ចំណាយពេល​ជាច្រើន​ទសវត្សរ៍​ក្នុងការ​ព្យា​យាម​បង្កើត​សន្តិភាព​ដែល​ស្ថិត​នៅក្រោម​ការប្តេជ្ញាចិត្ត​ផ្នែក​សន្តិ​សុខ​របស់​សហរដ្ឋអាមេរិក​ចំពោះ​សម្ព័ន្ធ​សន្តិសុខ​របស់​អង្គការ​ណា​តូ​ដែល​លោក​ត្រាំ​បាន​គំរាមកំហែង​។​

​ព្រឹទ្ធសភា​អាមេរិក​កាលពី​ថ្ងៃ​អង្គារ​បានអនុម័ត​កញ្ចប់​ជំនួយ​យោធា​ចំនួន​ ៩៥,៣៤​ ពាន់​លាន​ដុល្លារ​ដែល​ក្នុងនោះ ​៦០​ ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុយ​ក្រែ​ន​និង​ក្រៅពីនោះ​សម្រាប់​សម្ព័ន្ធមិត្ត​ដូចជា​អ៊ី​ស្រា​​អែល និង​តៃវ៉ាន់​។​

​ប៉ុន្តែ​សេចក្តីព្រាង​ជំនួយ​យោធា​ដ៏​ច្រើន​នោះ​ទំនង​មិនត្រូវ​បានដាក់​សម្រាប់​ការបោះឆ្នោត​នៅក្នុង​សភាតំណាងរាស្ត្រ​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ​ដោយសារតែ​ការប្រឆាំង​របស់លោក ដូ​ណា​ល់ ត្រាំ​។​

​រហូតមកដល់​ពេលនេះ​ជំនួយ​របស់​សហរដ្ឋអាមេរិក​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន​នៅតែ​ជាប់គាំង ដោយសារ​ជម្លោះ​នយោបាយ​ផ្ទៃក្នុង​របស់​សហរដ្ឋអាមេរិក ហើយ​អឺរ៉ុប​ទម្លាក់​ជំនួយ​ ៥០​ ពាន់​លាន​អឺរ៉ូ​ដល់​ឆ្នាំ​​ ២០២៧ សម្រាប់​សេវា​សង្គម​ប៉ុណ្ណោះ​៕