​សហរដ្ឋអាមេរិក​បាន​ព្រមាន​ប្រាប់​សភា និង​សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប​របស់ខ្លួន អំពី​ព័ត៌មាន​ស៊ើប​ការណ៍​សម្ងាត់​ថ្មី​មួយ​ទាក់ទង​នឹង​សមត្ថភាព​ធនធាន​នុយក្លេអ៊ែរ និង​អវកាស​របស់​រុស្ស៊ី​ថា អាច​បង្ក​ការគំរាមកំហែង​ជា​អន្តរជាតិ​។ នេះ​បើតាម​ការរាយការណ៍រ​បស់​ទីភ្នាក់ងារសារព័ត៌មាន​​រ៉​យ​ទ័​រ ស្រង់​សម្ដី​ពី​ប្រភព​ដែល​បានដឹង​ពី​បញ្ហា​នេះ​។

​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ដដែល​បាន​និយាយថា សមត្ថភាព​ថ្មី​ដែល​ទាក់ទង​នឹង​ការប៉ុនប៉ង​របស់​រុស្ស៊ី ក្នុងការ​អភិវឌ្ឍ​អាវុធ​លើ​អាកាស មិន​បង្ក​ការគំរាមកំហែង​ភ្លាមៗ​ដល់​សហរដ្ឋអាមេរិក​ទេ​។​

​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​នេះ ត្រូវបាន​លើកយក​មក​ពិភាក្សា​ឡើង ក្រោយ​សមាជិក​សភាតំណាងរាស្ត្រ លោក​ Mike Turner ដែលជា​ប្រធាន​គណៈ​ក​ម្មា​ធិ​ការ​ស៊ើបការណ៍​សម្ងាត់​សភាតំណាងរាស្ត្រ​អាមេរិក​មកពី​បក្ស​សាធារណរដ្ឋ បានចេញ​សេចក្តីថ្លែងការណ៍​មិន​ប្រក្រតី​មួយ​កាលពី​ថ្ងៃ​ពុធ ដោយ​ព្រមាន​អំពី​ «ការគំរាមកំហែង​សន្តិសុខ​ជាតិ​ធ្ងន់ធ្ងរ​»​។​


​រ៉​យ​ទ័​រ​បាន​រាយការណ៍​ថា បន្ទាប់ពី​នោះមក ប្រភព​ផ្សេងៗ​គ្នា បាន​និយាយថា ការព្រមាន​របស់លោក Turner គឺ​ទាក់ទង​នឹង​សមត្ថភាព​ធនធាន​រប​ស់​រុស្ស៊ី​ក្នុង​អវកាស​និង​ទាក់ទង​ទៅនឹង​ផ្កាយរណប​។ យ៉ាងណាមិញ ប្រភព​មួយ​ក្នុងចំណោម​នោះ បាន​អះអាងថា បញ្ហា​នេះ​គឺ​ធ្ងន់ធ្ងរ ប៉ុន្តែ​វា​មិន​ទាក់ទង​នឹង​ធនធាន​សកម្ម ឬក៏​មិនគួរ​ជា​មូលហេតុ​ធ្វើឱ្យ​មានការ​ភ័យ​ស្លន់ស្លោ​ឡើយ​។​

​ក្នុងការ​ព្រមាន​របស់​ខ្លួន លោក​ Turner បាន​ថ្លែងថា​៖ «​ខ្ញុំ​កំពុង​ស្នើ​សុំឱ្យ​ប្រធានាធិបតី [​ចូ​] បៃ​ដិ​ន​ ទម្លាយ​ព័ត៌មាន​សម្ងាត់​ទាំងអស់​ដែល​ទាក់ទង​នឹង​ការ​គំរាមកំហែង​នេះ ដូច្នេះ​សភា​រដ្ឋបាល និង​សម្ព័ន្ធមិត្ត​របស់​យើង អាច​ពិភាក្សាគ្នា​ដោយ​បើកចំហ​អំពី​សកម្មភាព​ចាំបាច់ ដើម្បី​ឆ្លើយតប​ទៅនឹង​ការគំរាមកំហែង​ណាមួយ​»​។ លោក​មិនបាន​បញ្ជាក់​ព័ត៌មាន​លម្អិត លើ​ការ​​គំរាមកំហែង​ដែល​លោក​លើក​ឡើង​នោះទេ​។


​មុន​នោះ កាសែត​ញូវយ៉ក​ថា​ម​ស៍ បាន​រាយការណ៍​ដោយ​ស្រង់​សម្ដី​ប្រភព​មន្ត្រី​អាមេរិក ដែល​និយាយថា ព័ត៌មាន​ស៊ើប​ការណ៍​សម្ងាត់​ថ្មី​គឺ​ទាក់ទង​ទៅនឹង​ការប៉ុនប៉ង​របស់​រុស្ស៊ី ក្នុងការ​អភិ​វ​ឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​ប្រឆាំង​ផ្កាយរណប ដោយ​ផ្ទុក​វា​នៅលើ​លម្ហ​អាកាស​។ បើតាម​ប្រភព​មន្ត្រី​និង​អតីតមន្ត្រី​អាមេរិក រុស្ស៊ី​នឹងមិន​ដាក់អាវុធ​នុយក្លេអ៊ែរ​បែបនេះ ឱ្យ​ស្ថិតនៅលើ​គន្លង​តារាវិថី​ទេ​។​

​ការព្រមាន​របស់លោក Turner ធ្វើឡើង​ចំពេល​មានការ​ជជែក​ដេញដោល​គ្នា​ក្នុង​សភា​អាមេរិក អំពី​របៀប​ដែល​សហរដ្ឋអាមេរិក​គួរតែ​ដោះស្រាយ​ជាមួយនឹង​ការគំរាមកំហែង​ជាស​កល​ពី​រុស្ស៊ី និង​គូប្រជែង​ដទៃទៀត​។​

​ក្នុងនោះ ក្រុម​អ្នកជំនាញ​សន្តិសុខ ជំរុញ​ឱ្យ​សហរដ្ឋអាមេរិក​មានកា​រ​ចូលរួម​ជាស​កល​កាន់តែច្រើន ខណៈ​សមាជិកសភា​មួយចំនួន ដែល​ជិតស្និទ្ធ​បំផុត​ជាមួយនឹង​អតីត​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ តស៊ូ​មតិ​សុំឱ្យ​អាមេរិក​នៅ​ផ្ដាច់ខ្លួន​បន្ថែមទៀត ហើយ​ប្រើ​គោលនយោបាយ «​អាមេរិក​មុនគេ​» ក្នុង​កិច្ចការ​ពិភពលោក​។​ប្រមុខ​អង្គការសហប្រជាជាតិ​ធ្លាប់បាន​ព្រមាន​រួចជាស្រេច ក្រោយ​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​ផ្ទុះ​ឡើយ ការរត់​ប្រណាំង​ផ្នែក​សព្វាវុធ​ទប់​លែង​ជាប់​៕