កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានផ្ដល់​បទសម្ភាសន៍មួយ​ទៅកាន់​អ្នកកាសែត​លោក ផាវ៉េល ហ្សារូប៊ិន (Pavel Zarubin) ថា រវាង​លោក ចូ បៃដិន (Joe Biden) និងលោក ដូណាល់ ត្រាំ (Donald Trump) លោកនឹង​ជ្រើសយក​លោក បៃដិន ដោយលើក​ហេតុផល​ថា ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន​មានបទ​ពិសោធន៍​ច្រើន អាចព្យាករបាន និងជាអ្នកនយោបាយ​វ័យចំណាស់​ដែលធ្វើ​នយោបាយ​បែបប្រពៃណី។ 
 
លោក ពូទីន បានលើកឡើង​ពីសមត្ថភាព​របស់​លោក បៃដិន ក្នុងការដែល​អាចបំពេញ​កាតព្វកិច្ច​ជាប្រធានាធិបតី​បាន។ យ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់​ថា រុស្ស៊ី​មានឆន្ទៈ​ធ្វើការជាមួយ​ប្រធានាធិបតី​អាមេរិករូប​ណាក៏ដោយ ដែលទទួល​បានទំនុកចិត្ត និងការគាំទ្រ​ពីប្រជាជន​អាមេរិក។ 
 
ជាងនេះ​ទៅទៀត មេដឹកនាំ​វិមាន​ក្រឹមឡាំង​រូបនេះ បានរំឭក​ឡើងវិញ​ពីជំនួប​រវាងអ្នក​ទាំងពីរ​កាលពីកិច្ចប្រជុំ​នៅប្រទេសស៊្វីស​នៅប៉ុន្មាន​ឆ្នាំមុន។ លោកបានច្រានចោល​ពាក្យចចាមអារ៉ាម​ដែលថា​លោក បៃដិន គ្មាន​សមត្ថភាព ដោយធ្វើ​ការកត់សម្គាល់​ថា លោកមើលមិនឃើញ​ពីភាព​អសមត្ថភាព​របស់​លោក បៃដិន ដូចទៅនឹង​ការព្រួយ​បារម្ភ​នោះទេ។ ជាងនេះ​ទៅទៀត លោក ពូទីន បានច្រានចោល​ឧប្បត្តិហេតុមួយ ដែល​លោក បៃដិន បានទង្គិចក្បាល​ទៅនឹង​ច្រកទ្វារឧទ្ធម្ភាគចក្រ​ពេលកំពុង​ដើរចេញ ដោយអះអាង​ថា ឧបទ្ទវហេតុ​បែបនេះ គឺជារឿង​ធម្មតា​ទៅហើយ។ 
 
គួរដឹងដែរ​ថា មេដឹកនាំ​វិមាន​ក្រឹមឡាំង​ធ្លាប់ត្រូវបាន​ប្រធានាធិបតី​អាមេរិក លោក បៃដិន ហៅថា​ជាឃាតករ​ផ្តាច់ការ ជាសត្វ​សាហាវ និងចោទប្រកាន់​ជាសាធារណៈ​ថា លោក ពូទីន ជាមនុស្ស​មានតណ្ហា​ក្រាស់​ចង់បានទឹកដី​ប្រទេស​ដទៃ និងអំណាច។ ដូច្នេះ តើហេតុអ្វី​បានជា​មេដឹកនាំ​វិមាន​ក្រឹមឡាំង​រូបនេះ គ្មានការខឹង​សម្បារ​អ្វីសោះ? តើ​លោក ពូទីន បានលើកលែង​ទោស​ចំពោះការប្រើប្រាស់​ពាក្យសម្ដី​អសុរោះ​របស់​លោក បៃដិន ឬក៏យ៉ាងណា? រហូតមក​ទល់​ពេលនេះ គេនៅមិនទាន់​ដឹងច្បាស់​នៅឡើយទេ។ 


AFP

 
  
បើប្រៀបធៀប​ការពណ៌នា​រៀបរាប់​របស់​លោក បៃដិន អំពី​លោក ពូទីន ទៅនឹង​សេចក្តីថ្លែងការណ៍​ពីមុនៗ​របស់​លោក ត្រាំ គេសង្កេតឃើញ​ថា លោក ត្រាំ តែងតែបាន​សរសើរ​ប្រធានាធិបតី ពូទីន ថា​ជាមនុស្សឆ្លាត និងមានទេព​កោសល្យ។ លោក ត្រាំ ថែមទាំងធ្លាប់​បានបង្ហាញ​ការគាំទ្រ និងលើកទឹកចិត្ត​ឱ្យ​ប្រទេស​រុស្ស៊ី វាយប្រហារ​សមាជិក​អង្គការណាតូមួយណា​ដែលមិនបាន​ចូលរួម​បង់ថវិកា​ទៅក្នុងអង្គការ​សម្ព័ន្ធភាព​យោធាមួយនេះ​ទៀតផង។ 
 
តើ​លោក ពូទីន គាំទ្រ​ប្រធានាធិបតី​អាមេរិក​រូបណា​ឱ្យប្រាកដ? បើទោះបីជា​មានការរំពឹងទុក​ថា លោក ពូទីន អាចនឹងចូលចិត្ត​លោក ត្រាំ ក៏ដោយ ប៉ុន្តែ​លោកបាននិយាយ​ជាសាធារណៈហើយ​ថា លោកចូលចិត្ត​លោក បៃដិន ឱ្យបន្តដឹកនាំ​សហរដ្ឋអាមេរិក។ យ៉ាងណាមិញ ប្រសិនបើ​លោកពូទីន​ប្រកាស​គាំទ្រ​លោក ត្រាំ ដោយបើកចំហនោះ លោក បៃដិន ទំនងជានឹង​ទទួលបាន​ផលប្រយោជន៍​សម្រាប់​យុទ្ធនាការបោះឆ្នោត​នាពេលខាង​មុខនេះ។ 
 
មូលហេតុនោះ​គឺដោយសារតែ​ពលរដ្ឋ​អាមេរិក​នឹងចោទប្រកាន់​លោក ត្រាំ ថាបាន​បង្កើត​ទំនាក់ទំនងល្អ​ជាមួយ​រុស្ស៊ី ជាពិសេស​បានយល់ព្រម​ឱ្យ​រុស្ស៊ី​ឈ្លានពានទឹកដី​អ៊ុយក្រែន ដូច្នេះ​ការប្រកាស​គាំទ្រលោក ត្រាំ ជាសាធារណៈ នឹងមិនអំណោយផល​សម្រាប់​គណបក្ស​សាធារណរដ្ឋ​នោះទេ។ 
 
ប្រសិនបើលោក ត្រាំ ក្លាយជា​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២៤ នោះលោក​នឹងនៅតែ​ប្រឈមមុខនឹង​ការសាកសួរ​អំពីទំនាក់ទំនង​របស់​លោកជាមួយ​លោក ពូទីន និងប្រទេស​រុស្ស៊ី​ទាំងមូល។ យ៉ាងណាក៏ដោយ ឥឡូវនេះ​ក្រុមអ្នកគាំទ្រ​របស់​លោក ត្រាំ ទំនងជាអាចប្រើប្រាស់​ការអត្ថាធិប្បាយ​របស់​លោក ពូទីន ដើម្បីបង្វែរ​ការចោទប្រកាន់ថា​លោក ត្រាំ មានទំនាក់ទំនងល្អ​ជាមួយមេដឹកនាំ​វិមាន​ក្រឹមឡាំង៕

AFP