បាងកកៈ ថៃ​អាចនឹងដាក់​ពន្ធបន្ថែម (VAT) ទៅលើទំនិញ​ចិន​ដែលដឹកជញ្ជូន​ចូលទីផ្សារ​របស់ខ្លួន​តាមតំបន់​ពាណិជ្ជកម្ម​សេរី និងដែលមានតម្លៃ​​ថោកជាង​ផលិតផល​ក្នុងស្រុក ខណៈការហូរចូល​នៃទំនិញដ៏​សម្បូរបែប និងមានតម្លៃ​ធូរថ្លៃនេះ បានធ្វើឱ្យ​ក្រុមហ៊ុន​ក្នុងស្រុកមួយចំនួន​ធំបង្ហាញការព្រួយ​បារម្ភ​យ៉ាងខ្លាំង។ 

បើតាមប្រសាសន៍​របស់នាយក​រដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា កាលថ្ងៃទី១៥ ខែកុម្ភៈ បានឱ្យដឹង​ថា រដ្ឋាភិបាល​របស់លោក​កំពុងពិចារណា​លើការយកពន្ធបន្ថែម​លើមុខទំនិញ​ទាំងឡាយណា​ដែលមានតម្លៃ​ក្រោម ១៥០០ បាត (៤១ ដុល្លារ​អាមេរិក) និងជាទំនិញ​ដែលដឹកជញ្ជូន​ចូលទីផ្សារ​ថៃតាម​តំបន់ពាណិជ្ជកម្ម​សេរី។

លោក ស្រេតថា ក៏បានបន្ថែមផងដែរថា ទំនិញរបស់ចិនដែលមានតម្លៃថោកក៏កំពុងហូរចូលទៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ទាំងមូល តាមរយៈពាណិជ្ជកម្មតាមអេឡិចត្រូនិក (E-Commerce) ហើយមួយចំនួនគឺធ្វើដោយគេចពន្ធទៀតផង។


សម្រាប់ប្រទេសថៃ ទំនិញទាំងនោះបានធ្វើឱ្យខូចទីផ្សារក្នុងស្រុក ដោយរោងចក្រសហគ្រាសមិនអាចប្រកួតប្រជែងតម្លៃជាមួយបាន។ ផលិតផលទាំងនោះក៏មិនបានឆ្លងកាត់ការត្រួតពិនិត្យពីមន្ត្រីច្បាស់លាស់ ហើយជារឿយៗតែងរំលោភលើច្បាប់កម្មសិទ្ធិបញ្ញាផលិតផលក្នុងស្រុកទៀតផង។

ក្នុងរយៈពេលចុងក្រោយនេះ ប្រទេសថៃទទួលការហូរចូលនៃទំនិញថោកយ៉ាងជោរជន់ រហូតធ្វើឱ្យក្រុមហ៊ុន និងសហគ្រាសក្នុងស្រុកស្វែងរកអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី។


ថ្មីៗនេះផងដែរ នាយកដ្ឋានគយរបស់ថៃ បានហាមឃាត់ការនាំចូលផលិតផលខោរូបដំរី ដែលផលិតផលនេះ ជាផលិតផលក្នុងស្រុកដែលបានចុះបញ្ជីការរក្សាសិទ្ធិត្រឹមត្រូវ។ 

ជាមួយគ្នានេះ លោក Sanan Angubolkul ប្រធានសភាពាណិជ្ជកម្មថៃបាននិយាយថា ការនាំចូលទំនិញរបស់ចិនតម្លៃធូរថ្លៃបែបនេះ នឹងធ្វើឱ្យប៉ះពាល់ដល់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដោយសារអ្នកមានតម្រូវការមួយចំនួនធំបានបង្វែរទៅរកអ្វីដែលមានតម្លៃថោកជាង។

គួរបញ្ជាក់ថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសថៃក្នុងឆ្នាំ ២០២៣ ដែលមានទំហំពាណិជ្ជកម្មសរុបរហូតដល់ ១០៥ ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមក្រសួងពាណិជ្ជកម្មថៃ។

ប្រទេសថៃក៏បាននិងកំពុងបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសចិនដោយការធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងចិន និងអាស៊ាន រួមទាំងការពង្រីក FTA ខ្នាតតូចជាមួយខេត្តមួយចំនួនរបស់ចិន។ 

ដោយឡែក ទំនិញដែលប្រទេសថៃនាំចេញទៅកាន់ប្រទេសចិនរួមមាន ប្លាស្ទិក កៅស៊ូ កសិផល និង ម៉ាស៊ីនមួយចំនួនផងដែរ។ ពីប្រទេសចិនមកវិញ បាននាំចេញនូវផលិតផលរបស់ខ្លួនចូលប្រទេសថៃដូចជា ម៉ាស៊ីនធុនធំ លោហៈ និងផលិតផលគីមីមួយចំនួនទៀត៕