កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្មាំ ២០២៤ អាជ្ញាធរថៃបានចេញសេចក្ដីប្រកាសព្រមានពីការបំពុលខ្យល់នៅទីក្រុងបាងកក និងខេត្តមួយចំនួនដែលនៅជុំវិញទីក្រុង ដោយគុណភាពខ្យល់បានឈានដល់កម្រិតអាក្រក់មួយដែលអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។ អាជ្ញាធរថៃបានណែនាំឱ្យបុគ្គលិករដ្ឋាភិបាលក្នុងរាជធានីទាំងអស់ ធ្វើការពីផ្ទះរយៈពេល ២ ថ្ងៃសិន និងលើកទឹកចិត្តឱ្យបុគ្គលិកវិស័យឯកជនធ្វើតាមការណែនាំនេះផងដែរ។
គួរដឹងដែរថា ការបំពុលបរិយាកាសនៅទីក្រុងបាងកក បានបណ្តាលមកពីការដុតដំណាំនៅតាមវាលស្រែ និងចម្ការនៅជុំវិញទីក្រុង ក៏ដូចជាការបំភាយឧស្ម័នឧស្សាហកម្ម និងឧស្ម័នពុលដែលកើតចេញពីការធ្វើចរាចរណ៍ប្រចាំថ្ងៃ។ កត្តាទាំងអស់នេះបានបណ្តាលឱ្យមានផ្សែងអ័ព្ទគ្របដណ្តប់នៅលើផ្ទៃបរិយាកាសនៅទីក្រុងទាំងមូលតែម្ដង។
លោកនាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា ការដុតសំណល់ដំណាំជាមូលហេតុចម្បងនៃការកើនឡើងកម្រិតខ្យល់ពុល និងកខ្វក់។ លោកក៏បានលើកឡើងផងដែរថា ប្រហែលមួយភាគបួននៃការបំពុល បានកើតចេញពីយានយន្តធ្វើដំណើររបស់ប្រជាពលរដ្ឋ ប៉ុន្តែវាជាកត្តាដែលអាចគ្រប់គ្រងបាន។
យោងតាមគេហទំព័រតាមដានគុណភាពខ្យល់របស់ប្រទេសស្វ៊ីស ឈ្មោះថា IQAir បានបង្ហាញថា កម្រិតនៃភាគល្អិតដែលមនុស្សអាចដកដង្ហើមស្រូបចូលក្នុងខ្លួនស្ថិតនៅទីក្រុងបាងកក បានលើសពីកម្រិតដែលបានណែនាំរបស់អង្គការសុខភាពពិភពលោករហូតដល់ទៅ ១៥ ដង។ ដូច្នេះ វាបានធ្វើឱ្យទីក្រុងបាងកក ជាប់ចំណាត់ថ្នាក់ទី ៨ ក្នុងចំណោមទីក្រុងដែលមានការបំពុលបរិយាកាសខ្លាំងបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍។
អ្នករត់ម៉ូតូឌុបម្នាក់ឈ្មោះថា កនពង្ស ភពរ៉ាគុន (Kornpong Poprakun) អាយុ ៥៧ ឆ្នាំ បានសម្តែងការព្រួយបារម្ភដោយបញ្ជាក់ថា "វាមានស្ថានភាពកាន់តែអាក្រក់ទៅៗ ដោយសារតែផ្សែងអ័ព្ទច្រើនពេក។ ខ្ញុំរមាស់ភ្នែកដោយសារតែធូលីដី ហើយដកដង្ហើមពិបាកណាស់"។
ដើម្បីកាត់បន្ថយការបំពុលកើតចេញពីការធ្វើចរាចរណ៍ អភិបាលក្រុងបាងកក លោក ឆាដឆាត សិទ្ធិពន្ធ (Chadchart Sittipunt) បានណែនាំបុគ្គលិកទាំងអស់ដែលធ្វើការនៅទីភ្នាក់ងាររបស់រដ្ឋបាលក្រុង ឱ្យធ្វើការពីផ្ទះ ហើយគាត់បានលើកទឹកចិត្តដល់បុគ្គលិកវិស័យឯកជន និងផ្សេងទៀត ឱ្យធ្វើការពីផ្ទះដូចគ្នា។
លោកបានលើកឡើងថា បរិយាកាសនៅតំបន់ខ្លះនៃទីក្រុងមានកម្រិតពុលខ្ពស់ ហើយអាជ្ញាធរបានត្រៀមខ្លួនដើម្បីដោះស្រាយស្ថានការណ៍នេះហើយ។ រដ្ឋាភិបាលកំពុងផ្តល់ការឧបត្ថម្ភធនដល់កសិករ ដើម្បីលើកទឹកចិត្តកុំឱ្យមានការដុតសំណល់ដំណាំ និងផ្តល់ជាកញ្ចប់បញ្ចុះតម្លៃលើរថយន្តអគ្គិសនីផងដែរ។ សមាជិកសភាថៃក៏កំពុងពិភាក្សាផងដែរ អំពីការបង្កើតច្បាប់ការពារគុណភាពខ្យល់ឱ្យបានស្អាត ដែលអាចចូលរួមដោះស្រាយការបំពុលក្នុងវិស័យដឹកជញ្ជូន អាជីវកម្ម និងកសិកម្មបានកាន់តែទូលំទូលាយ។
លោក ស្រេតថា បានស្នើថា រដ្ឋាភិបាលគួរតែគិតអំពីការកំណត់ចំនួនយានជំនិះដែលប្រើឥន្ធនៈហ្វូស៊ីលនៅក្នុងទីក្រុងឱ្យបានជាក់លាក់ ដើម្បីកាត់បន្ថយការបំពុលក្នុងរយៈពេលវែង។ លោកក៏បានបញ្ជាក់ពីសារៈសំខាន់នៃគោលនយោបាយបង្កើនរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃដើម្បីរួមចំណែកដោះស្រាយបញ្ហានេះដូចគ្នា៕