ធនាគារពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ បាននិយាយថាក្រុមប្រឹក្សាប្រតិបត្តិរបស់ខ្លួនបានអនុម័តវិធីសាស្រ្តថ្មីមួយក្នុងការជួយអាហ្វហ្គានីស្ថានដែលនឹងដាក់ពង្រាយទឹកប្រាក់ចំនួន ៣០០ លានដុល្លារ ពីមូលនិធិសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារសម្រាប់ប្រទេសក្រីក្រ តាមរយៈទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងទៀត។
ធនាគារពិភពលោក បាននិយាយថា មូលនិធិនេះ ត្រូវតែស្ថិតនៅក្រៅការគ្រប់គ្រងរបស់ថ្នាក់ដឹកនាំតាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយនឹងបំពេញបន្ថែមការផ្តល់ហិរញ្ញប្បទានដល់ជំនួយ Afghanistan Resilience Trust Fund (ARTF) ក្នុងការគាំទ្រសេវាកម្មមូលដ្ឋានសំខាន់ៗ ដូចជាអាហារ ទឹក សុខភាព ការអប់រំ និងការងារ។
ការផ្លាស់ប្តូរនេះគឺជាលើកទី១ ហើយ ដែលមូលនិធិផ្ទាល់របស់ធនាគារពិភពលោកនឹងត្រូវបញ្ជូនទៅ
ប្រទេសអាហ្វហ្គានីស្ថានចាប់តាំងពីក្រុមតាលីបង់បានដណ្តើមអំណាចកាលពីខែសីហាឆ្នាំ ២០២១។ ចាប់តាំងពីពេលនោះមក ARTF បានបញ្ជូនជំនួយចំនួន ១,៥ពាន់លានដុល្លារតាមរយៈអង្គការដៃគូតែប៉ុណ្ណោះ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនអាហ្វហ្គានីស្ថានចំនួន ២៥ លាននាក់។
គួរជម្រាបថា មូលនិធិ IDA បញ្ចេញជំនួយឥតសំណង និងកម្ចីសម្បទានខ្ពស់ដល់ប្រទេសក្រីក្របំផុតរបស់ពិភពលោក ហើយធនធានរបស់វាត្រូវបានបំពេញឡើងវិញរៀងរាល់ពីរបីឆ្នាំ ម្តងដោយប្រទេសម្ចាស់ជំនួយ ជាមួយនឹងការបំពេញបន្ថែមបច្ចុប្បន្នចំនួន ៩៣ ពាន់លានដុល្លារ ដោយនឹងបញ្ចប់នៅឆ្នាំ ២០២៥។
ថ្មីៗនេះ ប្រធានធនាគារពិភពលោក លោក Ajay Banga ក៏បានអំពាវនាវឱ្យមានការបំពេញបន្ថែមដល់ IDA លើកក្រោយ ដើម្បីបង្កើតកំណត់ត្រាថ្មីមួយ ខណៈដែលតម្រូវការសម្រាប់មូលនិធិរបស់ខ្លួនកើនឡើង។
យ៉ាងណាសម្រាប់អាហ្វហ្គានីស្ថាន ធនាគារពិភពលោកបាននិយាយថា «វិធីសាស្រ្ត 3.0» ថ្មីរបស់ខ្លួនចំពោះប្រទេសនេះមានគោលបំណងផ្តល់នូវសេវាកម្មជាមូលដ្ឋានក្នុងកម្រិតមួយ រួមទាំងការគាំទ្រឱកាសការងារតាមរយៈមីក្រូហិរញ្ញវត្ថុនៃសកម្មភាពបង្កើតប្រាក់ចំណូល និងសម្របសម្រួលការចូលរួមពីសំណាក់វិស័យឯកជនក្នុងការផ្តល់ជំនួយ។
ធនាគារបាននិយាយថាខ្លួនកំពុងបន្តគោលការណ៍ ARTF ពីមុនរបស់ខ្លួនក្នុងការដាក់ស្ត្រីជាចំណុចកណ្តាលនៃគម្រោង ហើយធានាថាសកម្មភាពគម្រោងត្រូវបានអនុវត្តដោយស្ត្រី និងសម្រាប់ស្ត្រី។ ស្របពេលជាមួយគ្នានេះ សកម្មភាពរបស់ទីភ្នាក់ងារជំនួយអន្តរជាតិមួយចំនួនក៏មានបញ្ហាជាមួយគោលនយោបាយតាលីបង់ ដែលបដិសេធសិទ្ធិស្ត្រី ដូចជាក្នុងវិស័យអប់រំជាដើម។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់ធនាគារពិភពលោកបាននិយាយថា មូលនិធិដែលមានស្រាប់ចំនួន ៣០០ លានដុល្លារ និងនៅសេសសល់នឹងដំណើរការរហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥៕