តាំងតែ​ពី​ដើម​មក​ចិនដីគោក​តែង​ចាត់ទុកថា​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់ខ្លួន​បើទោះបីជា​តៃវ៉ាន់​ខ្លួនឯង​មិន​ព្រម​ចុះ​ញ៉ម​ជាមួយ​របប​កុម្មុយនីស្ត​ក៏ដោយ។ កន្លងមក​ប្រទេស​ណា​ដែលមាន​ទំនាក់ទំនង​ជាមួយ​ចិន​គឺ​ត្រូវតែ​គោរព​គោលការណ៍​ចិន​តែមួយ​ដោយ​មិន​ឱ្យមាន​ទំនាក់ទំនង​ផ្លូវការ​ណាមួយ​ជាមួយ​តៃវ៉ាន់​ឡើយ។


មិន​ត្រឹមតែ​ប៉ុណ្ណោះ​ចិន​ក៏​មិនដែល​ខ្វល់ខ្វាយ​ពី​ខ្សែបន្ទាត់​ដែល​ខណ្ឌ​ចែក​ដែនទឹក​រវាង​កោះ​តៃវ៉ាន់​និង​សមុទ្រ​ចិន​ខាងត្បូង​ដែរ។ម្ល៉ោះហើយជារឿយៗចិន​តែងតែ​ល្មើស​ឆ្លងកាត់​ខ្សែបន្ទាត់​ដែនទឹក​កោះ​តៃវ៉ាន់​ដោយ​មិនមាន​ការអនុញ្ញាត។

ដោយឡែក​នា​ថ្ងៃទី១៨ ខែកុម្ភៈ ចិន​រឹតតែ​ប្រកែក​មិន​ទទួលស្គាល់​កាន់តែខ្លាំង​ឡើង​ចំពោះ​ដែន​អធិបតេយ្យភាព​របស់​តៃវ៉ាន់។ភាពចម្រូងចម្រាស​នេះ​កើតឡើង​ក្រោយ​ទូក​នេសាទ​របស់​ចិន​មួយ​បាន​ចូលទៅ​នេសាទ​នៅក្បែរ​តំបន់ហាមឃាត់​របស់​តៃវ៉ាន់​កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ​ហើយ​បាន​ជួប​គ្រោះថ្នាក់​និង​ធ្វើឱ្យ​មនុស្ស ២នាក់​បាត់​បង់ជីវិត។


បើតាម​អាជ្ញាធរ​តៃវ៉ាន់​ទូក​នេសាទ​របស់​ចិន ១គ្រឿង​នោះបាន​ចូលទៅ​កៀក​ដែនទឹក​របស់​តៃវ៉ាន់​ដោយមាន​ចម្ងាយ​ប្រមាណ​តែ ១គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​កោះ​តៃវ៉ាន់។ក្នុងពេលនោះ​ទាហានជើងទឹក​របស់​តៃវ៉ាន់​បាន​ព្យាយាម​បញ្ឈប់​ទូក​នោះ​ដើម្បី​ត្រួតពិនិត្យ​ប៉ុន្តែ​ទូក​នេសាទ​បាន​ព្យាយាម​បើក​គេច​រហូត​ជួប​គ្រោះថ្នាក់។


នៅក្នុងពេល​នោះដែរ​មនុ​ស្ស​ចំនួន៤នាក់​ដែល​នៅលើ​ទូក​បាន​ធ្លាក់ចូល​ទៅក្នុង​ទឹក​ហើយ​ជា​លទ្ធផល​មនុស្ស ២នាក់​បាន​ស្លាប់បាត់​បង់ជីវិត។


ក្រោយ​ហេតុការណ៍​នេះ​ការិយាល័យ​កិច្ចការបរទេស​របស់​ចិន​នៅ​តៃវ៉ាន់​ចោទប្រកាន់​តៃវ៉ាន់​ថា​សកម្មភាព​តបត​រប​ស់​ទាហានជើងទឹក​តៃវ៉ាន់​ទៅលើ​ទូក​នេសាទ​របស់ខ្លួន​ជា​ដើមចម​ដែលនាំឱ្យ​កើតមាន​គ្រោះថ្នាក់​ហើយ​ចិន​ក៏បាន​ទាមទារ​ឱ្យមាន​ការស៊ើបអង្កេត​ប​ន្ត​លើ​ករណីនេះ​ផងដែរ។

ភាគី​ចិន ​បាន​បន្ថែមទៀតថា​ការនេសាទ​នៅ​ជុំវិញ​តំបន់​កោះ​តៃវ៉ាន់​នេះ ​ធ្វើឡើង​តាំងតែ​បុរាណកាល​មកម្ល៉េះ​ហើយ​គ្មាន​ឡើយ​តំបន់ហាមឃាត់​ឬ​ខ្សែបន្ទាត់​ព្រំដែន​របស់​តៃវ៉ាន់។

តៃវ៉ាន់​ឯណោះ​វិញ​បាន​ត្អូញត្អែរ​ពី​សកម្មភាព​របស់​ទូក​នេសាទ ​និង​កប៉ាល់​របស់​ចិន​ ដែល​ចេញចូល​ក្បែរ​តំបន់ហាមឃាត់​របស់ខ្លួន​ជាពិសេស​នៅ​តំបន់​កោះ​ Kinmen និង​កោះ Matsu ដែល​នៅក្បែរ​ចិនដីគោក​និង​មាន​ចម្ងាយ​ប្រមាណ​ជា២០គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​កោះ​តៃវ៉ាន់។

មិន​ត្រឹមតែ​ផ្លូវទឹក​ប៉ុណ្ណោះ​ទេថ្មីៗនេះ​តៃវ៉ាន់​ក៏​ទទួលរង​សម្ពាធ​ផ្លូវអាកាស​ដោយ​ចិន​បាន​បង្ហោះ​បា​ឡុង​របស់ខ្លួន​នៅ​ពីលើ​ដែន​កោះ​តៃវ៉ាន់ និង​ថែមទាំង​ទៅដល់​មូលដ្ឋាន​យោធា​តៃវ៉ាន់​ទៀតផង។

យ៉ាងណាក៏ដោយ​សម្រាប់​ចិន​គ្មានទេ​ពាក្យ​ថា​ដាច់ដោយឡែក​រវាង​ខ្លួន​និង​តៃវ៉ាន់​ដូច្នេះហើយអ្វីៗដែលជា​របស់​តៃវ៉ាន់​គឺ​ប្រៀបដូចជា​កម្មសិទ្ធិ​រប​ស់​ចិន​ទាំងមូល​ដែរ៕