​បន្ទាប់​ពីការ​ដាក់​ឱ្យ​ដំណើរ​ការ​ដឹកអ្នក​ដំណើរ​​​ជា​លក្ខណៈ​អាជីវកម្ម​​ក្នុង​ស្រុកជិត​​១ឆ្នាំរួចមក យន្តហោះ​​ផលិត​នៅ​ប្រទេស ចិន ​C919​ ផលិត​ដោយ​ក្រុមហ៊ុន Commercial Aircraft Corporation of China (COMAC) បាន​​ចាប់​ផ្តើម​ហោះហើរ​ទៅ​​ចូលរួម​​​ព្រឹត្តិការណ៍​​ក្រៅ​ប្រទេស​លើក​ដំបូង​នៅ​ថ្ងៃ​អាទិត្យ​ទី​១៨ ខែ​កុម្ភៈ ​២០២៤។​

យន្តហោះចិន C919 ​ដែល​​គេ​ដឹង​ថា ជា​យន្តហោះ​​​មានរាង​តូច​ច្រឡឹង​​ និង​ជា​គូប្រជែង​​ដ៏​ចម្បង​ចំពោះ​​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​​​ផលិត​យន្តហោះ Airbus​ របស់​អឺរ៉ុប និង Boeing របស់​​​​សហរដ្ឋ​អាមេរិក​ ក្នុង​វិស័យ​​​ផលិត​កម្ម​យន្តហោះបានធ្វើ​ដំណើរ​លើកដំបូង​របស់ខ្លួន​នៅ​ខាង​ក្រៅ​ទឹកដី​​របស់​​មហាយក្ស​ចិន ដោយបាន​ធ្វើការ​ហោះហើរ​​ទៅ​ចូលរួម​​ក្នុង​កម្មវិធី​​​ពិព័រណ៍ ​​​Singapore Airshow ​នៅ​សិង្ហបុរី​ កាលពី​ថ្ងៃអាទិត្យ។ យោងតាម​​ការ​ចុះ​ផ្សាយ​របស់​រ៉យទ័រ​។ 

ប្រទេស​ចិន​បាន​វិនិយោគ​យ៉ាងច្រើន​ក្នុងការ​ប៉ុនប៉ង​បំបែក​ការកាន់កាប់​រប​ស់​ក្រុមហ៊ុន​ផលិត​យន្តហោះ​លោកខាងលិច​​ទាំង២​ខាង​លើ​ គឺ Airbus​ របស់​អឺរ៉ុប និង Boeing របស់​​​​សហរដ្ឋ​អាមេរិក​ ដែលមាន​ឥទ្ធិពល​បំផុត​​​លើ​ទីផ្សារ​អ្នកដំណើរ​ពិភពលោក។


ប្រទេស​ចិន​បានបង្ហាញ​ពី​ការជំរុញ​នៅ​ឆ្នាំនេះ​ដើម្បី​​ធ្វើ​ឱ្យ​រីក​ចម្រើន​​ក្នុង​ការបោះ​ជំហាន​របស់ ​យន្តហោះ C919 និង​​ក្រុមហ៊ុន ​COMAC ក្នុងស្រុក និង​អន្តរជាតិ។ យន្តហោះ​ប្រភេទ​​នេះ​ត្រូវ​បាន​​បញ្ជាក់​​[​សុវត្ថិភាព​]តែ​នៅក្នុង​ប្រទេស​ចិន​ប៉ុណ្ណោះ ហើយ​យន្តហោះ C919s ដំបូងបង្អស់​ចំនួន៤គ្រឿង​​បាន​ចាប់​ផ្តើម​​ហោះហើរ​ជាមួយនឹង​ក្រុមហ៊ុន​អាកាសចរណ៍ China Eastern Airlines កាលពី​ឆ្នាំមុន។

ជាមួយនឹង​ក្រុមហ៊ុន Airbus និង Boeing តស៊ូ​ក្នុង​ការបង្កើន​ផលិតកម្ម និង​បំពេញតម្រូវការ​សម្រាប់​យន្តហោះ​ថ្មី ហើយ Boeing កំពុង​តស៊ូ​ជាមួយនឹង​វិបត្តិ​ជាច្រើន ឧស្សាហកម្ម​អាកាសចរណ៍​កំពុង​មើល​ពី​របៀប​ដែល COMAC កំណត់​ខ្លួន​វា​ថា​ជា​ជម្រើស​ដែល​អាច​សម្រេចបាន។


ក្រុមហ៊ុន COMAC នឹង​វិនិយោគ​រាប់សិប​ពាន់​លាន​យន់​ក្នុង​រយៈពេល ៣-៥​ឆ្នាំ​​ខាង​មុខ ដើម្បី​ពង្រីក​សមត្ថភាព​ផលិតយន្តហោះ C919។​ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ម​ន្ត្រី COMAC នៅក្នុង​ខែមករា។

អាជ្ញាធរ​អាកាសចរណ៍​របស់​ប្រទេស​ចិន ​បាន​និយាយ​កាលពី​ខែ​មុន​ថា នៅ​ឆ្នាំនេះ​ខ្លួននឹងបន្ត​ការបញ្ជាក់​សុពលភាព​របស់​ទីភ្នាក់ងារ​សុវត្ថិភាព​អាកាសចរណ៍​សហភាព​អឺរ៉ុប (EASA) សម្រាប់ C919 ជា​ដំណើរ​ការដែល​បានចាប់ផ្តើម​នៅ​ឆ្នាំ 2018 ។

យន្តហោះ C919 គឺជា​ផលិត​យន្តហោះ​ពាណិជ្ជកម្ម​មួយ​ក្នុងចំណោម​យន្តហោះ​ពាណិជ្ជកម្ម​ ២​ គ្រឿង​ ដែល​ហោះហើរ​យន្តហោះ​របស់​ពួកគេ​ចេញពី​ឆ្នេរសមុទ្រ​នៃ​ប្រទេស​សិង្ហ​បុរី​ ជាមួយនឹង​ក្រុមហ៊ុន Airbus នៅមុន​កម្មវិធី​​ ដែល​គេ​រៀបចំ​ឡើង​សម្រាប់​​ថ្ងៃអាទិត្យ​​ ដែល​ជា​កម្មវិធី​អាកាស​ដ៏​ធំ​បំផុត​របស់​អាស៊ី។ ក្រុមហ៊ុន Boeing ​មិន​បាន​ចូល​រួម​តាំង​បង្ហាញ​យន្តហោះ​ពាណិជ្ជកម្ម​​របស់​ខ្លួន​​នៅ​ឆ្នាំនេះ​ទេ។

COMAC មាន​ផលិត​ផល​​​យន្តហោះ​​​​ដឹក​អ្នកដំណើរ​​ចំនួន ​២គ្រឿង​​ក្នុង​កម្មវិធី​នោះ​ គឺយន្តហោះ​ក្នុង​​តំបន់ ARJ21 និង​យន្តហោះ​ម៉ាស៊ីន​ភ្លោះ​ប្រភេទ​ C919 តួ​តូចច្រឡឹង​​ដែលមាន ​១៥៨-១៩២ កៅអី ដែល​ប្រកួតប្រជែង​ជាមួយ​ម៉ូ​ដែល Airbus A320neo និង Boeing 737 MAX 8ដែល​​មាន​ជាយូរ​មក​ហើយ​​។

យន្តហោះ C919 បានធ្វើការ​ហោះហើរ​លើក​ដំបូង​របស់ខ្លួន​នៅ​ខាងក្រៅ​ប្រទេស​ចិនដីគោក​ក្នុង​ខែធ្នូ​ទៅកាន់​ទីក្រុង​ហុងកុង។ ARJ21s ត្រូវបាន​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន TransNusa Air របស់​ប្រទេស​ឥណ្ឌូនេស៊ី។

មនុស្ស​ជាច្រើន​នៅក្នុង​ឧស្សាហ​កម្មនេះបាន​ប្រុងប្រយ័ត្ន​ថា​មានតែ C919 ចំនួន ​៤ ​គ្រឿង​ប៉ុណ្ណោះ​ដែល​​ផ្តល់​សេវា​ដឹក​អ្នក​ដំណើរ​​នៅក្នុង​ប្រទេស​ចិន ហើយ​យន្តហោះ​នេះ​ត្រូវបាន​បញ្ជាក់​ការ​ត្រួតពិនិត្យ​គុណភាព​និង​សុវត្ថិភាព​ដោយ​និយតករ​ចិន​តែប៉ុណ្ណោះ ហើយ C919 ពឹង​ផ្អែកលើ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​អន្តរជាតិ។

ទោះជា​យ៉ាងណាក៏ដោយ វិបត្តិ​ផ្គត់ផ្គង់​ដ៏​ទូលំ​ទូលាយ​​ទូទាំង​ឧស្សាហកម្ម​អាកាសចរណ៍ ដែល​កំពុង​សាកល្បង​ការ​ត្រឡប់​នៃ​ការ​ធ្វើដំណើរ​​​ពេញលេញ​ដែល​រំពឹងទុក និង​បន្ទាប់មក​កំណើន​នៃ​​សមត្ថភាព​ស៊ីវិល​នៅ​អាស៊ី កំពុង​ទាក់ទាញ​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត​របស់ COMAC ។

លោក Adam Cowburnនៃ​ក្រុមហ៊ុនប្រឹក្សា​យោបល់ Alton Aviation Consultancy បាន​និយាយថា៖«យើង​ក៏បាន​ឃើញ​និន្នាការ​កើនឡើង​ផងដែរ ដែល​អតិថិជន​កំពុង​រួមបញ្ចូល​ជម្រើស C919 ក្នុងការ​វាយតម្លៃ​កង​នាវា​របស់​ពួកគេ»​។

យន្តហោះ C919 ចំនួន​ ២​គ្រឿង​ត្រូវបាន​ចែកចាយ​នៅ​ឆ្នាំ២០២៣​។ ទីប្រឹក្សា​អាកាសចរណ៍ IBA ព្យាករ​ថា យន្តហោះ​នេះ​អាច​នឹង​​មាន​លើ​ទីផ្សារ​ហោះហើរ ចំនួន​៧ទៅ​១០គ្រឿង​អាច​ត្រូវបាន​ចែកចាយ​នៅ​ឆ្នាំ២០២៤​៕​