ហ្វីលីពីន​កាលពី​ថ្ងៃទី ១៧ ខែកុម្ភៈ​បាន​ចោទប្រកាន់​កប៉ាល់​ឆ្មាំ​សមុទ្រ​ចិន​ថា ​បាន​បង្ក​សកម្មភាព «គ្រោះថ្នាក់» បន្ទាប់ពី​ពួកគេ​បាន​រារាំង​ម្តង​ហើយ​ម្តងទៀត នាវា​ហ្វីលីពីន​ដែល​កំពុង​ផ្គត់ផ្គង់​សម្ភារផ្សេងៗដល់​អ្នកនេសាទ​នៅឯ​ថ្ម​ប៉ប្រះ​ទឹក​មួយ​នៅ​ឆ្នេរសមុទ្រ​នៃ​តំបន់​អាស៊ីអាគ្នេយ៍។

ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​នៅ​ជិត​ឆ្នេរ Scarborough Shoal ដែល​គ្រប់គ្រង​ដោយ​ប្រទេស​ចិន​កាលពី​ថ្ងៃទី ១៥ និង ១៦ ខែកុម្ភៈ ​ពោលគឺ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ឆ្មាំ​សមុទ្រ​ហ្វីលីពីន​បានធ្វើការ​ចោទប្រកាន់​ស្រដៀង​គ្នា​លើ​ទូក​ចិន​នៅក្នុង​តំបន់​ដូចគ្នា។

Scarborough Shoal ដែលមាន​រាង​ត្រីកោណ​នៃ​ថ្ម​ប៉ប្រះ​ទឹក​ និង​ថ្ម​ស្ថិតនៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​ជម្លោះ​ គឺជា​ចំណុចក្តៅ​រវាង​ប្រទេស​ទាំង២នេះ​ចាប់តាំងពី​ប្រទេស​ចិន​បាន​ដណ្តើមយក​ពី​ហ្វីលីពីន​ក្នុង​ឆ្នាំ ២០១២ នោះ។


ចាប់តាំងពី​ពេលនោះ​មក​ទីក្រុង​ប៉េកាំង​បានដាក់​ពង្រាយ​កប៉ាល់​ល្បាត​ដែល​ទីក្រុង​ម៉ានីល​និយាយថា​តែងតែ​យាយី​កប៉ាល់​ហ្វីលីពីន​និង​រារាំង​អ្នកនេសាទ​ហ្វីលីពីន​មិនឱ្យ​ទៅដល់​បឹង​ដែលមាន​ត្រី​ច្រើន។

នៅក្នុង​ឧប្បត្តិហេតុ​ចុង​ក្រោយនេះ​កប៉ាល់​កងទ័ពជើងទឹក​ចិន​នាវា​ឆ្មាំ​សមុទ្រ​ចិន​និង​កប៉ាល់​ចិន ផ្សេងទៀត​បាន​ប្រដេញ​កប៉ាល់​ហ្វីលីពីន Datu Tamblot ដែលជា​កម្មសិទ្ធិ​របស់​ការិយាល័យ​ជលផល​និង​ធនធាន​ជលផល​ដែល​កំពុង​យក​ស្បៀងអាហារ​និង​ប្រេងឥន្ធនៈ​ទៅឱ្យ​អ្នកនេសាទ​ហ្វីលីពីន​ដើម្បី​អនុញ្ញាតឱ្យ​ពួកគេ​ចំណាយពេល​ច្រើនជាង​មុន​នៅ​សមុទ្រ​និង​បន្ត​ចាប់​ត្រី​ធំ។


នៅលើ​កប៉ាល់ Datu Tamblot មាន​វត្តមាន​អ្នកឆ្លើយឆ្លង​ព័ត៌មាន AFP និង​អ្នកកាសែត​មកពី​ស្ថាប័ន​ក្នុងស្រុក​ជាច្រើន​ដែល​បានធ្វើ​ដំណើរ​ជុំគ្នា​រយៈពេល ៣ថ្ងៃ។កប៉ាល់ Datu Tamblot និង​នាវា​ឆ្មាំ​ឆ្នេរសមុទ្រ​ចិន​បាន​ប្រឈមមុខ​ដាក់គ្នា​តាម​វិទ្យុ​ម្តង​ហើយ​ម្តងទៀត​ទៅវិញទៅមក​ដោយ​ភាគីនីមួយៗបាន​ចោទប្រកាន់​ភាគី​ម្ខាង​ទៀតថា​បាន​ទន្ទ្រាន​ចូលទៅក្នុង​ដែនទឹក​របស់​ពួកគេរៀងៗខ្លួន។

កប៉ាល់​ឆ្មាំ​ឆ្នេរសមុទ្រ​ចិន​បាន​រារាំង​នាវា Datu Tamblot ចំនួន ៤ លើក​ដោយ​បើក​កាត់​ពីមុខ​កប៉ាល់​ហើយ​បញ្ឈប់​នៅលើ​ផ្លូវ​នៅ​ជិត​ច្រាំងទន្លេ​មួយ។ លោក Jay Tarriela មេបញ្ជាការ​ឆ្មាំ​សមុទ្រ​ហ្វីលីពីន​បាន​ប្រាប់​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​ម៉ានីល​ថា «វា​មិន​សមរម្យ​ទេ​ដែល​នាវា​ណាមួយ​ឆ្លងកាត់​មុខ​នៃ​នាវា​ផ្សេងទៀត​ទេ​ព្រោះ​វា​មាន​គ្រោះថ្នាក់​ខ្លាំងណាស់»។

ចំណែក​លោក Commodore Tarriela ដែលជា​អ្នកនាំពាក្យ​ឆ្មាំ​ឆ្នេរសមុទ្រ​សម្រាប់​សមុទ្រ​ហ្វីលីពីន​ខាងលិច​បាន​និយាយថា​សកម្មភាព​បែបនេះហើយ​ដែល​អាច​បណ្តាលឱ្យ​មានកា​រ​ប៉ះទង្គិច​គ្នា។

លោក Commodore Tarriela បាន​និយាយថា​ទោះបី​ជាមាន​សកម្មភាព​រា​រាំង​របស់​ចិន​ក៏ដោយ​នាវា Datu Tamblot អាច​ចូល​បាន​ក្នុង​ចម្ងាយ ២-៣គីឡូម៉ែត្រ​ពី​ច្រាំងទន្លេ​ហើយ​បាន​ចែកចាយ​ប្រេងម៉ាស៊ូត២១០០០លីត្រ​និង​ផ្គត់ផ្គង់​សម្ភារផ្សេងៗទៀត​ដល់​ទូក​នេសាទ​ហ្វីលីពីន​ចំនួន១៩គ្រឿង។

Scarborough Shoal ស្ថិតនៅ​ចម្ងាយ ២៤០ គីឡូម៉ែត្រ​ពី​ភាគ​ខាងលិច​នៃ​កោះ Luzon របស់​ប្រទេស​ហ្វីលីពីន​ និង ៩០០ គីឡូម៉ែត្រ​ពី​ដែនដី​នៅ​ជិត​បំផុត​របស់​ចិន ​គឺ​ខេត្ត Hainan៕