មន្ត្រី​គយ​ក្រុង​​ហុងកុង​ បាន​ចាប់​ខ្លួន​មនុស្ស​ ៧ ​នាក់​ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​លាង​លុយ​កខ្វក់​ ១,៨ ពាន់​លាន​ដុល្លារ​ ​ដោយ​មួយ​ចំនួន​ក្នុង​នោះ​​ពាក់​ព័ន្ធ​នឹង​ករ​ណី​ឆបោក​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP។ ​ 

មន្ត្រី​គយ​បាន​និយាយ​កាល​ពី​ថ្ងៃ​ទី ១៦ ខែកុម្ភៈ​ថា​ ​មនុស្ស​ទាំង​ ៧​ នាក់ ​គឺ​ជា​ប្រជាជន​រស់​នៅ​ក្រុង​ហុងកុង​ ដែល​មាន​អាយុ​ចន្លោះ​ពី​ ២៣ ទៅ​ ៧៤ឆ្នាំ​។ ពួក​គេ​​​មាន​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​​​ក្រុម​មនុស្ស​អន្តរជាតិ​ដ៏​ធំ​មួយ​ ដែល​បាន​ប្រើ​ប្រាស់​ក្រុម​ហ៊ុន​មាន​តែ​សម្បក​​ (Shell Company)​​ និង​​គណនី​​ធនាគារ​​ផ្សេង​​​ៗ​​ ដើម្បី​ផ្ទេរ​ប្រាក់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ពី​បរទេស​ទៅ​កាន់​ទីក្រុង​ហុងកុង​ ​ដោយ​ក្លែង​ខ្លួន​ធ្វើ​ «​អាជីវកម្ម​ពាណិជ្ជកម្ម​អន្តរជាតិ​»។ ​​​មាន​គណនី​ធនាគារ​​មួយ​ ដែល​ទទួល​បាន​ប្រាក់​រហូត​ដល់​ ១២,៨ លាន​ដុល្លារ​ ក្នុង​ ១​ថ្ងៃ​។  ​ 

ប្រធាន​ការិយាល័យ​ស៊ើប​អង្កេត​ហិរញ្ញ​វត្ថុ​គយ​​ហុងកុង លោក​ស្រី​ Ip Tung-ching​ បាន​និយាយ​ថា​​ ទឹកប្រាក់ចំនួន ៣៧១លានដុល្លារ នៃចំនួនសរុប ១,៨ ប៊ីលានដុល្លារ ​ដែល​ជាប់​ការ​​សង្ស័យ​ថា​​ពាក់​ព័ន្ធ​នឹង​ករណី​ឆបោក​​តាម​កម្ម​វិធី​ទូរស័ព្ទ​ក្នុង​ប្រទេស​ឥណ្ឌា​។ លោក​ស្រី​មិន​បាន​បញ្ជាក់​​ពី​ឈ្មោះ​កម្មវិធី​​​ទូរស័ព្ទ​ណា​មួយ​ ដែល​ឧក្រិដ្ឋ​ជន​ប្រើ​ដើម្បី​ឆបោក​នោះ​ទេ​។


មន្រ្តី​គយ​ដដែល​ បាន​បន្ត​ថា​ ​អាជ្ញាធរ​ហុងកុង​ជឿ​ថា​ក្រុម​នេះ​ បាន​ទទួល​ការ​ផ្ទេរ​ប្រាក់​ពី​ប្រទេស​ឥណ្ឌា​​ដោយ​បន្លំ​ខ្លួន​ថា​​​​នាំ​ចេញ​ឧបករណ៍​អេឡិចត្រូនិក​ ពេជ្រ ​ត្បូង​ និង​លោហធាតុ​ដ៏​មាន​តម្លៃ​។​ បន្ទាប់​មក​ ប្រាក់​ត្រូវ​បាន​ផ្ទេរ​ទៅ​គណនី​ធនាគារ​នៅ​ហុងកុង​ សម្រាប់​ការ​លាង​លុយ​កខ្វក់​។​ ​

លោក​ស្រី​​​បន្ថែម​ថា​​​៖​«​អំពើ​​លាង​​លុយ​​កខ្វក់​​ទាំង​នេះ​​ ផ្តល់​​ឆត្រ​​ការពារ​​សម្រាប់​​ប្រាក់​​ចំណេញ​​ខុស​​ច្បាប់​​របស់​​ឧក្រិដ្ឋជន​»​។


លោក​ស្រី​ Ip​បាន​និយាយ​ថា​​មន្រ្តី​​អនុវត្តន៍​ច្បាប់​នៅ​ក្នុង​ទីក្រុង​ហុងកុង​ ឥណ្ឌា ​និង​កន្លែង​ផ្សេង​ទៀត​ បាន​សហការ​គ្នា​ក្នុង​​​ប្រតិបត្តិការបង្រ្កាប​​នេះ​។ ​

ចំណែក​ឯ​​មេ​បញ្ជាការ​កង​ពល​ធំ​នៃការិយាល័យ​ស៊ើប​អង្កេត​ហិរញ្ញ​វត្ថុ​គយ​​ហុងកុង លោកស្រី ​​Yu Yiu-wing វិញ​ បាន​និយាយ​ថា​​ក្រុម​មន្រ្តី​បាន​ផ្លាស់​ប្តូរ​ការ​ស៊ើបការណ៍​សម្ងាត់​ជាមួយ​អាជ្ញាធរ​ឥណ្ឌា​ ហើយ​បាន​រក​ឃើញ​ថា​ លុយ​មួយ​ចំនួន​បាន​មក​ពី​ក្រុមហ៊ុន​គ្រឿង​អលង្ការ​​២​ ដែល​អាជ្ញាធរ​ឥណ្ឌា​បាន​និយាយ​ថា​ មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ការ​ឆបោក​។​ 

លោក​ស្រី​​​បង្ហើប​ថា​ ជន​សង្ស័យ​អាយុ​ ៣៤ ឆ្នាំ​ម្នាក់​ ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ចុង​ខែ​មករា​រង​ការ​ស​ង្ស័យ​ថា​ជា​មេខ្លោង​របស់​ក្រុម​​ឧក្រិដ្ឋកម្ម​នេះ​។

ខណៈ​ព័ត៌មាន​លម្អិត​ស្ដី​ពី​ជន​សង្ស័យ​មិន​ត្រូវ​បាន​បង្ហាញជា​សាធារណៈទេ អាជ្ញាធរ​កំពុង​ដំណើរ​ការ​ការ​ស៊ើប​អង្កេត​បន្ត​។ វា​គឺ​ជា​សុំ​ណុំ​រឿង​លាង​លុយ​កខ្វក់​ដ៏​ធំ​បំផុត​នៅ​ហុង​កុង​។ កាល​ពី​ខែ​មករា ឆ្នាំ​មុន​ អាជ្ញាធរ​ហុងកុង​ បាន​ចាប់​ខ្លួន​មនុស្ស​ ៩នាក់​ ពាក់​ព័ន្ធ​នឹង​ករណី​លាង​លុយ​កខ្វក់​សរុប​ជា​ទឹក​ប្រាក់​ប្រមាណ​ ៧៦៧លាន​ដុល្លារ​៕