​លក្ខណៈ​ប្រវត្តិសាស្ត្រ អឺរ៉ុប​ជាពិសេស​មហាអំណាច​អឺរ៉ុប​និង​សហរដ្ឋ​រដ្ឋ​អាមេរិក គឺជា​ដៃគូ​គ្រប់​កាលៈទេសៈ តែងតែ​ចោទប្រកាន់​ចិន​និង​ព្យាយាម​ធ្វើ​រឿង​ដែល​ប៉ះពាល់​ដល់​ចិន ទាំង​ផ្នែក​សន្តិ​សុខ ទំនាក់ទំនង​ការទូត និង​ពាណិជ្ជកម្ម​ជាដើម ដោយ​ចិន​តែង​បង្ហាញ​ជំហរ​គាំទ្រ​រុស្ស៊ី​ដែល​ធ្វើសង្គ្រាម​ឈ្លានពាន​អ៊ុយ​ក្រែ​ន ប៉ុន្តែ​ភាគី​ចិន​តែងតែ​ជំទាស់​ការដាក់​សម្ពាធ​ពី​ពួក​បស្ចិមប្រទេស​។​

​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី (Wang Yi)​ កាលពី​ថ្ងៃទី​​ ១៧​​ ខែកុម្ភៈ ក្នុង​សុន្ទរកថា​មួយ​នៅឯ​សន្និសីទ​សន្តិសុខ​ទីក្រុង មុយ​និ​ច ប្រទេស​អាល្លឺម៉ង់  ​បាន​ព្រមាន​លោកខាងលិច​ថា ពួកគេ​នឹង​បង្កើត​កំហុស​ជា​ប្រវត្តិសាស្ត្រ ប្រសិនបើ​ពួកគេ​ស្វែងរក​ការ​ផ្តាច់ខ្លួន​ពី​ប្រទេស​ចិន​ជុំវិញ​ទំនាក់​ទំនង​ផលប្រយោជន៍​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​។​

​លោក វ៉ាង បាន​ថ្លែង​ដូច្នេះ​ថា​៖«​នរណា​ដែល​ព្យាយាម​កាត់បន្ថយ​ឥទ្ធិពលរ​បស់​ចិន ក្នុង​រូបភាព​កាត់បន្ថយ​ហានិភ័យ​នោះ​នឹង​ធ្វើឱ្យ​ពួកគេ​មាន​កំហុស​ជា​ប្រវត្តិសាស្ត្រ​»​។​


​ការអត្ថាធិប្បាយ​របស់​រដ្ឋ​មន្ត្រី​ការបរទេស​ចិន កើតឡើង​ក្រោយ​ពេលដែល​មានការ​អំពាវនាវ​កាលពី​ឆ្នាំមុន​ពី​សំណាក់​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ដើម្បីឱ្យ​កាត់បន្ថយ​ការ​​ពឹងផ្អែក​របស់​ពួកគេ​លើ​ចិន​។​

​ស្របពេល​ជាមួយគ្នានេះ ក្នុងជំនួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក អាន់​តូ​នី ប្ល៊ី​ន​កែន​ (Antony Blinken) ក្នុង​សន្និសីទ​កាលពី​ថ្ងៃ​សុក្រ រដ្ឋមន្ត្រីការបរទេស​ចិន​ក៏បាន​សង្កត់ធ្ងន់ថា​៖«​ការជំរុញឱ្យ​មានការ​កាត់បន្ថយ​ហានិភ័យ ទៅជា​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ចិន និង​ការស្វែងរក​ការ​កាត់​​ផ្តាច់ខ្លួន​ពី​ប្រទេស​ចិន នឹងធ្វើ​ឱ្យមាន​ប្រតិកម្ម​លើ​សហរដ្ឋ​អាមេរិក​ខ្លួនឯង​តែប៉ុណ្ណោះ​»​។​


​ចំណែក​គណៈកម្មការ​អឺរ៉ុប​កាលពី​ខែ​មុន​បានកំណត់​ផែន​ការ​ដើម្បី​ជំរុញ​សន្តិសុខ​សេដ្ឋកិច្ច​របស់​សហភាព​អឺរ៉ុប​តាមរយៈ​ការត្រួតពិនិត្យ​យ៉ាង​ដិតដល់​នៃ​ការវិនិយោគ​បរទេស និង​ការ​​ត្រួតពិនិត្យ​ការសម្របសម្រួល​បន្ថែម​ទៀត​លើ​ការនាំចេញ និង​លំហូរ​ចេញ​នៃ​បច្ចេកវិទ្យា​ទៅកាន់​គូប្រជែង​ដូចជា​ប្រទេស​ចិន​ដែល​បាន​បង្កើន​ការ​ព្រួយ​​បារម្ភ​ពី​សភាពាណិជ្ជកម្ម​ចិន​ដល់​សហភាព​អឺរ៉ុប​។​

​ផែនការ​ដែល​បាន​ដាក់ចេញ​បញ្ជាក់​ពី «​ការបន្ថយ​ហានិភ័យ​» ជា​គោលនយោបាយ​របស់​អឺរ៉ុប​ក្នុងការ​កាត់បន្ថយ​ការពឹងផ្អែក​ផ្នែក​សេដ្ឋកិច្ច​លើ​ប្រទេស​ចិន ដោយសារ​សហភាព​អឺរ៉ុប មានការ​សង្ស័យ​រវាង​ទំនាក់ទំនង​ជិតស្និទ្ធ​របស់​ចិន​ជាមួយ​រុស្ស៊ី​ដែល​ឈ្លានពាន់​អ៊ុយ​ក្រែ​ន​៕