​មនុស្ស​ជាង ៤០០​ នាក់ ត្រូវបាន​អាជ្ញាធរ​រុស្ស៊ី​ចាប់ឃុំខ្លួន​នៅក្នុង​ទីក្រុង​ចំនួន​ ៣២ ទូទាំងប្រទេស​រុស្ស៊ី ចំពោះ​ការជួបប្រជុំគ្នា​ផ្សេងៗ ក្រោយ​ការ​ស្លាប់​របស់លោក អា​ឡិច​ហ្ស៊ី ណា​វ៉ាល់​នី ​(Alexei Navalny) ដែលជា​គូ​ប្រជែង​នយោបាយ​ប្រឆាំង​ដ៏​ធំ​បំផុត​របស់លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀរ ពូ​ទីន​។ នេះ​បើតាម​ការរាយការណ៍រ​បស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ ដែល​ស្រង់​ទិន្នន័យ​ពី​ក្រុម​សិទ្ធិមនុស្ស OVD-Info​។​

​ការចាប់ខ្លួន​នេះ ធ្វើឡើង​នៅពេលដែល​ប្រជាជន​រុស្ស៊ី បាន​ប្រមូល​ផ្ដុំគ្នា ជាពិសេស​សម្រាប់​ការគោរព​វិញ្ញាណ​​ក្ខ​ន្ធ​លោក ណា​វ៉ាល់​នី ដែល​បាន​ដួលសន្លប់ ហើយ​ស្លាប់​នៅក្នុង​គុក​នៅ​តំបន់​អាក់​ទិ​ក​កាលពី​ថ្ងៃ​សុក្រ​។

គេ​មើលឃើញថា វា​គឺជា​រលក​នៃ​ការចាប់ខ្លួន​មនុស្ស​ក្នុង​ព្រឹត្តិការណ៍​នយោបាយ​ដ៏​ធំ​បំផុត​នៅ​រុស្ស៊ី រាប់​តាំងពី​ខែកញ្ញា ឆ្នាំ ​២០២២ ដែល​រុស្ស៊ី​បាន​ចាប់ខ្លួន​មនុស្ស​ជាង ​១ ៣០០​ នាក់ ចំពោះ​ការធ្វើ​បាតុកម្ម​ប្រឆាំង​តវ៉ា​នឹង​ក្រឹត្យ​កេណ្ឌ​ទ័ព ដើម្បី​បម្រុង​កម្លាំង​ទុក​យកទៅ​ច្បាំង​នៅ​អ៊ុយ​ក្រែ​ន ដែល​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន សម្រេច​លើកទ័ព​ចូល​ឈ្លានពាន​កាលពីដើមឆ្នាំ​ ២០២២ ​ដដែល​នោះ​។


OVD-Info ដែលជា​ក្រុម​រាយការណ៍​អំពី​សេរីភាព​នៃ​ការប្រមូលផ្តុំ​នៅ​រុស្ស៊ីបានឱ្យដឹងថា ចំនួន​នៃ​ការចាប់ខ្លួន​ដ៏​ធំ​បំផុត​នាពេលនេះ បានធ្វើ​ឡើង​នៅ​ទីក្រុង​សេន​ពី​ធើរ​ស្ប៊ើ​ក និង​ទីក្រុង​ម៉ូស្គូ ដែល​ទីក្រុង​ទាំង​ ២​ នេះ​គឺជា​ក្រុង​ដែល​សម្បូរ​អ្នកគាំទ្រ​លោក ណា​វ៉ាល់​នី ច្រើន​បំផុត​។ គិត​ត្រឹម​ល្ងាច​ថ្ងៃ​សៅរ៍ មនុស្ស​ជាង ២០០ ​នាក់ ត្រូវបាន​ចាប់ខ្លួន​នៅ​ទីក្រុង​សេន​ពី​ធើរ​ស្ប៊ើ​ក​។​

​យ៉ាងណាមិញ គេ​មើលឃើញថា មិនមាន​ទីភ្នាក់ងារ ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ណាមួយ ដែល​រាយការណ៍​ពី​ការជួបប្រជុំគ្នា ឬ​អំពី​មនុស្ស​រាប់រយ​នាក់ ដែល​ជម្នះ​របាំង​អាជ្ញាធរ ដើម្បី​ដាក់​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក ណា​វ៉ាល់​នី ទូទាំងប្រទេស​រុស្ស៊ី​ទេ​។


​ការស្លាប់​របស់​មេ​ចលនា​ប្រឆាំង​នៅ​រុស្ស៊ី​នាពេលនេះ កើតឡើង​ចំពេល​ដែល​រុស្ស៊ី ត្រៀម​ការបោះឆ្នោត​ថ្នាក់ជាតិ​នា​ខែមីនា ខាងមុខ​។ ក្រុមប្រឆាំង និង​រដ្ឋាភិបាល​លោកខាងលិច បាន​ចោទប្រកាន់ថា រដ្ឋាភិបាល​រុស្ស៊ី​ គឺជា​អ្នក​សម្លាប់​លោក ណា​វ៉ាល់​នី​។ ប៉ុន្តែ វិមាន​ក្រឹម​ឡាំង​បាន​ច្រាន​ចោលការ​ចោទប្រកាន់​នេះ​យ៉ាង​ដាច់អហង្ការ ខណៈ​អាជ្ញាធរ​ព្រមាន​មិនឱ្យ​ពលរដ្ឋ​ខ្លួន​ចេញ​ធ្វើបាតុកម្ម​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​នេះ​។

​មុន​ការបោះឆ្នោត​ប្រធានាធិបតី ដែល​ត្រូវបាន​គេ​ដឹងថា លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ដែល​បាន​កាន់អំណាច់​តាំងពី ​២០០០ ​នោះ និង​បាន​ប្តូរ​វេន​ម្តង​ជាមួយ​អ្នក​ស្និទ្ធ​របស់គាត់ គឺ លោក ឌី​មី​ទ្រី ម៉េ​ដ​វ៉េ​ដេ​វ (Dmitry Medvedev)​ សម្រាប់​ការ​កាន់អំណាច​កំពូល​ ១​ អាណត្តិ​រយៈពេល​ ៤ ​ឆ្នាំ (២០០៨-២០១២) ហើយ​ក្រោយមក លោក ពូ​ទីន បន្តកាន់កាប់​អំណាច​កំពូល​នេះ​រហូតដល់​សព្វថ្ងៃ​។​

​មុន​បិទ​បញ្ជី​ឈ្មោះ​បេក្ខភាព​ប្រជែង​តំណែង​ប្រធានាធិបតី គណៈកម្មាធិការ​កណ្តាល​រៀបចំ​ការបោះឆ្នោត (CEC) បាន​លុបឈ្មោះ លោក Boris Nadezhdin ដែលជា​អ្នកប្រឆាំង ​ពូ​ទីន​៕