​រយៈពេល​ ១ ​ខែ ក្រោយ​លោក Andriy Yermak នាយសេនាធិការ​ចម្រុះ (chief of staff) របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បានប្រកាស​ពី​តួនាទី និង​ផែនការ​សន្តិភាព របស់​ចិន​ក្នុង​ដំណោះស្រាយ​អ៊ុយ​ក្រែ​ន​នៅ​ទីក្រុង​ដា​វ៉ូស ប្រទេស​ស្វ៊ី​ស រដ្ឋមន្ត្រី​ការ​​បរទេស​អ៊ុយ​ក្រែ​ន លោក Dmytro Kuleba បាន​ជួបពិភាក្សា​ជា​លើកដំបូង​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ចិន​ក្នុង​ដំណើរ​ទៅ​ចូលរួម​ប្រជុំ​សន្និសីទ​សន្តិសុខ​នៅ​អាល្លឺម៉ង់​នៅ​ថ្ងៃទី​ ១៧ កុម្ភៈនេះ​។​


​រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន​ដែល​ប្រទេស​របស់លោក​រង​ការបំផ្លាញ​ដោយ​សង្គ្រាម​ជាមួយ​រុស្ស៊ី បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា លោក​បាន​ពិភាក្សា​អំពី​អនាគត​នៃ​សន្តិភាព​ជាមួយ​សម​ភាគី​ចិន ដែលជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ដ៏​យូរអង្វែង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ទីក្រុង​ប៉េកាំង​។​

​លោក Kuleba បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម X ដែលជា​អតីត Twitter ថា​៖ «​ខ្ញុំ​បាន​ជួប​ជាមួយ​សម​ភាគី​ចិន​របស់ខ្ញុំ​គឺ​លោក វ៉ាង យី (Wang Yi) ដើម្បី​ពិភាក្សា​អំពី​ទំនាក់ទំនង​ទ្វេភាគី ពាណិជ្ជកម្ម និង​តម្រូវការ​ក្នុង​ការស្តារ​សន្តិភាព​ដ៏​ត្រឹម​​ត្រូវ និង​យូរអង្វែង​នៅ​អ៊ុយ​ក្រែ​ន​»​។​


​លោក Kuleba បាន​និយាយថា លោក​បាន​ពិភាក្សា​អំពី​ផែនការ​របស់​អ៊ុយ​ក្រែ​ន​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភព​លោក ដែល​ប្រទេស​ស្វ៊ី​សបាន​យល់ព្រម​ដើម្បី​ជួយ​ធ្វើ​ម្ចាស់ផ្ទះ​។


លោក​បាន​និយាយថា ភាគី​ទាំង​ ២ «​យល់ព្រម​លើ​តម្រូវការ​ដើម្បី​រក្សា​ទំនាក់ទំនង​អ៊ុយ​ក្រែ​ន​​ចិន​នៅ​គ្រប់​កម្រិត​ទាំងអស់ ហើយ​បន្ត​ការសន្ទនា​របស់​យើង​»​។ តាម​ការដកស្រង់​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​។​ ​ប្រទេស​ចិន​បាន​ចូលរួម​យ៉ាងហោចណាស់ ​១ ​លើក​សម្រាប់​កិច្ចប្រជុំ​រក​ដំណោះស្រាយ​លើ​បញ្ហា​វិបត្តិ​អ៊ុយ​ក្រែ​ន​។​


​កាលពី​ខួប​ ១ ​ឆ្នាំ​នៃ​សង្គ្រាម​អ៊ុយ​ក្រែ​ន​-រុស្ស៊ី ចិន​ធ្លាប់​បានប្រកាស​ចំហ​ដោយ​ស្នើ​នូវ​ផែនការ​សន្តិភាព ១២ ​ចំណុច ប៉ុន្តែ​ពេលនោះ​អ៊ុយ​ក្រែ​ន​ហាក់​មិន​ចាប់អារម្មណ៍​ចំពោះ​សំណើ​នោះទេ​ដោយសារ​ជំនួយ​ច្រើន​ពី​លោកខាងលិច​ផ្តោតលើ​អ៊ុយ​ក្រែ​ន​តែមួយ ខណៈ​សង្គ្រាម​មានតែ​មួយ​។​

​ប៉ុន្តែ​ពេលនេះ ខុសគ្នា​សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​បាន​ទាក់ទាញ​ការចាប់អារម្មណ៍ និង​ផ្តោត​ការយកចិត្តទុកដាក់ ធ្វើឱ្យ​ជំនួយ​ដល់​អ៊ុយ​ក្រែ​ន​ធ្លាក់ចុះ​យ៉ាងខ្លាំង ហើយ​អ៊ុយ​ក្រែ​ន​បាន​ងាក​មក​ស្វែងរក​ការពង្រឹង​ទំនាក់ទំនង​ជាមួយ​ទីក្រុង​ប៉េកាំង​។​

​ទីក្រុង​កៀវ​បានស្នើ​ផែនការ ១០ ​ចំណុច សម្រាប់​ការពិភាក្សា​សន្តិភាព​ជាមួយ​ភាគី​រុស្ស៊ី​ដែល​តែងតែ​បដិសេធ ហើយ​ពេលនេះ​មានបំណង​ឱ្យ​ចិន​ចូលរួម​ទទួលយក​ផែន​ការ​ ១០​ចំណុច​របស់​ទីក្រុង​កៀវ ដែល​ផ្តោតលើ​ការដក​កងទ័ព​រុស្ស៊ី​ចេញពី​ទឹកដី​ដែល​កាន់កាប់ ការស្ដារ​ឡើងវិញ​នូវ​ព្រំដែន​ក្រោយ​សូ​វៀត​ឆ្នាំ​ ១៩៩១ និង​ក្របខ័ណ្ឌ​មួយ​ដើម្បី​នាំយក​ទីក្រុង​ម៉ូស្គូ​អនុវត្ត​កាត​ព្វ​កិច្ច​ខ្លួន​។​

​ប៉ុន្តែ​ប្រទេស​ចិន ដែល​បាននិងកំពុង​ស្វែងរក ​«​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​» ជាមួយ​រុស្ស៊ី បានស្នើ​ផែនការ​សន្តិភាព​របស់​ខ្លួន​កាលពី​ឆ្នាំមុន ដោយ​មិនបាន​រាប់បញ្ចូល​ពី​ការដក​កងទ័ព​ចេញ​អ៊ុយ​ក្រែ​ន​ទេ ដោយ​ឱ្យ​គោរព​បូរណភាព​ទឹកដី ឱ្យមាន​បទ​ឈប់​បាញ់ ការចរចា និង​ការបញ្ចប់​ការដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​រុស្ស៊ី​។​

​យោង​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS ដែល​ចេញផ្សាយ​កាលពី​ខែតុលា ឆ្នាំ​ ២០២៣ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​គាំទ្រ​ចំពោះ​ផែនការ​ដំណោះស្រាយ​សម្រាប់​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​ដែល​ស្នើឡើង​ដោយ​ភាគី​ចិន​។ ទោះជា​បែបនេះ​ក៏ដោយ ភាគី​ជម្លោះ​ទាំង​ ២ ​មិនដែល​បាន​ជួបគ្នា​ផ្ទាល់​ដើម្បី​ពិភាក្សា​បញ្ចប់សង្គ្រាម​ចាប់តាំងពី​ខែមេសា ឆ្នាំ​ ២០២២៕