
រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី មេឡានី ចូលី (Melanie Joly)។ AFP
រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី មេឡានី ចូលី (Melanie Joly) បានថ្លែងកាលពីថ្ងៃអាទិត្យថា ប្រទេសចិនគួរតែដើរតួនាទី ក្នុងការរក្សាសមុទ្រក្រហមឱ្យមានសុវត្ថិភាព សម្រាប់ផ្លូវពាណិជ្ជកម្ម ពីព្រោះកប៉ាល់របស់ចិនក៏មានហានិភ័យនៅទីនោះផងដែរ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លោកស្រី ចូលី បាននិយាយក្នុងបទសម្ភាសជាមួយរ៉យទ័រថា លោកស្រីបានប្រាប់ទៅរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) ក្នុងកិច្ចប្រជុំទ្វេភាគីមួយកាលពីថ្ងៃសៅរ៍ថា ចិនត្រូវតែជួយប្រើប្រាស់ឥទ្ធិពលលើក្រុមហ៊ូធី ដើម្បីឱ្យសមុទ្រក្រហមបន្តបើកចំហដោយសុវត្ថិភាព។
រដ្ឋមន្ត្រីការបរទេសកាណាដា បានប្រាប់រ៉យទ័រក្នុងថ្ងៃចុងក្រោយនៃសន្និសីទសន្តិសុខទីក្រុងម៊ុយនិច ថា៖ «វាជាផលប្រយោជន៍របស់ប្រទេសចិន ក្នុងនាមជាអ្នកនាំចេញ»។
ក្រុមហ៊ូធីបានធ្វើការវាយប្រហារលើនាវាដឹកទំនិញតាមសមុទ្រក្រហមជាបន្តបន្ទាប់ ដោយអះអាងថា ដើម្បីជាការគាំទ្រដល់ប៉ាឡេស្ទីន ដែលកំពុងរងការវាយប្រហាររបស់អ៊ីស្រាអែល ក្រោយក្រុមហាម៉ាស់ឆ្លងព្រំដែនចូលវាយប្រហារអ៊ីស្រាអែល នាដើមខែតុលា ឆ្នាំមុន។ ការវាយប្រហារនេះ បានបង្កផលប៉ះពាល់ដល់ច្រកដឹកទំនិញដ៏សំខាន់ពីអាស៊ី ទៅអឺរ៉ុប ហើយនាវាដឹកទំនិញចិនជាច្រើនឆ្លងកាត់ច្រកមួយនេះ។
កន្លងមក សហរដ្ឋអាមេរិក និងអង់គ្លេស បានជំរុញឱ្យចិនធ្វើអន្តរាគមន៍តាមរយៈអ៊ីរ៉ង់ ដើម្បីទប់ទល់នឹងការវាយប្រហាររបស់ក្រុមហ៊ូធី ព្រោះអ៊ីរ៉ង់ជាអ្នកគាំទ្ររបស់ក្រុមសកម្មប្រយុទ្ធក្នុងប្រទេសយេម៉ែនមួយនេះ។
ចំណែកឯលោក វ៉ាង វិញ បាននិយាយក្រោយជំនួបកាលពីថ្ងៃសៅរ៍ជាមួយលោកស្រី ចូលីថា វាមានតម្រូវការដើម្បី «កសាងទំនុកចិត្តឡើងវិញ» ជាមួយកាណាដា បន្ទាប់ពីភាពតានតឹងផ្នែកការទូតជាច្រើនឆ្នាំរវាងប្រទេសទាំង២។
ទំនាក់ទំនងចិន-កាណាដា បានប្រែក្លាយជាជូរចត់ នៅចុងឆ្នាំ ២០១៨ ពេលប៉ូលិសកាណាដាបានឃាត់ខ្លួននាយកប្រតិបត្តិទូរគមនាគមន៍ចិនម្នាក់។ មិនយូរប៉ុន្មានបន្ទាប់ពីនោះ ទីក្រុងប៉េកាំងបានចាប់ខ្លួនជនជាតិកាណាដា២នាក់ ពីបទចារកម្ម។
ទំនាក់ទំនងរវាងប្រទេសទាំង២ នៅតែបន្តតានតឹងកាលពីឆ្នាំមុន ពេលសភាកាណាដាបានចោទប្រកាន់ចិនថាបានជ្រៀតជ្រែកក្នុងការបោះឆ្នោតរបស់ខ្លួនទោះបីចិនច្រានចោលម្ដងហើយម្ដងទៀត៕