រុស្ស៊ី​បាន​ចូល​គ្រប់គ្រង​ទីក្រុង​អាវ​ឌី​វ​កា (Avdiivka) របស់​អ៊ុយ​ក្រែ​ន​ទាំងស្រុង បន្ទាប់ពី​អ៊ុយ​ក្រែ​ន ​បាន​ដកទ័ព​ចេញ ​ប៉ុន្តែ​ទាហាន​អ៊ុយ​ក្រែ​ន​មួយចំនួន​ ដែល​នៅ​សេសសល់​បាន​បន្ត​តស៊ូ​ទប់ទល់​ជាមួយ​រុស្ស៊ី​ នៅ​តំបន់​រោងចក្រ​ផលិត​កូកាកូឡា​ដ៏​ធំ​មួយ​ក្នុងសម័យ​សហភាពសូវៀត ក្រោយពី​មានការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ។

ការចូល​កាន់កាប់​ទីក្រុង​នេះ គឺជា​ជោគជ័យ​ដ៏​សំខាន់បំផុត​របស់​រុស្ស៊ី គិត​ចាប់តាំងពី​ការដណ្តើមយក​ទីក្រុង​បា​កមូត (Bakhmut) បាន​ក្នុង​ខែឧសភា ឆ្នាំ២០២។ ការ​ដណ្ដើមបាន​ទីក្រុង​នេះ កើតឡើង​នៅពេលដែល​ជិត​ដល់​ខួប​គម្រប់ ២ ឆ្នាំ​ នៃ​ការសម្រេចចិត្ត​របស់​ប្រធានាធិបតី វ្ល៉ា​ឌី​មៀរ ពូ​ទីន​ក្នុង​ការចូល​ឈ្លានពាន​ទឹកដី​អ៊ុយ​ក្រែ​ន ​ទ្រង់ទ្រាយ​ធំ។

ក្រសួងការពារជាតិ​រុស្ស៊ី​បានប្រកាស​កាលពី​ថ្ងៃអាទិត្យ​ថា កងទ័ព​របស់ខ្លួន​បាន​ឆ្ពោះទៅមុខ​ចម្ងាយ ៨,៦ គីឡូម៉ែត្រ នៅតាម​បណ្តោយ​ព្រំដែន​សមរភូមិ​មុខ​ដែលមាន​ចម្ងាយ ​១០០០ ​គីឡូម៉ែត្រ។ បន្ទាប់ពី​ការប្រយុទ្ធ​គ្នា​ក្នុង​ទីក្រុង​យ៉ាង​សាហាវ ឥឡូវនេះ​ស្ថានភាព​ទីក្រុង​មួយ​នេះ​ស្ទើរតែ​ត្រូវបាន​បោះបង់ចោល និង​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ​កងកម្លាំង​រុស្ស៊ី​នៅតែ​បន្ត​រុលទៅមុខ។


លោកពូ​ទីន​បាន​អបអរសាទរ​ដែល​រុស្ស៊ី​ អាច​ចូល​គ្រប់គ្រង​ទីក្រុង អាវ​ឌី​វ​កា​បាន​ជោគជ័យ ដោយ​លើកឡើងថា វា​គឺជា​ជ័យជម្នះ​ដ៏​សំខាន់ និង​បាន​សរសើរ​ដល់​ការខិតខំ​របស់​កងទ័ព​រុស្ស៊ី។ ដោយឡែក អ៊ុយ​ក្រែ​ន​បាន​លើកឡើងថា បន្ទាប់ពី​បាន​តស៊ូ​ប្រយុទ្ធ​អស់​ជាច្រើន​ខែ​មក ខ្លួន​បានសម្រេច​ដក​ទាហាន​ចេញ ដើម្បី​មិនឱ្យ​ពួកគេ​ត្រូវ​កងទ័ព​រុស្ស៊ី​ឡោមព័ទ្ធ​បាន​ទាំងស្រុង។ 

ខណៈពេល​នេះ ទីក្រុង​ម៉ូស្គូ​ មានបំណង​ធ្វើឱ្យ​កងកម្លាំង​អ៊ុយ​ក្រែ​ន ​ចុះខ្សោយ រីឯ​ទីក្រុង​កៀវ (Kyiv) កំពុង​ពិចារណា​លើ​ការ​ចល័ត​ទ័ព​ដ៏​សំខាន់​មួយ។ គួរ​ដឹង​ដែរ​ថា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី (Volodymyr Zelenskyy) បានតែងតាំង​មេបញ្ជាការ​ទ័ព​ថ្មី​ដើម្បី​ដឹកនាំ​ធ្វើសង្គ្រាម​ជាមួយ​រុស្ស៊ី។


រុស្ស៊ី​បាន​អះអាងថា កងកម្លាំង​អ៊ុយ​ក្រែ​ន​មួយចំនួន​នៅតែ​បន្ត​ឈរជើង​នៅ​តំបន់​រោងចក្រ​ផលិត​កូកាកូឡា​កាលពី​សម័យ​សហភាពសូវៀត នៅ​ទីក្រុង​អាវ​ឌី​វ​កា។ ទីក្រុង​មួយ​នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់ សម្រាប់​រុស្ស៊ី​ដើម្បី​ឈានទៅរក​ការទទួលបាន​ការគ្រប់គ្រង​ពេញលេញ​ទៅលើ​តំបន់​ដូន​បាស (Donbas) ដែលជា​តំបន់ឧស្សាហកម្ម​ដ៏​សំខាន់។

អ្នកនាំពាក្យ​រុស្ស៊ី លោក កូ​ណា​សេន​កូវ (Konashenkov) បាន​និយាយថា ពួកគេ​កំពុងធ្វើការ​បោសសម្អាត​ពួក​សកម្មប្រយុទ្ធ​ចេញពី​ទីក្រុង​អាវ​ឌី​វ​កា និង​អង្គភាព​ទ័ព​មួយចំនួន​របស់​អ៊ុយ​ក្រែ​ន​នៅ​តំបន់​រោងចក្រ​កូកាកូឡា។ យោងតាម​ការចេញផ្សាយ​របស់​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី​បានបង្ហាញ​ឱ្យឃើញ​ទង់ជាតិ​អ៊ុយ​ក្រែ​ន​ត្រូវបាន​ជំនួស​ដោយ​ទង់ជាតិ​រុស្ស៊ី ប៉ុន្តែ​មិនទាន់មាន​ការឆ្លើយតប​ពី​អ៊ុយ​ក្រែ​ន​នៅឡើយ​ទេ​ជុំវិញ​បញ្ហា​នេះ។

គួររំឭកថា កាលពី​ខែកុម្ភៈ ឆ្នាំ២០២២ លោកពូ​ទីន​ បាន​បញ្ជូនទាហាន​រាប់ម៉ឺន​នាក់​ចូលទៅក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន ដែល​បង្ក​ឱ្យ​កើតមាន​ជា​សង្គ្រាម​ពេញលក្ខណៈ​តែម្ដង បន្ទាប់ពី​ភាគី​ទាំង២ មាន​ជម្លោះ​អស់​រយៈពេល ៨ ឆ្នាំ ​នៅ​តំបន់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន។

ទីក្រុង​អាវ​ឌី​វ​កា​បាន​ក្លាយជា​សមរភូមិ​ប្រយុទ្ធ​អស់​រយៈពេល ១ ទសវត្សរ៍​មកហើយ ហើយ​ទីក្រុង​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេស​រុស្ស៊ី ដើម្បី​ទទួលបាន​ការគ្រប់គ្រង​ពេញលេញ​លើ​តំបន់​ដូន​បាស។

ដោយឡែកការបាត់បង់​ទីក្រុង​អាវ​ឌី​វ​ កា​កំពុង​បង្ហាញ​ពី​ការ​ថមថយ​កម្លាំង​ដ៏​ធំ​របស់​អ៊ុយ​ក្រែ​ន ដែល​កំពុង​តស៊ូ​ទប់ទល់​ជាមួយ​កងកម្លាំង​រុស្ស៊ី ដោយសា​តែ​កង្វះ​គ្រាប់រំសេវ និង​កង្វះ​កម្លាំង​ទ័ព។ការ​វាយយក​ទីក្រុង​អាវ​ឌី​វ​កា​បាន​ជោគជ័យ​នឹង​ជំរុញ​ទឹកចិត្ត​រុស្ស៊ី​បន្ថែម ជាពិសេស​នៅ​ខណៈដែល​លោក ពូ​ទីន​នឹង​ឈរឈ្មោះ​បោះឆ្នោត​ឡើងវិញ​នៅ​ខែ​ក្រោយនេះ។

លើសពីនេះ វា​ក៏​ត្រូវបាន​ចាត់ទុកថា​ ជា​វឌ្ឍនភាព​ឆ្ពោះទៅរក​ការពង្រឹង​ការគ្រប់គ្រង​របស់​ទីក្រុង​ម៉ូស្គូ​ ទៅលើ​ទីក្រុង ដូ​ណេ​ត​ស្ក៍ (Donetsk) ស្ថិតនៅ​ចម្ងាយ​ប្រហែល ២០ គីឡូម៉ែត្រ​ នៅ​ភាគ​ខាងកើត ដែល​ត្រូវបាន​កាន់កាប់​ដោយ​កងកម្លាំង​រុស្ស៊ី​តាំងពី​ឆ្នាំ២០១៤៕