​សេចក្តីប្រកាស​របស់​​មន្ត្រី​តុលាការ​បានបង្ហាញ​ថា តុលាការ​រុស្ស៊ី​បាន​កាត់​ទោស​​​​​មនុស្ស​រាប់​សិប​នាក់​ដែល​ត្រូវបាន​ឃុំខ្លួន​ក្នុង​ព្រឹត្តិការណ៍​រំឭកដល់​អ្នក​រិះគន់​វិមាន​ក្រឹម​ឡាំង Alexei Navalny ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​ខ្លី ខណៈក្រុមប្រទេស​  G7 ដ៏​មានឥទ្ធិពល​​ទាមទារ​​ឱ្យរុស្ស៊ី​បញ្ជាក់​ឱ្យច្បាស់លាស់​ លើ​មរណភាព​ និង​​ជំរុញ​ឱ្យបញ្ឈប់​កា​រធ្វើទុក្ខបុកម្នេញ​អ្នក​ប្រឆាំង​ផ្នែក​នយោបាយ។​

​តាមសេចក្តីរាយការណ៍​របស់​​ AFP ​​ការ​កាត់​ទោស​នោះ​បាន​កើត​មាន​លើ​​​​មនុស្ស​ចំនួន ១៥៤​​ នាក់ ​នៅក្នុង​ទីក្រុង St Petersburg តែមួយ​។ ព័ត៌មាន​នោះ​ បាន​យោង​សេចក្តីលម្អិត​នៃ​សេចក្តីសម្រេច​របស់​តុលាការ​​​ដែល​​ចេញផ្សាយ​ដោយ​​​​ភ្នាក់ងារ​តុលាការ​​​​នៃ​ទីក្រុង St Petersburg ​​​មនុស្ស​ទាំង​ ១៥៤ ​នាក់​ត្រូវ​បាន​ចាប់ពី​ថ្ងៃទី១៧​ ដល់​ថ្ងៃទី១៨​ ខែកុម្ភៈ​ ត្រូវបាន​ផ្តន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​រហូតដល់ ១៤ ​ថ្ងៃ ចំពោះ​ការរំលោភ​លើ​ច្បាប់​ប្រឆាំង​ការតវ៉ា​ដ៏​តឹងរ៉ឹង​របស់​ប្រទេស​រុស្ស៊ី។

ក្រុម​​អ្នក​ឃ្លាំ​មើល​សិទ្ធិមនុស្ស និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​បាន​រាយការណ៍​អំពី​​ការកាត់ទោស​ស្រដៀង​គ្នា​មួយចំនួន​នៅក្នុង​ទីក្រុង​ផ្សេងៗ​ទៀត​នៅ​ទូទាំង​ប្រទេសរុស្ស៊ី។


អ្នក​រិះគន់​វិមាន​ក្រឹម​ឡាំង​អាយុ ៤៧ ​ឆ្នាំ​បាន​បាត់បង់​ជីវិត​​​នៅ​ថ្ងៃទី១៦ ​ខែ​កុម្ភៈ​ នៅ​ឯ​​ពន្ធ​នាគារ​​​​នៅ​តំបន់​​អាក់​ទិ​ក​ជា​កន្លែង​ដែល​គាត់​​ត្រូវបាន​ឃុំខ្លួន​ដោយ​បទ​ចោទប្រកាន់​ដែល​ត្រូវបាន​គេ​មើលឃើញ​យ៉ាង​ទូលំទូលាយ​ថា​ជាការ​សង​សឹក​​ចំពោះ​យុទ្ធនាការ​របស់គាត់​ប្រឆាំងនឹង​ប្រធានាធិបតី វ្ល៉ាឌីមៀ​រ​ ពូទីន( Vladimir Putin)។

ប៉ូលិស​​រុស្ស៊ី​កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​​ ​​បាន​ចាប់ខ្លួន​ជនជាតិ​រុស្ស៊ី​រាប់រយ​នាក់​​នៅក្នុង​ទីក្រុង​ជាច្រើន ​ដែល​បានមក​ដាក់កម្រងផ្កា និង​អុជ​ទៀន​បំភ្លឺ​​ក្នុង​ន័យ​ផ្តល់​ការ​គោរព​​និង​​កិត្តិយស​ដល់​លោក Alexei Navalny​ នៅឯ​ពិធី​រំឭក​ដល់​ជនរងគ្រោះ​នៃ​ការគាបសង្កត់​ក្នុងសម័យ​ស្តា​លីន។


បាតុកម្ម​ប្រឆាំង​វិមាន​ក្រឹម​ឡាំង ឬ​ការបង្ហាញ​ជា​សាធារណៈ​អំពី​ការប្រឆាំង​​នឹង​​របប​​នេះ គឺជាទង្វើ​ខុសច្បាប់​​ធ្ងន់ធ្ងរ​​​នៅក្នុង​ប្រទេស​រុស្ស៊ី ក្រោម​ការ​គ្រប់គ្រង​ត្រួតពិនិត្យ​ដោយ​យោធា​​ដ៏​​តឹងរ៉ឹង និង​ច្បាប់​ប្រឆាំងនឹង​ការប្រមូលផ្តុំ​ដែល​មិន​មាន​​ការយល់ព្រម​ពី​អាជ្ញាធរ​​ជា​​មុន​​។

ប៉ូលិស និង​ក្រុម​បុរស​ស្លៀក​សម្លៀកបំពាក់​ធម្មតា​បាន​ដើរល្បាត​នៅតាម​ទីក្រុង​ជាច្រើន​នៃ​ប្រទេស​រុស្ស៊ី ដែល​ប្រជាជន​បាន​ប្រមូល​ផ្តុំគ្នា​ដើម្បី​រំឭក​ដល់ Navalny កាលពី​ចុង​សប្តាហ៍។

​យោង​ទីភ្នាក់ងារ​ព័ត៌មាន​ក្យូដូ​របស់ជប៉ុន មុន​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​​​ការបរទេស​នៃ​ប្រទេស​ G7 នៅ​ឯ​​ទីក្រុង​​​មុយនិច​ប្រទេស​អាល្លឺម៉ង់​​​ កាល​ពី​ចុងសប្តាហ៍​កន្លង​ទៅ​ រដ្ឋ​មន្ត្រី​ក៏បាន​ស្មឹងស្មាធិ៍​​​ ដើម្បី​រំឭកដល់​​​​ លោក Navalny និង​បាន​ទាមទារ​​ឱ្យ​អាជ្ញា​ធរ​​​រុស្ស៊ី​​​ បញ្ជាក់​ឱ្យច្បាស់​លាស់​ពេញលេញពី​​​កាលៈទេសៈ​​នៃ​មរណភាព​របស់​លោក Navalny​ ក៏​ដូច​ជា​ជំរុញ​ឱ្យ​ទីក្រុង​ម៉ូស្គូ​​​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​​ដែលមិន​អាច​ទទួល​យក​បាន​មកលើក្រុម​អ្នក​​ប្រឆាំ​​ង​ផ្នែក​នយោបាយ​។​

លោក Alexei Navalny ជាប់​ឃុំ​ក្នុង​មន្ទីរឃុំឃាំង​មុន​ការ​ប្តូរទៅ​តំបន់​អាក់ទិក ហើយបាន​ស្លាប់​កាល​ពីថ្ងៃសុក្រ​កន្លងទៅ។

ដំណឹង​នៃ​ការស្លាប់​របស់លោក Navalny ដែល​បាន​កើតឡើង​ត្រឹមតែ​ ១ ខែ ​មុនពេល​លោក Putin ត្រូវបាន​កំណត់​ដើម្បី​ធានា​អាណត្តិ​រយៈពេល​ ៦​ ឆ្នាំ​ទៀត ​នៅក្នុង​វិមាន​ក្រឹម​ឡាំង បាន​បង្កឱ្យមាន​ការផ្ទុះ​ឡើង​នូវទុក្ខសោក និង​កំហឹង​ក្នុងចំណោម​អ្នកគាំទ្រ​របស់លោកណាវ៉ាល់នី ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស។

អាជ្ញាធរ​រុស្ស៊ី​ នៅតែ​មិនបាន​ផ្តល់ឱកាសឱ្យ​ម្តាយ​របស់លោក Navalny ឬ​មេធាវី​ចូលទៅ​មើល​សាកសព​របស់លោក​នៅ​ថ្ងៃ​ទី១៨​ ខែកុម្ភៈ​ដោយ​សារខឹងសម្បា​ចំពោះ​អ្នកគាំទ្រ​របស់​លោកណាវ៉ាល់នី ​​ដែល​​ពីមុន​បាន​ហៅ​រដ្ឋ​រុស្ស៊ី​ថា «ឃាតករ» ដែល​ព្យាយាម «បិទបាំង​ផ្លូវ​របស់​ពួកគេ»៕​