ក្រោយ​ការ​វាយឆ្មក់​របស់​អ៊ីស្រាអែល​ ទៅលើ​តំបន់​ហ្គា​ហ្សា​ ជា​បន្តបន្ទាប់​គិត​មកដល់​ថ្ងៃទី​១៨ ​ខែកុម្ភៈ​ មន្ទីរពេទ្យ​ធំ​ទី២ របស់​តំបន់​នេះ​បាន​ផ្អាក​ដំណើរការ​ទាំងស្រុង​ដោយសារ​អស់​ប្រេងឥន្ធនៈ។

បើតាម​មន្ត្រី​សុខាភិបាល​បច្ចុប្បន្ន​មន្ទីរពេទ្យ​នេះ ​ជាទី​តាំង​ដ៏​សំខាន់​មួយ ​សម្រាប់​ព្យាបាល​អ្នក​ដែល​រងរបួស​ពី​សង្គ្រាម​ប៉ុន្តែ​ពេលនេះ​មន្ទីរពេទ្យ​លែងមាន​ឥន្ធនៈ​ដើម្បី​ដំណើរការ​ព្យាបាល​ហើយក៏​មិនមាន​បុគ្គលិក​គ្រប់គ្រាន់​ដើម្បី​ព្យាបាល​ប្រជាជន​រងគ្រោះ​ទាំង​នោះដែរ។

មន្ត្រី​សុខាភិបាល​ដដែល​បានឱ្យដឹង​ទៀតថា៖«មន្ទីរពេទ្យ​ឈប់​ដំណើរការ​ទាំងស្រុង​ដោយពេល​នេះ​ មាន​បុគ្គលិក​ពេទ្យ​ត្រឹមតែ ៤ នាក់ ​និង​ក្រៅពីនោះ​មាន​ជំនួយការ​ចំនួន ២៥ នាក់​ប៉ុណ្ណោះ​ ដែល​នៅចាំ​មើលថែ​អ្នកជំងឺ​នៅក្នុង​មន្ទីរពេទ្យ»។


ការផ្គត់ផ្គង់​ទឹក​ចូលទៅក្នុង​មន្ទីរពេទ្យ​ក៏​ត្រូវបាន​កាត់ផ្ដាច់​ទាំងស្រុង​ចំនួន ៣ ថ្ងៃ ​មកហើយ​ដែរ ​ដោយសារតែ​មិនមាន​ម៉ាស៊ីនភ្លើង​ រីឯ​បន្ទប់សង្គ្រោះបន្ទាន់​ក៏ត្រូវ​បាន​ជន់​លិច​ដោយ​ទឹកស្អុយ​ផងដែរ។ បុគ្គលិក​ដែល​នៅ​សេសសល់​ទៀតសោត​ក៏​មិនអាច​ផ្ដោត​ការថែទាំ​ដោយ​យកចិត្តទុកដាក់​ចំពោះ​អ្នកជំងឺ​ឱ្យបាន​ដិតដល់​ដែរ។

ដោយសារតែ​កង្វះ​ឥន្ធនៈ​នោះ​មន្ទីរពេទ្យ​ក៏​ប្រឈម​នឹង​ការខ្វះខាត​អ៊ុក​ស៊ី​ហ្ស៊ែ​ន​ ដែលជា​លទ្ធផល​អ្នកជំងឺ​ចំនួន ៥ នាក់​បាន​បាត់​បង់ជីវិត។


ដោយឡែក​ការវាយប្រហារ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​វិស័យ​សុខាភិបាល​និង​បង្អាក់​ដំណើរការ​មនុស្ស​ធម៌​មិន​ចប់​ត្រឹមតែ​ប៉ុន​ហ្នឹង​ទេ​អ៊ីស្រាអែល​ នាពេលនេះ ​ក៏​កំពុងតែ​ត្រៀមខ្លួន​ដើម្បី​ចូលលុកលុយ​ដល់​ភាគខាងត្បូង​នៃ​តំបន់​រ៉ា​ហ្វា​ដែលជា​ជម្រក​របស់​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​រាប់លាន​នាក់​ទៀត។

យ៉ាងណាក៏ដោយ​អ៊ីស្រាអែល​រង​ការរិះគន់​ជាខ្លាំង​ពី​សំណាក់​អន្តរជាតិ​សូម្បីតែ​សម្ព័ន្ធមិត្ត​របស់ខ្លួន​គឺ​សហរដ្ឋអាមេរិក​ក៏ដោយ​អំពី​វាយលុក​ចូល​តំបន់​រ៉ា​ហ្វា​ដែលជា​តំបន់​ព្រំដែន​រវាង​អ៊ីស្រាអែល​និង​អេ​ហ្ស៊ី​ប។

ដោយសារតែ​រ៉ា​ហ្វា​ ជា​ផ្លូវ​ដឹកជញ្ជូន​ជំនួយ​មនុស្សធម៌​ដ៏​សំខាន់​មួយ ​ដែល​អង្គការ​អន្តរជាតិធំៗប្រើ​ដើម្បី​ពាំ​នាំយក​ជំនួយផ្សេងៗចូលទៅ​កាន់​តំបន់​ហ្គា​ហ្សា​ដូច្នេះ​បើ​អ៊ីស្រាអែល ​ពិតជា​វាយ​ចូល​តំបន់​នេះ​ មែន​អំពើ​មនុស្សធម៌​នឹង​ធ្លាក់​ដល់​សូន្យ​តែម្ដង។

​សង្គ្រាម​អ៊ីស្រាអែល-ហា​ម៉ាស់ ​បានចាប់ផ្ដើម​នៅពេលដែល​ក្រុម​ហា​ម៉ាស់​បាន​ចូល​វាយប្រហារ​អ៊ីស្រាអែល​កាលពី​ថ្ងៃទី៧ ខែតុលា​ដោយបាន​សម្លាប់​មនុស្ស ១២០០ នាក់ ​ដែល​ភាគច្រើន​ជា​ជន​ស៊ីវិល​ និង​ចាប់​ចំណាប់ខ្មាំង​អ៊ីស្រាអែល ​បាន​ចំនួន ២៥៣ នាក់។

ជម្លោះ​នេះ​បានធ្វើឱ្យ​កក្រើក​តំបន់​មជ្ឈិមបូព៌ា​ទាំងមូល​ ខណៈដែល​សម្ព័ន្ធ​មិត្ត​យោធា​របស់​ក្រុម​ហា​ម៉ាស់ ​គឺ​ក្រុម​យោធា​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ ទាំងអស់​បានកំណត់​គោលដៅ​ដាក់​ទៅលើ​អ៊ីស្រាអែល​និង​ប្រទេស​សម្ព័ន្ធមិត្ត​គឺ​សហរដ្ឋអាមេរិក។

មន្ទីរពេទ្យ​ភាគច្រើន​នៅ​ហ្គា​ហ្សា​ត្រូវបាន​បញ្ឈប់​សកម្មភាព​ជា​បន្តបន្ទាប់​ដោយសារតែ​ការប្រយុទ្ធ​គ្នា​ឥត​សំចៃ​ដៃ​ដែលនាំឱ្យ​ប៉ះពាល់​ដល់​សកម្មភាព​នាំ​ជំនួយ​របស់​អង្គការ​មនុស្សធម៌។

គិត​មកទល់ពេលនេះ កង្វះ​ប្រេងឥន្ធនៈ​ជាដើម​ចម​ដ៏​ធំ​មួយ​ដែលនាំឱ្យ​ប្រជាជន​ចំនួន ២,៣ លាន​នាក់ ​មិនអាច​ទទួលបាន​ការថែទាំ​សុខភាព​ត្រឹមត្រូវ។

យ៉ាងណាក៏ដោយ​អ៊ីស្រាអែល​នៅតែ​បន្ត​ការវាយលុក​របស់ខ្លួន​ដោយ​មិន​ខ្វល់​ពី​ស្ថានភាព​មនុស្សធម៌​ក្រោម​ហេតុផល​ថា​ក្រុម​ឧទ្ទាម​ហា​ម៉ាស់​កំពុង​សំងំ​លាក់ខ្លួន​នៅក្រោម​មន្ទីរពេទ្យ​ទាំងនោះ៕