នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) កាលពី​ថ្ងៃ​ចន្ទ​បានសន្យា​បន្ត​ផ្តល់​ការគាំទ្រ​ការកសាង​ប្រទេស​អ៊ុយ​ក្រែ​ន​ឡើងវិញ​ ដោយ​សហការ​ជាមួយ​វិស័យ​ឯកជន​ដោយ​​ប្រើប្រាស់​បទពិសោធន៍ និង​ចំណេះដឹង​បច្ចេកវិទ្យា​របស់ខ្លួន​ក្នុងការ​សង្គ្រោះ​ពី​ការ​រញ្ជួយ​​ដី។យោងការ​ចុះ​ផ្សាយ​របស់​ក្យូដូ។ 

នៅក្នុង​សន្និសីទ​ជប៉ុន-អ៊ុយ​ក្រែ​ន​សម្រាប់​ការលើកកម្ពស់​កំណើនសេដ្ឋកិច្ច និង​ការកសាង​ឡើងវិញ​ដែល​បាន​ធ្វើឡើង​នៅ​ទីក្រុង​តូ​ក្យូ​មុន​ខួប​លើក​ទី២​ នៃ​ការឈ្លានពាន​របស់​រុស្ស៊ី​មក​លើ​​ប្រទេសជិតខាង​របស់ខ្លួន លោក គិស៊ីដា បាន​និយាយថា ស្ថានភាព​នេះ​គឺ «មិន​ងាយស្រួល​ទេ» ប៉ុន្តែ​ថា​ការជួយ​ទីក្រុង​កៀវ​ឱ្យ​ងើប​ឡើងវិញ​គឺជា «ការវិនិយោគ​នាពេល​អនាគត»។

ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​មួយថ្ងៃ លោក ​​គីស៊ីដា និង​សម​ភាគី​អ៊ុយ​ក្រែ​ន លោក Denys Shmyhal បាន​​ធ្វើជា​សាក្សី​ក្នុងការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ជាង៥០​នៃ​កិច្ចសហប្រតិបត្តិការ​​រ​វាង​វិស័យ​សាធារណៈ និង​ឯកជន​នៃ​ប្រទេស​ទាំងពីរ​ក្នុង​វិស័យ​ជាច្រើន។ 


មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​បាន​និយាយថា កិច្ចសហប្រតិបត្តិការ​ទាំង​នោះ​​រួមមាន​ការកសាង​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ការដោះមីន ការពង្រីក​វិស័យ​កសិកម្ម ការកែលម្អ​ស្ថានភាព​មនុស្សធម៌ ការអភិវឌ្ឍន៍​បច្ចេក​វិទ្យា​ជីវសាស្ត្រ ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ព័ត៌មាន និង​ការលើកកម្ពស់​អភិបាលកិច្ច។

នៅក្នុង​សុន្ទរកថា​គន្លឹះ​មួយ​ លោក គិស៊ីដា បាន​និយាយថា ប្រទេស​ទាំងពីរ​នឹង​បញ្ចប់​សន្ធិសញ្ញា​​មួយ​ដើម្បី​លុបបំបាត់​ការយកពន្ធ​ត្រួតស៊ីគ្នា​ ហើយ​ចាប់ផ្តើម​ការចរចាឡើងវិញ​នូវ​កិច្ចព្រមព្រៀង​វិនិយោគ​មួយ ដើម្បីឱ្យ​ក្រុមហ៊ុន​ជប៉ុន​អាច​ចូលរួម​ក្នុង​គម្រោង​សាងសង់​ឡើងវិញ​នៅ​អ៊ុយ​ក្រែ​ន។


លោក ​គិស៊ីដា បាន​បន្ថែមថា រដ្ឋាភិបាល​របស់លោក​នឹង​បង្កើត​ការិយាល័យ​របស់​អង្គការ​ពាណិជ្ជកម្ម​ខាង​ក្រៅ​របស់​ប្រទេស​ជប៉ុន​នៅ​ទីក្រុងកៀវ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ដោយ​ក្រសួងការបរទេស ​បាន​និយាយថា ទីក្រុង​តូ​ក្យូ​បាន​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​ការធ្វើដំណើរ​របស់ខ្លួន ដើម្បី​ជំរុញ​ការវិនិយោគ​នៅ​អ៊ុយ​ក្រែ​ន៕​