​គណបក្ស​ឆ្ពោះទៅមុខ (Move Forward Party) ដែល​ឈ្នះ​ការបោះឆ្នោត ប៉ុន្តែ​បរាជ័យ​បង្កើត​រដ្ឋាភិបាលចម្រុះ​មួយ និង​បន្ត​ប្រឈម​ផ្លូវច្បាប់​ច្រើន​ទៀត កាលពី​ថ្ងៃអាទិត្យ​ ទី​ ១៨ ខែកុម្ភៈ បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​បង្ហោះ​សារ​មួយ​ពាក់ព័ន្ធ​នឹង​ករណី​ដែលមាន​មនុស្ស​ជាច្រើន​កំពុង​ចោទសួរ​ពី​ការអនុវត្ត​ច្បាប់​ទាក់ទង​នឹង​ការដោះលែង​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ឱ្យនៅ​ក្រៅ​ឃុំ និង​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប៉ូលិស​ខេត្ត ជា​​ពិសេស​បញ្ហា​ការអនុវត្ត​ច្បាប់​ប្រកបដោយ​ភាពយុត្តិធម៌ និង​គ្មាន​ការរើសអើង​។​


​លោក ថាក់ស៊ីន ដែលជា​អតីត​នាយករដ្ឋមន្ដ្រី និង​ជា​មហាសេដ្ឋី​របស់​ប្រទេស​ថៃ ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​ជាប់ឃុំ​អស់​រយៈពេល ៦ ​ខែ​នៅ​មន្ទីរពេទ្យ​ប៉ូលិស​ខេត្ត​មួយ ដោយ​គេ​សន្មត​ថា លោក​បានទទួល​ការព្យាបាល​យ៉ាង​យកចិត្ត​ទុក​ដាក់ ដោយសារតែ​លោក​មាន​ជំងឺ​ធ្ងន់ធ្ងរ​។​

​លោក​ត្រូវបាន​គេ​បញ្ជូនទៅ​ទីនោះ​ពី​មន្ទីរពេទ្យ​នៅឯ​ពន្ធនាគារ​ក្នុង​រដ្ឋធានី​បាងកក​នៅ  ១​ ថ្ងៃ ​បន្ទាប់ពី​លោក​បាន​ត្រឡប់​ចូល​ប្រទេស​ថៃ​កាលពី​ខែសីហា ឆ្នាំ​ ២០២៣ ក្រោយ​និរទេស​ខ្លួន​អស់​រយៈពេល ១៥ ​ឆ្នាំ​។​


​ក្រោយ​ការដោះលែង​នៅក្រៅ​ឃុំ​ដោយ​ការអនុវត្ត​ការព្យួរទោស​ដែល​នៅសល់ គណបក្ស​ឆ្ពោះ​​ទៅមុខ​ដែលជា​គណបក្សប្រឆាំង​ដ៏​ធំ​ប​ផុត​នៅក្នុង​សភា​ថៃ និង​ជា​គណបក្ស​ដែល​តែងតែ​ចង់​ធ្វើកំណែទម្រង់​ច្បាប់​ស្ដីពី​ការ​ប្រមាថ​ព្រះមហាក្សត្រ បានលើកឡើង​ជា​សំណួរ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​អំពី​ការដោះលែង​នេះ ពោលគឺ​បន្ទាប់ពី​លោក ថាក់ស៊ីន បានធ្វើ​​ដំណើរ​ចេញពី​មន្ទីរពេទ្យ​ប៉ូលិស​ខេត្ត​ភ្លាមៗ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​។​


​គណបក្ស​ឆ្ពោះទៅមុខ​បានសរសេរថា​៖ «​មនុស្ស​ជាច្រើន​បាន​ចោទ​សួរថា តើ​លោក ​ថាក់​ស៊ីន បានទទួល​ការព្យាបាល​ជាពិសេស​ក្រោម​ច្បាប់​ប្រទេស​​ថៃ​ឬ​យ៉ាងណា ខណៈដែល​លោក​ស្នាក់​នៅក្នុង​មន្ទីរពេទ្យ​រយៈ​ពេល ​១៨០ ​ថ្ងៃ ដោយ​មិន​មានការ ពន្យល់​ច្បាស់លាស់​អំពី​ស្ថានភាព​ជំងឺ​របស់គាត់ ហើយ​ក្រោយមក​ក៏ត្រូវ​បាន​ដោះលែង បែបនេះ​»​។​


​ទោះបីជា​រដ្ឋាភិបាល​ថៃ​កំពុង​ដោះស្រាយ​បញ្ហា​ចម្រូងចម្រាស តាមរយៈ​ការឆ្លើយតប​ទៅនឹង​សំណួរ​ពី​ស្ថានភាព​សុខភាព និង​លក្ខណវិនិច្ឆ័យ​នៃ​ការដោះលែង​លោក ថាក់ស៊ីន ក៏ដោយ ក៏​ពលរដ្ឋ​ថៃ​មួយចំនួន​នៅតែមាន​ចម្ងល់​អំពី​ភាពយុត្តិធម៌​ជុំវិញ​ការអនុវត្ត​ច្បាប់​ឱ្យ​ស្មើភាព​គ្នា​រវាង​អ្នកទោស​ទូទៅ និង​អ្នក​ទោស​នយោបាយ​។ គណបក្ស​ឆ្ពោះទៅមុខ ក៏បាន​លើកឡើង​ផងដែរ​ថា ប្រទេស​ថៃ​ ត្រូវតែ​ផ្ដល់​សារៈសំខាន់​ទៅលើ​សង្គម​មួយ​ដែល​មិនមាន​ស្តង់ដា ​២​។​

​យ៉ាងណាក៏ដោយ នៅ​ព្រឹក​​ថ្ងៃ​ចន្ទ​នេះ លោក ថាក់ស៊ីន បាន​ចូលជួប​ជាមួយ​រាជអាជ្ញា ដើម្បី​ពិភាក្សា​អំពី​ករណី​ចោទ​​ប្រកាន់​លោក​ពីបទ​ប្រមាថ​ព្រះមហាក្សត្រ​៕