​ហុង​គ្រី​ដែលជា​សមាជិក​សហភាព​អឺរ៉ុប និង​មាន​ជំហរ​មិនសូវ​ស្រប​ជាមួយ​អឺរ៉ុប​លើ​ដំណោះស្រាយ​នានា​គាំទ្រ​អ៊ុយ​ក្រែ​ន ពេលនេះ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​មហា​​យក្ស​ចិន​លើ​សហប្រតិបត្តិការ​សន្ដិ​សុខ បន្ថែម​ពីលើ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការវិនិយោគ​។​

​ហុង​គ្រី​រហូតមក​ដល់ពេលនេះ ​គឺជា​ប្រទេស​តែមួយគត់​ក្នុងចំណោម​ប្រទេស​ជា​សមាជិក​នៃ​អង្គការ​ណា​តូ ដែល​នៅ​បន្ត​ជា​ឆ្អឹង​ទទឹង​ក​មិន​ព្រម​ផ្ដល់​សច្ចា​ប័ន​បើកផ្លូវ​ឱ្យ​ស៊ុយអែត​ក្លាយជា​សមាជិក​អង្គការ​ណា​តូ​។​

​តាម​ការរាយការណ៍រ​បស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​ការពង្រឹង​ទំនាក់ទំនង​ថ្មី​នេះ ធ្វើឡើង​នៅពេល​រដ្ឋមន្ត្រី​សន្ដិសុខ​សាធារណៈ​ចិន លោក Wang Xiaohong ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ហុង​គ្រី លោក Viktor Orban នៅ​ក្រុង​ប៊ុ​យ​ដា​ប៉ែស កាលពី​សប្ដាហ៍​មុន ក្នុងពេលដែល​ប្រទេស​ទាំង​ ២ ​ប្រារព្ធ​ខួប​លើក​ទី​​៧៥ ​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​របស់​ពួកគេ​។​


​លោក Wang បាន​ប្រា​ប់លោក​ Orban ​ថា ចិន​សង្ឃឹមថា នឹង​ពង្រឹង​ទំនាក់ទំនង​នៃ​ការអនុវត្ត​ច្បាប់ និង​សន្តិសុខ​ជាមួយ​ប្រ​ទេស​ហុង​គ្រី​។ លោក​បាន​បន្តថា កិច្ចខិតខំ​ប្រឹងប្រែង​បែបនេះ នឹង​ក្លាយជា​ «​ចំណុច​សំខាន់​ថ្មី​នៃ​ទំនាក់ទំនង​ទ្វេភាគី​» លើ​បញ្ហា​ផ្សេងៗ ដូចជា​ការប្រយុទ្ធ​​ប្រឆាំងនឹង​អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ជាដើម​។​

​កិច្ចព្រមព្រៀង​ថ្មី​នោះ​ក៏​នឹង​រួម​បញ្ចូល​ផងដែរ លើ​ការកសាង​សមត្ថភាព​ផ្នែក​សន្តិសុខ និង​ការអនុវត្ត​ច្បាប់ ក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ប្រធានាធិបតី ស៊ី ជីន​ភីង ដែលមាន​គោលបំណង​ភ្ជាប់​ប្រទេស​​ចិន ជាមួយ​ពិភពលោក​តាម​​រយៈ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​។​


​សារព័ត៌មាន​ចិន ស៊ីន​ហួ បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យថា លោក Wang បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ហុង​គ្រី លោក Sandor Pinter ហើយ​បាន​ចុះហត្ថលេខា​លើ​ឯកសារ​ស្តីពី​ការអនុវត្ត​ច្បាប់ និង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ ប៉ុន្តែ​មិន​ផ្តល់ព័ត៌មាន​លម្អិត​ទេ​។​

​ការធានា​លើ​បញ្ហា​សន្តិសុខ​របស់​ចិន ធ្វើឡើង​ខណៈ​ហុង​គ្រី ដែលជា​សម្ព័ន្ធមិត្ត​ស្មោះស្ម័គ្រ​នឹង​រុស្ស៊ី បាន​ព្យាយាម​បន្ថយ​ការពឹងផ្អែក​របស់ខ្លួន​លើ​បណ្តា​ប្រទេស​លោកខាងលិច ដោយ​ថ្មីៗ​នេះ​បាន​ទប់​ទល់នឹង​សម្ពាធ ដើម្បី​អនុម័ត​ការពង្រីក​អង្គការ​ណា​តូ​នៅ​អឺរ៉ុប​។ ហុង​គ្រី គឺជា​រដ្ឋ​ណា​តូ​តែ​ ១ ​គត់ ដែល​មិនទាន់​ផ្ដល់​សច្ចាប័ន​សភា​បើក​សិទ្ធិ​ឱ្យ​ស៊ុយអែត ក្លាយជា​សមាជិក​របស់​សម្ព័ន្ធភាព​យោធា​ណា​តូ​។

​កន្លងមក ចិន​ធ្លាប់​រិះគន់​អង្គការណា​តូ ជាពិសេស​បន្ទាប់ពី​ណា​តូ​បាន​និយាយ​កាលពី​ឆ្នាំមុន​ថា ចិន​ក្លាយជា​គូប្រជែង​លើ​ផល​ប្រយោជន៍ សន្តិសុខ និង​តម្លៃ​របស់​ប្លុក តាមរយៈ​ការប្រើប្រាស់​មហិច្ឆតា និង​គោលនយោបាយ​បង្ខិតបង្ខំ​របស់ខ្លួន​។ ​ចិន​ក៏បាន​ទម្លាក់កំហុស​ផងដែរ​ទៅលើ​ណា​តូ ថា​ជា​អ្នក​បញ្ឆេះ​ភ្លើង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ដែល​ផ្ទុះឡើង​ដោយសារតែ​ការ​ឈ្លា​ន​ពាន​ទ្រង់ទ្រាយ​ធំ​របស់​រុស្ស៊ី​នៅ​ចុងខែ​កុម្ភៈ ឆ្នាំ​ ២០២២​។​

​កិច្ចព្រមព្រៀង​សន្តិសុខ​ជាមួយ​ហុង​គ្រី តំណាងឱ្យ​ការ​ឈ្នះ​ការ​​ទូត​សម្រាប់​ប្រទេស​ចិន នៅក្នុង​សហភាព​អឺរ៉ុប ខណៈ​ប្លុក​នេះ​ថ្លឹងថ្លែង​អំពី​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​ចិន ជុំវិញ​ភាព​ខុសគ្នា​ខាង​សិទ្ធិមនុស្ស អ​តុ​​ល្យ​ភាព​ពាណិជ្ជកម្ម និង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​​ក្រែ​ន​។ ភាពស្និទ្ធស្នាល​របស់​ហុង​គ្រី ដែល​កំពុង​កើនឡើង​ជាមួយ​ចិន បាន​បង្កើន​ភាព​​តានតឹង​នៅក្នុង​ប្លុក​អឺរ៉ុប ដែល​ហុង​គ្រី គឺជា​រដ្ឋ​សមាជិក​មួយ​ផងដែរ​នោះ​។

​ពេលខ្លះ ហុង​គ្រី​បាន​ប្រឆាំងនឹង​ជំហរ​របស់​សហភាព​អឺរ៉ុប ដែល​រិះគន់​ចិន​លើ​បញ្ហា​ដូចជា​សិទ្ធិមនុស្ស​។ ផ្ទុយទៅវិញ ហុង​គ្រី​ដែល​ស្ថិតនៅ​អឺរ៉ុប​កណ្តាល​បាន​ស្វាគមន៍​ការវិនិយោគ​របស់​ចិន បើទោះបីជា​សហភាព​អឺរ៉ុប​បាន​អំពាវនាវ​ឱ្យ​សមាជិក​របស់ខ្លួន​ចងសម្ព័ន្ធភាព​ជាមួយ​ចិន តាម​គន្លង​តែ​ ១ របស់​ប្លុក​ក៏ដោយ​។

​ក្រៅពីនេះ ហុង​គ្រី ​គឺជា​មូលដ្ឋាន​ដឹកជញ្ជូន និង​ផលិតកម្ម​ដ៏​ធំ​បំផុត​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​​ចិន Huawei Technologies ដែល​រង​ទណ្ឌកម្ម​របស់​អាជ្ញាធរ​អាមេរិក នៅ​ខាងក្រៅ​ប្រទេស​ចិន ទោះបីជា​គណៈកម្មការ​​អឺរ៉ុប​ព្រមាន​ថា ក្រុមហ៊ុន​ទូរ​គមនាគ​មន៍​យក្ស​ចិន​នេះ បង្ក​ហា​និ​​ភ័យ​ដល់​សន្តិសុខ​សហភាព​អឺរ៉ុប​ក៏ដោយ​៕