យោងតាម​មន្ត្រី​សុខាភិបាល​ប្រចាំ​នៅ​តំបន់​ហ្គាហ្សា​គិត​ចាប់តាំងពី​ខែតុលា​ឆ្នាំ​២០២៣ ​រហូត​មក​​ពេល​បច្ចុប្បន្ននេះ​សង្គ្រាម​អ៊ីស្រាអែល-ហា​ម៉ាស់ បានសម្លាប់​ជីវិត​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន ​អស់​ចំនួន ២៩០០០ នាក់។ ចំនួន​នេះ​បាន​ក្លាយទៅជា​ព្រឹត្តិការណ៍​ដ៏​អាក្រក់​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ជម្លោះ​រវាង​អ៊ីស្រាអែល​ និង​ប៉ា​ឡេ​ស្ទី​ន។


ប៉ុន្តែ​យ៉ាងណា​របាយការណ៍​ខាងលើ​មិនបាន​បែងចែក​រវាង​ជន​ស៊ីវិល​និង​ទាហាន​នោះទេ​ ប៉ុន្តែ​និយាយថា​ ប្រហែល ២ ភាគ ៣ នៃ​អ្នក​ដែល​ត្រូវបាន​សម្លាប់​គឺជា​ស្ត្រី​និង​កុមារ។ក្រៅពីនោះ​មាន​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន ចំនួន ៦៩០០០ នាក់​បាន​រងរបួស​និង​កំពុងស្នាក់នៅ​យ៉ាង​កុះករ​តាម​មន្ទីរពេទ្យ​នានា​ក្នុង​តំបន់​កា​ហ្សា​ខណៈដែល​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​បាន​ផ្អាក​ដំណើរការ​ដោយសារតែ​មិនមាន​ឥន្ធនៈ។

យ៉ាងណាក៏ដោយ​សោកនាដកម្ម​នេះ​នៅតែ​មិនអាច​ទាញ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ បញ្ចប់សង្គ្រាម​ត្រឹម​នេះដែរ។ផ្ទុយទៅវិញ​គេ​កំពុងតែ​ភ័យខ្លាច​ពី​ការបន្ត​វាយលុក​ទៅដល់​តំបន់​រ៉ា​ហ្វា​ដែលជា​ច្រកព្រំដែន​រវាង​អ៊ីស្រាអែល​និង​អេ​ហ្ស៊ី​ប​ខណៈដែល​ទីនោះ​ជា​ជម្រក​របស់​ជនភៀសខ្លួន​រាប់លាន​នាក់។


កាន់តែ​សំខាន់​ទៅទៀត​ច្រកព្រំដែន​រ៉ា​ហ្វា​នេះ​ជា​ច្រក​ដឹកជញ្ជូន​ជំនួយ​មនុស្សធម៌​ដ៏​សំខាន់បំផុត​ដែល​អង្គការ​មនុស្សធម៌​ប្រើ​ដើម្បី​នាំយក​ជំនួយ​ចូល​តំបន់​កា​ហ្សា​ក្នុងពេល​កន្លងមក។ដូច្នេះហើយ​ការ​វាយ​ចូល​តំបន់​នេះ​នឹង​ជះឥទ្ធិពល​ធំ​សម្បើម​ដល់​ប្រជាជន​ស៊ីវិល។


ដើម្បី​បញ្ចៀស​នូវ​បញ្ហា​នេះ​សហរដ្ឋអាមេរិក​ដែលជា​សម្ព័ន្ធមិត្ត​ចាស់វស្សា​របស់​អ៊ីស្រាអែល​ នៅតែ​បន្ត​ធ្វើការ​ជាមួយ​អេ​ហ្ស៊ី​ប​និង​កាតា​ដើម្បី​ចរចា​រក​បទ​ឈប់​បាញ់​ជាថ្មី​បន្ថែមទៀត។ ប៉ុន្តែ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​ទាំង៣ហាក់​មានសង្ឃឹម​តិចតួច​ដោយសារតែ​លោកនាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ កំពុង​ខឹងសម្បា​ប្រទេស​កាតា ​ដែល​អនុញ្ញាតឱ្យ​មេដឹកនាំ​ក្រុម​ហា​ម៉ាស់​ជ្រកកោន​ក្នុង​ទឹកដី​របស់ខ្លួន​យ៉ាង​ស្ងប់​សុខ។


​សង្គ្រាម​អ៊ីស្រាអែល-ហា​ម៉ាស់ បានចាប់ផ្តើម​នៅពេលដែល​ក្រុម​ហា​ម៉ា​ស់ បាន​វាយលុក​ចូលទៅ​កាន់​ភាគខាងត្បូង​អ៊ីស្រាអែល​ ពី​តំបន់​ហ្គា​ហ្សា​កាលពី​ថ្ងៃទី៧ ខែតុលា​ ដោយបាន​សម្លាប់​មនុស្ស​ប្រហែល ១២០០ នាក់​ដែល​ភាគច្រើន​ជា​ជន​ស៊ីវិល​និង​ចាប់​ចំណាប់ខ្មាំង​ប្រហែល ២៥០ នាក់។

ដោយឡែក​ចំណាប់ខ្មាំង​ជនជាតិ​អ៊ីស្រាអែល​ជាង ១០០ នាក់ ​ត្រូវបាន​ដោះលែង​ក្នុងអំឡុងពេល​បទ​ឈប់​បាញ់​រយៈពេល ១ សប្តាហ៍​ក្នុង​ខែវិច្ឆិកា​ជា​ថ្នូរ​នឹង​ចំណាប់ខ្មាំង​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន ២៤០ នាក់​ ដែល​អ៊ីស្រាអែល ​ចាប់ឃុំខ្លួន។មកដល់ពេលនេះ​ក្រុម​ហា​ម៉ាស់​នៅតែមាន​ចំណាប់ខ្មាំង​ប្រហែល ១៣០ នាក់ ទៀត​ប៉ុន្តែ ១ ភាគ ៤ នៃ​ចំណាប់ខ្មាំង​ទាំងនោះ​ត្រូវបាន​គេ​ជឿថា​បាន​បាត់បង់​ជីវិត​ទៅហើយ។

អ៊ីស្រាអែល​ឯណោះ​វិញ​បាន​អះអាងថា​ខ្លួន​បានសម្លាប់​ក្រុម​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​ប្រមាណ ១០០០០ នាក់ ហើយ​ថា​ខ្លួន​ព្យាយាម​ចៀសវាង​ការបង្ក​គ្រោះថ្នាក់​ដល់​ជន​ស៊ីវិល​តាម​ដែល​អាចធ្វើ​ទៅបាន​ប៉ុន្តែ​ក្រុម​ហា​ម៉ាស់​ទៅវិញ​ទេ​ដែល​តែងតែ​បើក​ការប្រយុទ្ធ​នៅ​តំបន់​ប្រជុំជន​ដែលមាន​ប្រជាជន​រស់នៅ​ច្រើន។

យ៉ាងណាក៏ដោយ​សង្គ្រាម​ដែល​អូស​បន្ទាយ​រយៈពេល ៤ ខែ​មកនេះ នៅតែ​មិនទាន់​រកឃើញ​ចំណុច​បញ្ចប់​ដោយបាន​ធ្វើឱ្យ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ប្រមាណ ៨០% ត្រូវ​បង្ខំចិត្ត​ចាក​ចេញពី​តំបន់​កា​ហ្សា​ហើយ ១ ភាគ៤ នៃ​ពួកគេ​កំពុង​រស់នៅ​ដោយ​រង​នូវ​ភាពអត់ឃ្លាន៕