កសិករ​ឥណ្ឌា​ ដែល​បាន​តវ៉ា​អស់​រយៈ​ពេល​ជិត​​ ១​​ សប្តាហ៍​ ដើម្បី​ទាម​ទារ​​​ឱ្យ​ធានា​លើ​​តម្លៃ​កសិផល​ បាន​បដិសេធ​សំណើ​​ដំណោះ​ស្រាយ​ពី​រដ្ឋាភិបាល​ ហើយ​ប្ដេជ្ញា​ថា ​នឹង​បន្ត​​ដើរ​ក្បួនតវ៉ា​​របស់​ខ្លួន​ទៅ​កាន់​រដ្ឋ​ធានី​ញូវដែលី​។ ​នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP។  


ក្រុម​​កសិករ​រាប់ម៉ឺន​​នាក់​ ដែល​ចាប់​ផ្ដើម​ការ​​តវ៉ា​របស់​ខ្លួន​កាល​ពី​​សប្ដាហ៍​មុន​ ត្រូវ​បាន​អាជ្ញាធរ​ដាក់​របាំង​ពាំ​ង​ផ្លូវ​ រួម​ទាំង​​ប្រើ​ប្រាស់​​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ដើម្បី​បង្រា្កប​ ​ក្នុង​បំណង​ទប់​ទល់​​កុំ​ឱ្យ​បាតុកម្ម​ធ្លាក់​ចូល​ទៅ​ក្នុង​ស្ថានភាព​ដូច​ឆ្នាំ​២០២១ ដែល​កសិករ​នាំ​គ្នា​បោះ​ជំរំតវ៉ា​នៅ​ជាយ​ក្រុង​ញូវដែលី​ជាង​១​ឆ្នាំ​។  ​

មេ​ដឹក​នាំ​ក្រុម​កសិករម្នាក់​​ ​លោក​ Jagjit Singh Dallewal ​បាន​និយាយ​កាល​ពី​យប់​ថ្ងៃ​ចន្ទ​ថា​ ​ពួក​គេ​​បាន​បដិសេធ​ការ​ផ្តល់​ជូន​របស់​រដ្ឋាភិបាល ដែល​ដាក់​ស្នើ​​កិច្ច​សន្យា​រយៈ​ពេល ​​៥​ ឆ្នាំ​ សម្រាប់​ការ​ធានា​តម្លៃ​​​​លើ​មុខ​ដំណាំ​ដូច​ជា​​គ្រាប់​ធម្មជាតិ​ ពោត​ និង​កប្បាស​ជា​ដើម​។ ​


លោក Dallewal​​​ ប្រាប់​​ទីភ្នាក់ងារ​​ព័ត៌មាន​ Press Trust of India ​ថា​ ​សំណើ​​ដែល​​​​រដ្ឋាភិបាល​ដាក់​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​ «​មិន​មែន​ជា​ផល​ប្រយោជន៍​របស់​ប្រជាកសិករ​ទេ​»។ ​​​​​​


មេ​ដឹក​នាំ​ក្រុម​កសិករ​បាន​​ឱ្យ​ដឹង​​ថា​ កសិករ​​រាប់​ម៉ឺន​នាក់ ​ដែល​កំពុង​​​​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​ ២០០ គីឡូ​ម៉ែត្រ​ពី​ក្រុង​ញូវដែលី​ ​​នឹង​បន្ត​ការ​ហែ​ក្បួន​របស់​ខ្លួន​​នៅ​ថ្ងៃ​ពុធ​។​ លោក​​​បន្ថែម​ថា​៖ ​«​យើង​អំពាវ​នាវ​ដល់​រដ្ឋាភិបាល​ ឱ្យ​ដោះ​ស្រាយ​បញ្ហា​របស់​យើង ​ឬ​ដក​របាំង​ពាំង​ផ្លូវ​ចេញ​ ហើយ​អនុញ្ញាត​ឱ្យ​យើង​បន្ត​ទៅ​ទីក្រុ​ង​ដែលី​ ​ដើម្បី​តវ៉ា​ដោយ​សន្តិវិធី​»​។


ការ​តវ៉ា​លើក​នេះ​បាន​បំផ្ទុះ​ឡើង​វិញ​នូវ​ចលនា​បាតុកម្ម​កាល​ពី ​២​ ឆ្នាំ​មុន​។ កាល​នោះ​​​កសិករ​រាប់​ម៉ឺន​នាក់​ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ជាយ​​ក្រុង​​ញូវដែលី​​ អស់​រយៈ​ពេល​ជាង ​១ ​ឆ្នាំ​ ប្រឆាំង​នឹង​ច្បាប់​កសិកម្មចម្រូង​ចម្រាស​ដែល​រដ្ឋាភិបាល​​​លុប​ចោល​វិញ​នៅ​ទី​បំផុត​៕​