យោងតាម​រដ្ឋាភិបាល​ក្រុង​តៃប៉ិ បានឱ្យដឹងថា កាលពី​ថ្ងៃ​ចន្ទ​ កងកម្លាំង​ឆ្មាំ​ឆ្នេរសមុទ្រ​ចិន ​បាន​ឡើង​ជិះ​កប៉ាល់​ទេសចរណ៍​តៃវ៉ាន់ ចូលទៅ​ជិត​កោះ​មួយ​ដែល​គ្រប់គ្រង​ដោយ​តៃវ៉ាន់ ស្ថិតនៅ​ជាប់​នឹង​ឆ្នេរសមុទ្រ​របស់​ប្រទេស​ចិន។ 


ហេតុការណ៍​នេះ ​បាន​កើតឡើង​ចំពេល​ដែល​ភាព​តានតឹង​រវាង​ភាគី​ទាំង២ កំពុង​កើនឡើង​ខ្លាំង​បន្ទាប់ពី​ចិន ​បានប្រកាសថា​ នឹង​ចុះ​ល្បាត​ជាប្រចាំ​នៅក្នុង​តំបន់​ប្រជុំ​កោះ​នេះ។

ប្រទេស​ចិន​បានលើកឡើង​កាលពី​ថ្ងៃអាទិត្យ​ថា កងកម្លាំង​ឆ្មាំ​ឆ្នេរសមុទ្រ​របស់ខ្លួន​នឹង​បង្កើន​ការអនុវត្ត​ច្បាប់​នៅ​ជិត​តំបន់​ប្រជុំ​កោះ​គីន​មិន (Kinmen) បន្ទាប់ពី​ជនជាតិ​ចិន​ចំនួន ២ នាក់​ បាន​ស្លាប់​ ខណៈពេល​ព្យាយាម​រត់គេច​ពី​ឆ្មាំ​ឆ្នេរសមុទ្រ​របស់​តៃវ៉ាន់ ស្ថិតនៅ​ដែនទឹក​ក្បែរ​តំបន់​ប្រជុំ​កោះ​នេះ​ពោលគឺ​ស្ថិតនៅ​ចន្លោះ​ទីក្រុង​ស៊ា​មិន (Xiamen) និង​ទីក្រុង​គួ​ន​ចូ​វ (Quanzhou) របស់​ចិន។


កាលពី​រសៀល​ថ្ងៃ​ចន្ទ​ ឆ្មាំ​ឆ្នេរសមុទ្រ​តៃវ៉ាន់​បាន​រាយការណ៍​ថា មន្ត្រី​ឆ្មាំ​ឆ្នេរសមុទ្រ​ចិន​ចំនួន៦នាក់​បាន​ជិះទូក​ទេសចរណ៍​តៃវ៉ាន់​ដែល​ផ្ទុក​សមាជិក​នាវិក ១១នាក់​និង​អ្នកដំណើរ ២៣នាក់​ដើម្បី​ត្រួត​ពិនិត្យមើល​ផែនការ​ផ្លូវទឹក និង​អាជ្ញាប័ណ្ណ​របស់​នាវិក។ ពួកគេ​បាន​ចាកចេញ​បន្ទាប់ពី​បាន​ទៅដល់​ទីនោះ​ប្រហែល​កន្លះ​ម៉ោង។


បន្ថែម​លើ​នេះ ឆ្មាំ​សមុទ្រ​តៃវ៉ាន់​បានកត់សម្គាល់​ឃើញថា​មាន​ទូក​ឆ្មាំ​ឆ្នេរសមុទ្រ​ចិន​ចំនួន ២ គ្រឿង​ដែល​បានធ្វើ​ដំណើរ​ទៅជិត​កប៉ាល់​ទេសចរណ៍​នោះ។ បន្ទាប់មក ពួកគេ​បាន​បញ្ជូន​ទូក​ផ្ទាល់ខ្លួន​របស់​ពួកគេ ដើម្បី​អមដំណើរ​កប៉ាល់​ទេសចរណ៍​ត្រឡប់​ទៅ​កំពង់ផែ​នៅលើ​កោះ​គីន​មិន​វិញ។


យោងតាម​ឆ្មាំ​ឆ្នេរសមុទ្រ​តៃវ៉ាន់ បានឱ្យដឹងថា កប៉ាល់​ទេសចរណ៍​តៃវ៉ាន់​ បាន​រំកិល​ឆ្ពោះទៅកាន់​ឆ្នេរសមុទ្រ​ចិន​បន្តិច ដោយសារតែ​ទឹក​រាក់។ យ៉ាងណាក៏ដោយ​គេ​នៅ​មិនទាន់​ទទួលបាន​ការឆ្លើយតប​ពី​ឆ្មាំ​ឆ្នេរសមុទ្រ​ចិន​ជុំវិញ​បញ្ហា​នេះ​នៅឡើយ​ទេ ដោយសារតែ​ព័ត៌មាន​ទំនាក់ទំនង​របស់​ពួកគេ​មិនបាន​ដាក់​ជា​សាធារណៈ។

ឆ្មាំ​ឆ្នេរសមុទ្រ​តៃវ៉ាន់​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ចិន​ ប្រកាន់​គោលការណ៍​រក្សា​សន្តិភាព និង​មាន​ហេតុផល​ចំពោះ​សកម្មភាព​នៅ​តំបន់​ដែនទឹក​ក្បែរ​ប្រជុំ​កោះ​គីន​មិន។

តៃវ៉ាន់​ក៏បាន​ណែនាំ​ប្រជាជន​ខ្លួន​ថា​កុំឱ្យ​ចូល​ជិត​ដែនទឹក​របស់​ភាគី​ចិន។ មន្ត្រីជាន់ខ្ពស់​តៃវ៉ាន់​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយសារ​រូបគេ​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​និយាយ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា ប្រធានា ធិបតី ​​តៃវ៉ាន់ លោកស្រី​សៃ អ៊ីង​វ៉េ​ន (Tsai Ing-wen) បានទទួល​ព័ត៌មានភ្លាមៗអំពី​ស្ថានភាព​វិ​វត្ត​នៅ​តំបន់ឆ្នេរ​នេះ។

មន្ត្រី​រូបនេះ​បាន​រៀបរាប់ថា ភ្នាក់ងារ​សន្តិសុខ​រប​ស់កោះ​តៃវ៉ាន់ ​មានការ​ព្រួយបារម្ភ​ជា​យូរណាស់​មកហើយ​អំពី​ឆ្មាំ​ឆ្នេរសមុទ្រ​របស់​ប្រទេស​ចិន​ដែល​ចុះ​ត្រួតពិនិត្យ​កប៉ាល់​របស់​តៃវ៉ាន់។ គួរ​ដឹង​ដែរ​ថា នៅពេល​ធ្វើការ​ទាក់ទង​ដើម្បី​សាកសួរ​ទៅកាន់​ការិយាល័យ​ប្រធានាធិបតី​តៃវ៉ាន់​ជុំវិញ​បញ្ហា​នេះ ពួកគេ​បាន​ណែនាំ​ឱ្យទៅ​សាកសួរ​ឆ្មាំ​ឆ្នេរសមុទ្រ​តៃវ៉ាន់​ដោយផ្ទាល់។

កាលពី​ថ្ងៃ​សៅរ៍ រដ្ឋាភិបាល​ចិន​បានប្រកាសថា អ្នកនេសាទ​ចិន​អាច​ចូលទៅ​នេសាទ​ក្នុង​តំបន់​ណាមួយ​នៅ​ជុំវិញ​តំបន់​ប្រជុំ​កោះ​គីន​មិន​ដោយ​មិនមាន​ការហាមឃាត់​នោះទេ។

ប្រជុំ​កោះ​គីន​មិន បាន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​ចាប់តាំងពី​រដ្ឋាភិបាល​សាធារណៈរដ្ឋ​ចិន​បាន​ដកថយ​ទៅ​តៃវ៉ាន់​នៅ​ឆ្នាំ ១៩៤៩ បន្ទាប់ពី​ការ​ចាញ់​សង្គ្រាមស៊ីវិល​ប្រឆាំង​ចិន​កុម្មុយនីស្ត​របស់លោក ម៉ៅ សេទុង ដែល​បាន​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

ក្នុងអំឡុងពេល​សង្គ្រាម​ត្រជាក់ ប្រជុំ​កោះ​គីន​មិនបាន​ជួបប្រទះ​នឹង​ជម្លោះ​ជា​ញឹកញាប់ ប៉ុន្តែ​វា​បានប្រែក្លាយ​ទៅជា​កន្លែង​ទេសចរណ៍​ដ៏​ពេញនិយម​នាពេល​បច្ចុប្បន្ន​នេះ។ យ៉ាងណាក៏ដោយ កោះតូចៗជាច្រើន​របស់​ប្រជុំ​កោះ​នេះ​ត្រូវបាន​តៃវ៉ាន់​ដាក់ពង្រាយ​កងកម្លាំង​ការពារ​ដោយ​ជន​ស៊ីវិល​មិនអាច​ចូលទៅ​បាន​នោះទេ៕