សីតុណ្ហភាពក្នុងតំបន់ស៊ីនជាំង (Xinjiang) ប្រទេសចិន បានធ្លាក់ចុះដល់កម្រិតទាបបំផុតគឺដក ៥២,៣ អង្សាសេ។ ការធ្លាក់ចុះនេះបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រ មិនធ្លាប់មានរយៈពេល ៦៤ ឆ្នាំ មកហើយ។ អាកាសធាតុត្រជាក់ខ្លាំងនេះ បានបង្កការរំខានដល់ការធ្វើចរាចរណ៍របស់ពលរដ្ឋចិន ពោលគឺនៅបន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។
តំបន់ខ្លះនៃប្រទេសចិនកំពុងជួបប្រទះនឹងអាកាសធាតុត្រជាក់ក្រោមសូន្យអង្សា ដែលជាហេតុបង្កលក្ខណៈពិបាកដល់ប្រជាពលរដ្ឋដែលទើបនឹងត្រឡប់ពីការប្រារព្ធពិធីបុណ្យចូលឆ្នាំចិនរយៈពេលពេញ ១ សប្តាហ៍ ហើយក៏ជាថ្ងៃឈប់សម្រាកដ៏ធំបំផុតប្រចាំឆ្នាំផងដែរ។
គេសង្កេតឃើញថា នៅមុនថ្ងៃបុណ្យចូលឆ្នាំចិនចាប់ផ្តើម ខ្យល់ព្យុះ និងភ្លៀងធ្លាក់ព្រិលក៏បានកើតឡើងផងដែរ ដែលធ្វើឱ្យអ្នកដំណើរជាប់គាំងនៅលើផ្លូវដែក និងផ្លូវថ្នល់ជាហូរហែ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថាកាលពីថ្ងៃអាទិត្យ សីតុណ្ហភាពនៅក្នុងទីប្រជុំជនធូហុង(Tuerhong)ស្ថិតក្នុងស្រុកហ្វ៊ូយុន (Fuyun) ខេត្តស៊ីនជាង បានធ្លាក់ចុះទាបជាងសីតុណ្ហភាពដែគេបានកត់ត្រានៅក្នុងប្រវត្តិសាស្ត្រកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ១៩៦០ ដែលកាលនោះគឺដក ៥១,៥ អង្សាសេ។
យ៉ាងណាក៏ដោយ សីតុណ្ហភាពដក ៥២,៣ អង្សាសេក្នុងស្រុកហ្វ៊ូយុននេះ បានធ្លាក់ចុះត្រឹមតែរយៈពេលខ្លី ហើយនៅខ្ពស់ជាងសីតុណ្ហភាពនៅទីក្រុងម៉ូហេ (Mohe) ខេត្តហីឡុងជាង (Heilongjiang) តំបន់ភាគឦសានប្រទេសចិនកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ដែលបានធ្លាក់ចុះរហូតដល់ទៅដក៥៣អង្សាសេ។
យោងតាមទូរទស្សន៍ CCTV ក្នុងអំឡុងពេលជាច្រើនថ្ងៃនៃអាកាសធាតុត្រជាក់ និងព្រិលធ្លាក់ផងនោះ ផ្លូវប្រវែងសរុប ៨៥៣គីឡូម៉ែត្រក្នុងតំបន់ អាល់ថេ (Altay) បានកក ធ្វើដំណើរមិនកើត។ ការណ៍នេះបានជំរុញឱ្យអាជ្ញាធរផ្លូវហាយវេត្រូវបញ្ជូនរថយន្តចំនួន ៤៧គ្រឿងនិងអ្នកជួយសង្គ្រោះចំនួន ៨៦ នាក់ ទៅកាយព្រិលចេញពីផ្លូវជារៀងរាល់យប់។
ទូរទស្សន៍ CCTV បានរាយការណ៍កាលពីថ្ងៃចន្ទថា ទិន្នន័យក្រសួងដឹកជញ្ជូនបានបង្ហាញថា តំបន់ខេត្តម៉ុងហ្គោលីខាងក្នុង ខេត្តស៊ីនជាំង ខេត្តលីអាអូនីង (Liaoning) ខេត្តជីលិន (Jilin) និងខេត្តហីឡុងជាងបានបិទកំណាត់ផ្លូវចំនួន ៤៣ ផ្លូវនិងស្ថានីយចំនួន ៦២៣ ទីតាំង។
យោងតាមកាសែត Global Times បានរាយការណ៍ថាអាជ្ញាធរអាកាសធាតុជាតិចិន បានបង្កើនការព្រមានជុំវិញបញ្ហាអាកាសធាតុត្រជាក់ដល់កម្រិតខ្ពស់បំផុតជាលើកទី២ដោយសីតុណ្ហភាព នឹងធ្លាក់ចុះនៅទូទាំងប្រទេសចិន រហូតដល់ថ្ងៃព្រហស្បតិ៍ក្នុងសប្ដាហ៍នេះ។ តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺផ្នែកខ្លះនៃខេត្តម៉ុងហ្គោលីខាងក្នុង តំបន់ភាគឦសានប្រទេសចិន តំបន់កណ្ដាលខេត្តហ៊ូប៉ី (Hubei) និងខេត្តហ៊ូណាននៅភាគខាងត្បូង។
ជាការកត់សម្គាល់ ប្រទេសចិនបានជួបប្រទះនឹងស្ថានភាពអាកាសធាតុអាក្រក់ខ្លាំងជាច្រើន ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ រួមមានព្យុះខ្សាច់ ភ្លៀងធ្លាក់ខ្លាំង កម្រិតកម្ដៅក្ដៅខ្លាំង ដែលបំបែកឯតទគ្គកម្មក្នុងរដូវក្តៅកន្លងមក និងព្យុះទីហ្វុងជាច្រើនលើក។ ជាក់ស្ដែង កាលពីចុងសប្តាហ៍ ព្យុះខ្សាច់យ៉ាងធំមួយបានបោកបោក់ទៅគ្របដណ្តប់ទីក្រុងជាច្រើននៅក្នុងតំបន់និងសៀហួយ (Ningxia Hui) រួមទាំងរដ្ឋធានីយិនឈួន (Yinchuan) ផងដែរ៕