សហភាព​អឺរ៉ុប​​បើក​ការ​​ស៊ើប​អង្កេត​លើ​លទ្ធភាព​ដែល​ថា​ កម្ម​វិធី​ តិកតុក​ (TikTok) របស់​ក្រុម​ហ៊ុន​ចិន​ ByteDance បាន​បំពាន​គោលការណ៍​​​មាតិកា​អនឡាញ​ ដែល​មាន​គោល​បំណង​ការពារ​កុមារ​ និង​ធានា​ការ​ផ្សាយ​ពាណិជ្ជកម្ម​ប្រកប​ដោយ​តម្លាភាព​​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​​រ៉យទ័រ​។ ​


ប្រធាន​ឧស្សាហកម្ម​សហភាព​អឺរ៉ុប​ លោក​ Thierry Breton ​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ លោក​បាន​ទទួល​យក​ការ​សម្រេច​ចិត្ត​​លើ​សំណុំ​រឿង​នេះ​ បន្ទាប់​ពី​បាន​ធ្វើ​ការ​វិភាគ​លើ​របាយការណ៍​វាយ​តម្លៃ​ហានិភ័យ​របស់​កម្មវិធី​តិកតុក​។  

លោក​បាន​និយាយ​នៅ​លើ​បណ្ដាញ​សង្គម​ X យ៉ាង​ដូច្នេះ​ថា​៖ «​ថ្ងៃ​នេះ​ យើង​បើក​ការ​ស៊ើប​អង្កេត​លើ​តិ​កតុក​​ជុំ​វិញ​ការ​សង្ស័យ​ថា​មាន​ការ​រំលោភ​លើ​តម្លាភាព​ និង​កាតព្វកិច្ច​​ការពារ​អនីតិជន​ រួម​មាន​​ការ​រចនា​ឡើ​ង​​ធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​ និង​ការ​កំណត់​ពេល​វេលា​អេក្រង់​ ឥទ្ធិពល​គ្រោះ​ថ្នាក់​ ​​ការ​ផ្ទៀង​ផ្ទា​ត់​អាយុ​​ការ​កំណត់​ឯកជន​ភាព​ជា​ដើម​»។ ​


ច្បាប់​សេវាកម្ម​ឌីជីថល​របស់​សហភាព​អឺរ៉ុប​ (DSA) ដែល​អនុវត្ត​ចំពោះ​វេទិកា​អនឡាញ​ទាំ​ង​អស់​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៧​ ខែ​កុម្ភៈ​មក​ ទាមទារ​​ឱ្យ​​វេទិកា​អនឡាញ​​ និង​ម៉ាស៊ីន​ស្វែង​រក​ (Search Engines) ​ធ្វើការ​​បន្ថែម​ទៀត​​ ដើម្បី​ដោះ​ស្រាយ​​បញ្ហា​ចែក​ចាយ​​មាតិកា​អនឡាញ​ខុស​ច្បាប់​ និង​ដែល​មាន​ហានិភ័យ​​ចំពោះ​សន្តិសុខ​សាធារណៈ​។​


ប្រសិន​បើ​សហភាព​អឺរ៉ុប​ រក​ឃើញ​ថា​ តិកតុក ​រំលោភ​លើ​ច្បាប់ DSA នោះ​ក្រុម​ហ៊ុន​​ ​​ByteDance​ដែល​ជា​ម្ចាស់​កម្ម​សិទ្ធិ​មាន​មូលដ្ឋាន​នៅ​ចិន​ ​អាច​ប្រឈម​នឹង​ការ​ផាក​ពិន័យ​រហូ​ត​ដល់​ ៦ ភាគរយ​នៃ​ប្រាក់​ចំ​ណូល​សកល​របស់​ខ្លួន​។


ជុំ​វិញ​បញ្ហា​នេះ​ អ្នកនាំពាក្យ​តិកតុក​ បាន​និយាយ​​ថា​​ ​​ខ្លួន​នឹង​បន្ត​ធ្វើ​ការ​ជាមួយ​អ្នក​ជំនាញ ​និង​អ្នក​ពាក់​ព័ន្ធ​ ​ដើម្បី​ធ្វើ​ឱ្យ​​​អ្ន​ក​ប្រើ​ប្រាស់តិកតុក​​វ័យ​ក្មេង​ ​​មាន​សុវត្ថិភាព​ ហើយ​ថា​ខ្លួន​ទន្ទឹង​រង់​ចាំ​ការ​ពន្យល់​អំពី​ការងារ​នេះ​យ៉ាង​ល​ម្អិត​ទៅ​កាន់​គណៈកម្មការ​អឺរ៉ុប​។​

​អ្នក​នាំ​ពាក្យ​តិកតុក​ បាន​និយាយ​ថា​៖ «តិកតុក​​​បាន​ត្រួស​ត្រាយ​លក្ខណ​ពិសេស ​និង​​ការ​កំណត់​ដើម្បី​កា​រពារ​មនុស្ស​វ័យ​ជំទង់​ និង​កុំ​ឱ្យ​មនុស្ស​ក្រោម​អាយុ​ ១៣ ឆ្នាំ ប្រើ​ប្រាស់ (តិកតុក​)​ ពោល​គឺ​បញ្ហា​ដែល​វេទិកា​ទាំង​មូល​កំពុង​ដោះ​ស្រាយ​»៕