​ក្រុមមន្ត្រី​យោធា​ហ្វីលីពីន បានឱ្យដឹងថា ទាហាន​ហ្វីលីពីន​បាន​ប្រយុទ្ធ​គ្នា​ដោយ​អាវុធ​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​មូស្លីម ដោយ​ធ្វើឱ្យ​ទាហាន​យ៉ាងហោច ៧ ​នាក់ និង​សកម្មប្រយុទ្ធ​ ២​ នាក់​ស្លាប់​។  ​យោងតាម​សារព័ត៌មាន AP​។

​ប្រមុខ​យោធា​ហ្វីលីពីន លោក Romeo Brawner Jr. បាន​និយាយថា ទាហាន ​៤​ នាក់​ផ្សេងទៀត បាន​រងរបួស​នៅក្នុង​ការ​វាយលុក​របស់​កងទ័ព​កាលពី​ថ្ងៃអាទិត្យ ប្រឆាំងនឹង​ក្រុម​សកម្ម​ប្រយុទ្ធ Dawlah Islamiyah ដែលជា​ក្រុម​ប្រដាប់អាវុធ​តូច​មួយ​មាន​ទំនាក់​ទំនងជា​មួយក្រុម​រដ្ឋ​អ៊ិ​ស្លាម ក្បែរ​កូន​ក្រុង Munai​ នៃ​ខេត្ត Lanao del Norte​។​

​មន្ត្រី​យោធា​និយាយថា កង​​ទ័ព​ហ្វីលីពីន​កំពុង​តាម​ប្រមាញ់​ក្រុម​សកម្មប្រយុទ្ធ ដែល​រត់​ដកខ្លួន​ចេញពី​កន្លែង​ប្រយុទ្ធ ប៉ុន្តែ​មិនដឹង​មាន​ចំនួន​ប៉ុន្មាន​នាក់​ទេ​។ ចំណែកឯ​លោក Brawner វិញ បាន​ប្តេជ្ញា​ថា​នឹង​រក​យុត្តិធម៌​ជូន​សម្រាប់​ទាហាន ដែល​ត្រូវបាន​បាញ់សម្លាប់ និង​រងរបួស​។


​ប្រតិបត្តិការ​យោធា​កាលពី​ថ្ងៃ​​អាទិត្យ ធ្វើឡើង​ដើម្បី​បង្ក្រាប​ក្រុម​សកម្មប្រយុទ្ធ Dawlah Islamiyah ដែលជា​អ្នក​វាយ​ប្រហារ​បំផ្ទុះ​គ្រាប់បែក​ក្នុង​ពិធី​បុណ្យ​សាសនា​កាតូលិក​ក្នុង​សាកលវិទ្យាល័យ​ក្រុង Marawi កាលពី​ខែធ្នូ ឆ្នាំមុន ដោយ​សម្លាប់​មនុស្ស ៤​ នាក់ និង​របួស ៥០​ នាក់​ផ្សេងទៀត​។ មកទល់ពេលនេះ យោធា​ហ្វីលីពីន បានសម្លាប់​ក្រុម​យុទ្ធ​​ជន ១៨​នាក់​រួចមកហើយ​។

​ក្រុម Dawlah Islamiyah ស្ថិតក្នុង​ចំណោម​ក្រុម​ប្រដាប់​​អាវុធ​មួយចំនួន ដែល​នៅតែ​បន្តធ្វើ​ចលនា​បះបោរ​ប្រយុទ្ធ​ដើម្បី​បំបែក​ខ្លួន​នៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន​។​


​ក្រុម​ផ្តាច់ខ្លួន​ប្រដាប់អាវុធ​ធំជាងគេ​គឺ​រណសិរ្ស​រំដោះ​អ៊ិ​ស្លាម ​Moro បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ឆ្នាំ ២០១៤​ ជាមួយ​រដ្ឋាភិបាល​ដោយបាន​បន្ធូរបន្ថយ​ការប្រយុទ្ធ​គ្នា ដែល​អូសបន្លាយ​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​នៅ​ហ្វីលីពីន​ដែល​សម្បូរ​ដោយ​កោះ​រាប់ពាន់​៕