​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បានទទួល​រថយន្ត​ ១ ​គ្រឿង ​ពី​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ជា​អំណោយ «​សម្រាប់​ប្រើប្រាស់​ផ្ទាល់ ខ្លួន​»​។ នេះ​បើតាម​សារព័ត៌មាន​ផ្លូវការ​បាន​រាយការណ៍​នៅ​ថ្ងៃទី​ ២០ ខែកុម្ភៈ​។​

​មេដឹកនាំ​កាន់អំណាច​យូរ​ឆ្នាំ​នៃ​ប្រទេស​ទាំង​ ២ ​បាន​ពង្រឹង​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ចាប់តាំងពី​លោក គីម និង​លោក ពូ​ទីន បាន​ជួបប្រជុំគ្នា​កាលពី​ខែកញ្ញា ឆ្នាំ ​២០២៣ ហើយ​បាន​សន្យា​ជំរុញឱ្យមាន​ការផ្លាស់ប្តូ​រលើ​គ្រប់​វិស័យ នៅពេល​ការ​ផ្តាច់ខ្លួន​ពី​អន្តរជាតិ​របស់​ពួកគេ​កាន់តែ​ស៊ីជម្រៅ ជុំវិញ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន និង​ការអភិវឌ្ឍ​អាវុធ​នុយ​ក្លេ​​អ៊ែរ​របស់​កូរ៉េខាងជើង​។​

​ទីភ្នាក់ងារសារព័ត៌មាន KCNA បាន​រាយការណ៍​ថា រថយន្ត​ដែល​ផលិត​នៅ​ប្រទេស​រុស្ស៊ី​ត្រូវបាន​ប្រគល់ជូន​ដល់​ជំនួយការ​កំពូល​របស់​លោក គីម ដោយ​ភាគី​រុស្ស៊ី​កាលពី​ថ្ងៃទី​ ១៨  ខែកុម្ភៈ​។​


KCNA បានឱ្យដឹងថា ប្អូនស្រី​របស់លោក គីម បាន​ថ្លែងអំណរគុណ​ចំពោះ​លោក ពូ​ទីន ដោយ​និយាយថា​៖ «​អំណោយ​នេះ​ដើរតួ​ជាការ​បង្ហាញ​យ៉ាងច្បាស់​អំពី​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ពិសេស​រវាង​មេដឹកនាំ​កំពូល​»​។​​ទោះយ៉ាងណា​មិនមាន​ការរៀបរាប់​ពី​ប្រភេទ​រថយន្ត​នេះ ឬ​របៀប​ដឹកជញ្ជូន​ពី​ប្រទេស​រុស្ស៊ី​ទៅ​កូរ៉េខាងជើង​ឡើយ​។​

​លោក គីម ត្រូវបាន​គេ​ជឿថា ជា​អ្នក​ចូលចិត្ត និង​ងប់​ង​ល់​រថយន្ត ១​ រូប ហើយ​មានការ​ប្រមូល​រថយន្ត​បរទេស​ដ៏​ប្រណីត​ជាច្រើន​ដែល​គេ​ជឿថា​ត្រូវបាន​រត់គេច​ពន្ធ​។ នៅ​ខែកញ្ញា​ឆ្នាំ​ ២០២៣ ខណៈពេលដែល​ទៅ​ទស្សនា​ស្ថានីយ​បាញ់​បង្ហោះ​យានអវកាស​របស់​រុស្ស៊ី​នៅ​ភាគ​ខាងកើត លោក គីម បាន​ត្រួតពិនិត្យ​រថយន្ត limousine Aurus Senat របស់​ប្រធានាធិបតី ពូ​ទីន និង​ត្រូវបាន​អញ្ជើញ​ដោយ​មេដឹកនាំ​រុស្ស៊ី​ឱ្យ​ឡើងទៅ​មើល​កៅអី​ខាងក្រោយ​។​


​ក្រៅពី​រថយន្ត​នោះ មាន​រថយន្ត​ផ្សេងទៀត​ដែល​លោក​បាន​មើល​ក្នុងនោះ រួមទាំង​រថយន្ត Mercedes ជាច្រើន​គ្រឿង រថយន្ត Rolls Royce Phantom និង​រថយន្ត​ស្ព័​រ Lexus ដែល​សុទ្ធតែ​បាន​ជាប់​ឈ្មោះ​ក្រោម​ទំនិញ​ប្រណីត ដែល​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ហាមឃាត់​មិនឱ្យ​នាំចេញ​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​។​

​ទំនាក់ទំនង​ស្អិតល្មួត​របស់​មេដឹកនាំ​ទាំង​ ២​ នាពេលនេះ នាំទៅដល់​ការផ្លាស់​​ប្តូរ​កាន់​តែមាន​សកម្ម​ភាព​កាន់តែខ្លាំង​ឡើង ហើយ​កូរ៉េខាងជើង​ត្រូវបាន​គេ​ជឿថា កំពុង​ផ្គត់ផ្គង់​កាំភ្លើង​ធំ គ្រាប់​​រ៉ុក្កែត និង​មី​ស៊ី​ល​ផ្លោង​ទៅឱ្យ​រុស្ស៊ី​សម្រាប់​ប្រើប្រាស់​ក្នុង​សង្គ្រាម​ប្រឆាំងនឹង​អ៊ុយ​ក្រែ​ន ប៉ុន្តែ​ភាគី​ទាំង ​២ ​តែង​ចេញមុខ​ច្រាន​ចោលការ​ចោទ​ពី​បស្ចិម​លោក​៕