ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន បានឱ្យដឹង​កាលពី​ថ្ងៃ​អង្គា​រថា អាមេរិក ​នឹង​ប្រកាស​ពី​កញ្ចប់​ទណ្ឌកម្ម​ដ៏​ធំថ្មី​មួយ​ប្រឆាំងនឹង​រុស្ស៊ី​ នៅ​ថ្ងៃ​សុក្រ​ ខាងមុខ ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ការស្លាប់​របស់​មេបក្ស​ប្រឆាំង​រុស្ស៊ី​ លោក អេ​ឡិច​ហ្ស៊ី ណា​វ៉ាល់​នី (Alexei Navalny) និង​គម្រប់​ខួប ២ ឆ្នាំ​នៃ​ការឈ្លានពាន​អ៊ុយ​ក្រែ​ន។ នេះ​បើតាម​ការរាយការណ៍រ​បស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ។ 

លោក​បៃ​ដិ​ន​បាន​បង្ហើប​ពី​បញ្ហា​នេះ ទៅកាន់​អ្នកសារព័ត៌មាន នៅពេល​លោក​ចេញដំណើរ​ទៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ ប៉ុន្តែ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​នោះទេ។

យ៉ាងណាមិញ ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេត​វិមាន លោក ជេ​ក ស៊ូ​លី​វ៉ាន (Jake Sullivan)​ បាន​​និយាយថា ការដាក់ទណ្ឌកម្ម​ចុង​ក្រោយ​បំផុត​ប្រឆាំងនឹង​រុស្ស៊ី នឹង​កំណត់​លើ​គោលដៅ​ជាច្រើន រួមទាំង​វិស័យ​ការពារជាតិ និង​ឧស្សាហកម្ម​ក៏ដូចជា​ប្រភព​ចំណូល​សេដ្ឋកិច្ច​នៃ​ប្រទេស​នេះ។ 


បន្ថែម​ពីលើ​នេះ អ្នកនាំពាក្យ​សន្តិសុខ​ជាតិ​របស់​សេត​វិមាន លោក ច​ន ឃឺ​រ​ប៊ី បាន​ថ្លែងថា កញ្ចប់​ទណ្ឌកម្ម​ថ្មី ធ្វើឱ្យ​រុស្ស៊ី​មាន​ទំនួល​ខុសត្រូវ​សម្រាប់​អ្វីដែល​បានកើត​ឡើង​ចំពោះ​លោក ណា​វ៉ាល់​វី និង​សម្រាប់​សកម្មភាព​របស់​ខ្លួន​នៅ​អ៊ុយ​ក្រែ​ន។

 មន្ត្រីជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​និយាយថា កញ្ចប់​ទណ្ឌកម្ម​មួយ ត្រូវ​បានគ្រោង​រួចរាល់​ហើយ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី ២ នៃ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ប៉ុន្តែ​ក្រោយមក អាមេរិក​ក៏បាន​ពិចារណា​ឡើងវិញ ដើម្បី​បន្ថែម​ទណ្ឌកម្ម​ឆ្លើយតប​នឹង​ការស្លាប់​របស់លោក ណា​វ៉ាល់​នី។   


កន្លងមក រដ្ឋាភិបាល​អាមេរិក​ក៏បាន​ដាក់ទណ្ឌកម្ម​ផងដែរ​លើ​រុស្ស៊ី ពាក់ព័ន្ធ​នឹង​ការបំពុល និង​ការចាប់​ដាក់គុក លោក ណា​វ៉ាល់​នី ក្នុង​ឆ្នាំ ២០២០ ដោយ​ទណ្ឌកម្ម​ទាំងនោះ​ផ្តោតទៅលើ​មនុស្ស​ ដែលមាន​ទំនាក់ទំនង​ជាមួយ​សេវា​សន្តិសុខ​សហព័ន្ធ (FSB) របស់​រុស្ស៊ី និង​មន្ត្រី​ដទៃទៀត។

លោក ណា​វ៉ាល់​នី បាន​ស្លាប់​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ក្រោយ​ដួលសន្លប់​ក្នុង​គុក​នៅ​តំបន់​អាក​ទិ​ក។ នេះ​បើតាម​មន្ត្រី​ពន្ធនាគារ​នៅ​ទីនោះ។ យ៉ាងណាមិញ ក្រុម​អ្នក​រិះគន់​បាន​ចោទប្រកាន់​រដ្ឋាភិបាល​រុស្ស៊ី​ថា​ជា​អ្នក​សម្លាប់​លោក ណា​វ៉ាល់​វី ហើយ​ទាមទារ​ឱ្យមាន​តម្លាភាព​លើ​ការស្លាប់​នេះ។ រដ្ឋាភិបាល​រុស្ស៊ី​បាន​ច្រានចោល​ការចោទប្រកាន់៕