ទីភ្នាក់ងារ​សន្តិសុខ​អេស្តូនី​ បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​​អង្គារ​ថា​ ខ្លួន​បាន​ចាប់​ខ្លួន​មនុស្ស​ ១០ នាក់​ ដែល​ជាប់​កា​រ​សង្ស័យ​ថា​បាន​ប្រព្រឹត្ត​អំពើ​បំផ្លិច​បំផ្លាញ​ បង្ក​ការ​ភ័យ​ខ្លាច​ និង​បង្កើន​ភាព​តាន​តឹង​ក្នុង​ប្រទេស​​បាល់ទិក​​មួយ​នេះ​ ក្រោម​ប្រតិបត្តិការ​ដែល​សម្រប​សម្រួល​ ដោយភ្នាក់ងារចារកម្ម​​​​រុស្ស៊ី​​។​ នេះ​បើ​តាម​ការ​រាយការណ៍​រប​ស់​​ទីភ្នាក់ងារ​សារព័ត៌មាន​ AP។

​សេវា​សន្តិសុខ​ផ្ទៃ​ក្នុង​អេស្តូនី​ បាន​និយាយ​ថា​ ក្នុង​ចំណោម​ជន​សង្ស័យ​ ដែល​ឃុំ​ខ្លួន​នៅ​ចន្លោះ​ខែ​ធ្នូ​ និង​ខែ​កុម្ភៈ​ មាន​មួយ​ចំនួន​បាន​ជាប់​ពាក់​ព័ន្ធ​នឹង​​ការ​វាយ​បំបែក​​កញ្ចក់​រថយន្ត​របស់​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​អេស្ដូនី​ លោក​​​ Lauri Laanemets​ និង​អ្នក​កាសែត​អេស្តូនី​ម្នាក់​​ កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​មុន​។​

ភ្នាក់ងារ​រដ្ឋាភិបាល​ដដែល​និយាយ​យ៉ាង​ដូច្នេះ​ថា​៖ «​ព័ត៌មាន​ដែល​ប្រមូល​បាន​នា​ពេល​បច្ចុប្បន្ន​ក្នុង​ដំ​​ណើរ​ការ​នីតិ​វិធី​ព្រហ្ម​ទណ្ឌ​បង្ហាញ​ថា​ភ្នាក់ងារ​ចារកម្ម​​រុស្ស៊ី​បាន​សម្រប​សម្រួល​ប្រតិបត្តិការ​កូន​កាត់ (ប្រ​តិបត្តិការដែល​​ប្រើ​ប្រាស់​វិធី​សាស្រ្ត​ផ្សេង​ៗ​រួច​បញ្ចូល​គ្នា​​)​ ប្រឆាំង​នឹង​សន្តិសុខ​នៃ​សាធារណរដ្ឋ​អេស្តូនី ដោយ​​ពាក់​ព័ន្ធ​នឹង​ជន​សង្ស័យ​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​»។


ភ្នាក់ងារ​បន្ត​ថា​៖«​​អ្វី​ដែល​សេវា​សន្តិសុខ​ផ្ទៃ​ក្នុង​អេស្តូនី​ដឹង​ គោល​បំណង​របស់​​​សកម្មភាព​របស់​ពួក​​​គេ​ គឺ​ដើម្បី​​បង្ក​​ការ​​ភ័យ​​ខ្លាច​​ និង​បង្កើត​ភាព​តាន​តឹង​នៅ​ក្នុង​សង្គម​អេស្តូនី​»​។

ទំនាក់​ទំនង​របស់​អេស្តូនី​ជាមួយ​រុស្ស៊ី​ដែល​នៅ​ជិត​ខាង​ ស្ថិត​ក្នុង​ភាព​មិន​ស៊ី​ចង្វាក់​គ្នា​រាប់​តាំ​ង​ពី​អេស្តូនី​ទទួល​ឯករាជ្យ​ពី​សូវៀត​ក្នុង​ឆ្នាំ​ ១៩៩១​ មក​។ អេស្ដូនី​ ដែល​​មាន​ជន​ជាតិ​ដើម​រុស្ស៊ី​រស់​នៅ​ជា​ច្រើ​ន​​​​នោះ​ បច្ចុប្បន្ន​ជា​សមាជិក​របស់​អង្គការ​ណាតូ ​និង​សហភាព​អឺរ៉ុប​ ​ ​ខណៈ​រុស្ស៊ី​​​តែង​នៅ​មិន​សុខ​ចំ​ពោះ​វត្តមាន​ជាប់​របង​បែប​នេះ​របស់​ណាតូ​៕