ប្រទេស​ជប៉ុន ដែល​មាន​សេដ្ឋកិច្ច​ធំបំផុត​ទី៤​ នៅ​ក្នុងពិភពលោក បាន​មើល​ឃើញ​ការ​កើន​ឡើង​នៃ​ចំនួន​អ្នកទេសចរ​ដល់ ​​២,៦៩​​ លាន​នាក់​ក្នុង​ខែមករា ដែល​ដូច​ទៅ​នឹង​ល្បឿន​កំណត់ត្រា​ឆ្នាំ​ ២០១៩ ​មុន​វិស័យ​ធ្វើ​ដំណើរ​ត្រូវ​បាន​វាយប្រហារដោយ​ការរីករាលដាល​​ជំងឺ​កូវីដ​ ១៩។ 

ទិន្នន័យ​ផ្លូវការសម្រាប់​ការ​កត់​ត្រា​ស្ថិតិទេសចរណ៍ ​​របស់​រដ្ឋាភិបាល​​បានបង្ហាញ​នៅ​ថ្ងៃ​ពុធ​នេះ ប្រទេស​ជប៉ុន​ បាន​ស្វាគមន៍​ភ្ញៀវទេសចរ​ជាង ២,៥​ លាន​នាក់​ ក្នុង​ខែមករា ដែល​មាន​​រយៈពេល​ប្រាំបី​ខែជាប់ៗគ្នា។ 


​ទីភ្នាក់ងារ​​រ៉យទ័រ​ បាន​ដកស្រង់​ទិន្នន័យ​ពី​អង្គការ​ទេសចរណ៍​ជាតិ​ជប៉ុន (JNTO) ដែល​កាត់​ត្រា​ឃើញ​ថា ចំនួន​ភ្ញៀវ​បរទេស​សម្រាប់​អាជីវកម្ម និង​ការកម្សាន្ត​មាន ២,៦៩​ លាន​នាក់​កាល​ពី​ខែ​មុន ធ្លាក់ចុះ​បន្តិច​ពី ២,៧៣​ លាន​នាក់​ ក្នុង​ខែធ្នូ​ ២០២៣​។

ការមកដល់​ក្នុង​ខែធ្នូ​គឺជា​កម្រិត​ខ្ពស់​​បំផុត​ក្រោយ​វិស័យ​ទេសចរណ៍ ​ត្រូវ​បាន​វាយប្រហារ​ដោយ​​ការ​រាតត្បាត​ជំងឺកូវីដ១៩​ ហើយ​បាន​បិទបាំង​ឆ្នាំ​នៃ​ការ​ជាសះស្បើយ​ពី​ជំងឺ​រាតត្បាត​ដែល​បានឃើញ​មាន​អ្នកទេសចរ​ច្រើនជាង ២៥​លាន​នាក់​ចូល​ប្រទេស។


ទេសចរណ៍​ចូលក្នុង​ប្រទេស​ជប៉ុន​​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន ហើយ​ភ្ញៀវទេសចរ​ បាន​ចំណាយ​ច្រើនជាង ៥ ពាន់​ពាន់​លាន​យ៉េន (៣៣,៣២​ ពាន់​លាន​ដុល្លារ) កាលពី​ឆ្នាំមុន ជា​លើកដំបូង​ដែល​លើសពី​គោលដៅ​របស់​រដ្ឋាភិបាល។

JNTO បាន​និយាយថា​ការមកដល់​ក្នុង​ខែមករា ​ត្រូវបាន​រង​ផលប៉ះពាល់​ដោយ​ការរញ្ជួយ​ដី​ដ៏​ធំ​នៅ​ថ្ងៃទី១​ ខែមករា​ នៅ​ភាគ​ខាងលិច​នៃ​ខេត្ត Ishikawa ទោះបីជា​ចំនួន​នេះ ​គឺ​ដូចគ្នា​ទៅនឹង​កម្រិត​ក្នុង​ឆ្នាំ ២០១៩​ នៅពេលដែល​ប្រទេស​ជប៉ុន​បាន​ស្វាគមន៍​ភ្ញៀវទេសចរ​ចំនួន ៣៩,៩ លាន​នាក់។

អ្នកធ្វើដំណើរ​មកពី​កូរ៉េខាងត្បូង តៃវ៉ាន់ និង​អូស្ត្រាលី​បាន​បង្កើត​កំណត់ត្រា​​ខ្ពស់​​ជាង​គេ។ 

រដ្ឋាភិបាល​ជប៉ុន​ក៏​ត្រៀម​ដាក់ចេញ​ឱ្យ​អនុវត្ត​​ទិដ្ឋាការ​​ឌីជីថល​ដែល​មានរយៈពេល​៦ខែ ​សំដៅ​​ទាក់​ទាញ​អ្នក​ប្រកប​អាជីវកម្ម​ អ្នក​ធ្វើការ​​ដែល​​ពឹង​ផ្អែក​លើ​បច្ចេកវិទ្យា​​ទៅ​ស្នាក់​នៅ​ប្រទេសជប៉ុន៕