​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ការរីក​រាលដាល​ដ៏​ឆាប់រហ័ស​នៃ​ជំងឺ​កញ្ជ្រឹល​។​កាលពី​ឆ្នាំ​​ ២០២៣ ជំងឺ​កញ្ជ្រឹល​ជាង​ ៣០៦ ០០០ ​ករណី​ បាន​កើតឡើង​នៅ​ទូទាំង​ពិភពលោក ពោលគឺ​កើនឡើង រហូតដល់​ ៧៩% ធៀប​ឆ្នាំ​ ២០២២​។​

​លោកស្រី Natasha Crowcroft ទីប្រឹក្សាបច្ចេកទេស​រប​ស់​អង្គការ​សុខភាព​ពិភពលោក​ខាង​ផ្នែក​ជំងឺ​កញ្ជ្រឹល និង​ស្អូច បាន​និយាយថា​៖«​យើង​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​កញ្ជ្រឹល​នៅលើ​ពិភព​លោក​»​។​

​លោកស្រី​បាន​សង្កត់ធ្ងន់ថា ករណី​ជំងឺ​កញ្ជ្រឹល​ច្រើនតែ​ត្រូវបាន​រាយការណ៍​តិចតួច មានន័យថា ចំនួន​ពិតប្រាកដ​ទំនង​ខ្ពស់ជាង​តួលេខ​ដែល​បានបង្ហាញ​ផ្លូវការ​។ ដើម្បី​បង្កើន​ភាពត្រឹមត្រូវ ទីភ្នាក់ងារ​សុខភាពរ​បស់​អង្គការ​សហប្រជាជាតិ​មួយ​នេះ បាន​ប៉ាន់​ប្រមាណ​តួលេខ​ជា​រៀងរាល់ឆ្នាំ ដោយ​តាម​ការប៉ាន់ប្រមាណ​ចុងក្រោយបង្អស់​បានបង្ហាញ​ថា មាន​អ្នក​កើត​កញ្ជ្រឹល​ចំនួន ៩,២ ​លាន​ករណី និង​ការស្លាប់​ដោយ​ជំងឺ​កញ្ជ្រឹល​ចំនួន ១៣៦ ២១៦​ នាក់​ក្នុង​ឆ្នាំ​ ២០២២​។​


​លោកស្រី Natasha បាន​កត់សម្គាល់ថា កំណើន​ករណី​កញ្ជ្រឹល​នៅ​ឆ្នាំមុន​មិនទាន់​ត្រូវបាន​បញ្ចប់​នៅឡើយ​ទេ​។ លោកស្រី​បាន​គូសបញ្ជាក់ថា នៅ​ឆ្នាំ ២០២២ ​ការស្លាប់​មានការ​កើនឡើង ៤៣% បើ​ធៀប​នឹង​ឆ្នាំ​ ២០២១​។ ជាមួយនឹង​ការកើនឡើង​នៃ​អ្នក​កើត​កញ្ជ្រឹល​ជា​បន្តបន្ទាប់ លោកស្រី​បាន​និយាយ​ទៅកាន់​អ្នកកាសែត​នៅ​ទីក្រុង​ហ្សឺ​ណែវ​ថា ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​កញ្ជ្រឹល​នៅ​ឆ្នាំ ​២០២៣ ទំនងជា​បាន​កើនឡើង​ដែរ​។​

​លោកស្រី​បាន​ព្រមាន​ថា៖ «​ឆ្នាំនេះ​នឹងមាន​បញ្ហា​ប្រឈម​ជាច្រើន ដោយ​ជាង​ពាក់កណ្តាល​នៃ​ប្រទេស​ទាំង​អស់​នៅ​ទូទាំង​ពិភពលោក​បច្ចុប្បន្ន​ត្រូវបាន​គេ​ចាត់ទុកថា​មាន​ហានិភ័យ​ខ្ពស់​នៃ​ការផ្ទុះ​ជំងឺ​កញ្ជ្រឹល​នៅ​ចុងឆ្នាំ ២០២៤»​។​


​បន្ថែម​លើ​នេះ កុមារ​ប្រហែល ១៤២ ​លាន​នាក់​ ត្រូវបាន​គេ​សន្និដ្ឋានថា​ងាយ​នឹង​កើត​ជំងឺ​នេះ​។ កញ្ជ្រឹល​ គឺជា​ប្រភេទ​ជំងឺ​ដែល​អាច​ប៉ះពាល់​ដល់​កុមារ​យ៉ាងខ្លាំង និង​ងាយ​ឆ្លងទៅ​ពួកគេ​ទៀតផង ដោយសារតែ​វា​បង្កឡើង​ដោយ​វីរុស​។ ផលវិបាក​ធ្ងន់ធ្ងរ​របស់​ជំងឺ​នេះ​រួមមាន​ដូចជា ពិការភ្នែក ហើម​ខួរក្បាល រាក និង​ការឆ្លង​មេរោគ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​។​

​លោកស្រី Natasha បាន​សន្មត​ថា​ចំនួន​កើនឡើង​នៃ​អ្នក​កើត​ជំងឺ​នេះ មានន័យថា លទ្ធភាព​ក្នុងការ​ផ្ដល់​ការចាក់​ថ្នាំ​បង្ការ​ធ្លាក់ចុះ​។ ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាត យ៉ាងហោចណាស់ ៩៥%​ នៃ​កុមារ​នៅក្នុង​តំបន់​មួយ​ត្រូវ​​តែ​ទទួល​ថ្នាំ​បង្ការ​ឱ្យបាន​ពេញលេញ​ដើម្បី​ប្រឆាំងនឹង​ជំងឺ​នេះ ប៉ុន្តែ​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ជាស​កល​បាន​ធ្លាក់ចុះ​រហូតដល់​ទៅ ៨៣%​។​

​ករណី​កើត​ជំងឺ​កញ្ជ្រឹល និង​ការ​ស្លាប់​ពី​ប្រទេស ​១ ទៅ​ប្រទេស​ ១ ឬ​ពី​តំបន់​ ១ ទៅ​តំបន់​ ១ មិន​ដូចគ្នា​ទេ​។ នៅ​កន្លែង​ខ្លះ​មាន​អ្នក​កើត​ជំងឺ​នេះ និង​ការស្លាប់​ច្រើនជាង​ធម្មតា បើ​ធៀប​ទៅនឹង​តំបន់​ផ្សេងទៀត​ក្នុង​សកល​លោក​៕