មហាអំណាច​សហរដ្ឋអាមេរិក​ដែលជា​សម្ព័ន្ធមិត្ត​គាំទ្រ​ដ៏​សំខាន់​របស់​អ៊ី​ស្រា​អែល ជាថ្មី​ម្តងទៀត​បាន​បោះឆ្នោត ​«​វេតូ​»​ លើ​សេចក្តីព្រាង​សេចក្តីសម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ​(UNSC) ស្តីពី​សង្គ្រាម​អ៊ី​ស្រា​អែល និង​ក្រុម​ហា​ម៉ាស់ ដែល​ទាមទារ​ឱ្យមាន​បទ​ឈប់​បាញ់​មនុស្សធម៌​ជាបន្ទាន់ ដែល​ព្រាង​នឹង​ស្នើឡើង​ដោយ​ប្រទេស​អាល់​ហ្សេ​រី​។​

​ការបោះឆ្នោត​វេតូ​លើក​ទី​ ៣ ​រួមទាំង​លើក​នេះ របស់​សហរដ្ឋអាមេរិក កើតមាន​ចាប់តាំងពី​ការចាប់ផ្តើម​សង្គ្រាម​នៅ​តំបន់​ហ្គា​ហ្សា​នា​ថ្ងៃទី​ ៧ ខែតុលា ​២០២៣ ដែល​ផ្តើម​ដោយ​ក្រុម​ហា​ម៉ាស់​វាយឆ្មក់​ចូល​អ៊ីស្រា​អែល សម្លាប់​មនុស្ស ១ ២០០ ​នាក់ និង​ចាប់​ចំណាប់ខ្មាំង ២៤០ ​នាក់​។​

​ខណៈដែល​ខ្លួន​បាន​រុញច្រាន​ឱ្យ​ស្ថាប័ន​ដែលមាន​សមាជិក​ចំនួន​ ១៥ អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​បណ្តោះអាសន្ន ភ្ជាប់​ទៅនឹង​ការដោះលែង​ចំណាប់ខ្មាំង​របស់​ក្រុម​ហា​ម៉ាស់​។​
​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ចំនួន​ ១៣ ​ប្រទេស​ក្នុងចំណោម ​១៥ ​ប្រទេស​បាន​បោះឆ្នោត​គាំទ្រ​លើ​សេចក្តីសម្រេច​ដែល​ព្រាង​ដោយ​ប្រទេស​​អាល់​ហ្សេ​រី ខណៈដែល​ចក្រភព​អង់គ្លេស​បាន​អនុប្បវាទ​។​


​យោង​ការផ្សាយ​របស់​រ៉​យ​ទ័​រ ឯកអគ្គ​រដ្ឋទូត​របស់​អាល់​ហ្សេ​រី​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ លោក Amar Bendjama បាន​ប្រាប់ UNSC មុនពេល​បោះឆ្នោត​ថា​៖«​ការបោះឆ្នោត​គាំទ្រ​សេចក្តីព្រាង​ដំណោះ​ស្រាយ​នេះ​គឺជា​ការគាំទ្រ​ដល់​សិទ្ធិ​រស់រាន​មានជីវិត​របស់​ប៉ា​ឡេ​ស្ទី​ន​។ ផ្ទុយទៅវិញ ការបោះឆ្នោត​ប្រឆាំងនឹង​ដំណោះស្រាយ​នេះ​បង្កប់ន័យ​យល់ព្រម​ឱ្យមាន​អំពើហិង្សា​ដ៏​ឃោរឃៅ និង​ការដាក់ទណ្ឌកម្ម​ជា​សមូហភាព​មកលើ​ពួកគេ​»​។  

​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានផ្តល់​សញ្ញា​កាល​ពីថ្ងៃ​ទី​ ១៧ ខែកុម្ភៈ​ថា សហរដ្ឋអាមេរិក​នឹង​វេតូ​លើ​សេចក្តីព្រាង​ដំណោះស្រាយ​នេះ ជុំវិញ​ការព្រួយបារម្ភ​ថា វា​អាច​ប៉ះពាល់​ដល់​កិច្ចចរចា​រវាង​សហរដ្ឋអាមេរិក អេ​ហ្ស៊ី​ប អ៊ី​ស្រា​អែល និង​កាតា ដែល​ស្វែងរក​ការ​​ផ្អាក​សង្គ្រាម និង​ការដោះលែង ចំណាប់​ខ្មាំង​ដែល​ឃុំខ្លួន​ដោយ​ក្រុម​ហា​ម៉ាស់​នៅ​តំបន់​ហ្គា​ហ្សា​។​


​អ្នកស្រី Thomas-Greenfield បាន​ប្រាប់​ក្រុមប្រឹក្សា​មុន​ការបោះឆ្នោត​ថា​៖«​ការទាមទារ​ឱ្យមាន​បទ​ឈប់​បាញ់​ភ្លាមៗ​ដោយ​គ្មាន​លក្ខខណ្ឌ ដោយ​គ្មាន​កិច្ច​ព្រម​ព្រៀង​ដែល​តម្រូវឱ្យ​ក្រុម​ហា​ម៉ាស់​ដោះលែង​ចំណាប់ខ្មាំង​នឹងមិន​នាំមក​នូវ​សន្តិភាព​យូរ​អង្វែង​ទេ​។ ផ្ទុយទៅវិញ វា​អាច​បន្ត​ការ​ប្រយុទ្ធ​រវាង​ហា​ម៉ាស់ និង​អ៊ី​ស្រា​អែល​»​។​

​សេចក្តីសម្រេច​ដែល​ព្រាង​ដោយ​អាល់​​ហ្សេ​រី ដែល​ត្រូវបាន​វេតូ​ដោយ​សហរដ្ឋ​​អាមេរិក មិនបាន​ភ្ជាប់​បទ​ឈប់​បាញ់​ទៅនឹង​ការដោះលែង​ចំណាប់ខ្មាំង​ទេ​។ វា​បានទាមទារ​ដាច់ដោយឡែក​ពីគ្នា​នូវ​បទ​​ឈប់​បាញ់​មនុស្សធម៌​ជាបន្ទាន់ និង​ការដោះលែង​ចំណាប់ខ្មាំង​ទាំងអស់​ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ​។​

​លោក Barbara Woodward ឯកអគ្គ​រដ្ឋទូត​អង្គការសហប្រជាជាតិរ​បស់​ចក្រភព​​អង់គ្លេស ដែលជា​សមាជិក​អចិ​ន្រៃ្ត​យ៍​នៅ UNSC បាន​ប្រាប់​ក្រុមប្រឹក្សា​បន្ទាប់ពី​ការ​បោះឆ្នោត​ថា​៖«​គ្រាន់តែ​អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់ ដូចដែល​ដំណោះស្រាយ​នេះ​ធ្វើ នឹងមិន​ធ្វើឱ្យ​វា​កើតឡើង​ទេ​»​។​

​លោក Barbara Woodward បាន​និយាយថា​៖«​មធ្យោបាយ​ដើម្បី​បញ្ឈប់​ការ​​ប្រយុទ្ធ​គ្នា ហើយ​អាច​បញ្ឈប់​វាពី​ការកើតឡើង​សង្គ្រាម​ជាថ្មី គឺ​ត្រូវ​ចាប់ផ្តើម​ដោយ​ការផ្អាក​សង្គ្រាម​មួយ​ដើម្បី​ដក​ចំណាប់ខ្មាំង​ចេញ និង​ដាក់​ជំនួយ​ចូលទៅ​»៕