ក្រុមហ៊ុន​ផលិត​យន្តហោះ ​Boeing នៅ​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រកាស​ពី​ការត្រៀមខ្លួន​ ក្នុងការ​ប្រកួតប្រជែង​ជាមួយនឹង​ក្រុមហ៊ុន​ផលិត​យន្តហោះ​ក្នុងស្រុក​របស់​ប្រទេស​ចិន ​ប្រភេទ C919 ដែល​បានដាក់​បង្ហាញ​ដល់​អ្នកទិញ​អន្តរ ជាតិ​នៅក្នុង​កម្មវិធី​ពិព័រណ៍​យន្តហោះ​ដ៏​ធំ​បំផុត​នៅ​អាស៊ី ហៅថា​ Singapore Airshow ។ យន្តហោះ C919 ត្រូវបាន​គេ​ដាក់​បង្ហាញ​តាមរយៈ​ការហោះហើរ​នៅលើ​អាកាស​និង​ការបើកបរ​នៅលើ​ដី ដើម្បី​ទាក់ទាញ​អ្នកទិញ​ទូទាំង​ពិភពលោក។

ក្រុមហ៊ុន​សាជីវកម្ម​យន្តហោះ​ពាណិជ្ជកម្ម​របស់​រដ្ឋ​ចិន​ឬ​ហៅ​កាត់​ថា COMAC មាន​គោល​បំណង​​ផលិត​យន្តហោះ​ប្រភេទ C919 នេះ​ឡើង​ដើម្បី​ជា​គូប្រជែង​នឹង​យន្តហោះ A320 របស់​ក្រុមហ៊ុន ​Airbus និង737 MAX របស់​ក្រុមហ៊ុន​Boeing ដែល​បច្ចុប្បន្ន​កំពុងមាន​វត្តមាន​នៅលើ​ទីផ្សារ​យន្តហោះ​អន្តរជាតិ។


លោក​ដេ​វ ស្កាល់​តេ (Dave Schulte) នាយក​គ្រប់គ្រង​ទីផ្សារ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន ​Boeing ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន​និយាយថា​ យន្តហោះ C919 មាន​តួខ្លួន​ប្រហាក់ប្រហែល​នឹង​យន្តហោះ​រាង​តូចចង្អៀត​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​Boeing និង ​Airbus ដូច្នេះ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​តំបន់​អាច​ពិចារណា​បាន។

លោក​បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​កន្លែង​តាំងពិព័រណ៍​ថា៖"វា​គឺជា​យន្តហោះ​ដែល​យើង​នឹង​បន្ត​ប្រកួតប្រជែង​ជាមួយ"។លោក​បាន​បន្ថែមថា៖ "ក្រុមហ៊ុន​ផលិតនីមួយៗត្រូវការ​បង្ហាញ​​ពី​គុណសម្បត្តិ​នៃ​យន្តហោះ​របស់ខ្លួន​ ដល់​ក្រុមហ៊ុន​អាកាស ចរណ៍​ និង​ភាពខ្លាំង​នៃ​ការផលិត​របស់​ពួកគេ"។


លោក ស្កាល់​តេ​បាន​និយាយថា "ខ្ញុំ​ជឿថា​ COMAC នឹង​ប្រឈមមុខ​នឹង​បញ្ហា​ដែល​ពួកគេ​នឹងត្រូវ​គិតគូរ​ដោះស្រាយ​ដើម្បី​រក្សា​ការប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​ក្នុង​តំបន់"។ លោក​បាន​រំពឹង​ថា​តំបន់​អាស៊ីអាគ្នេយ៍​នឹង​ត្រូវការ​យន្តហោះ​ថ្មី​ចំនួន ៤២២៥ គ្រឿង​នៅត្រឹម​ឆ្នាំ​២០៤២​ ហើយ​​ក្រុមហ៊ុន​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ប្រកួតប្រជែង​ជាមួយ​COMAC ។

លោក​បាន​ព្យាករ​ថា តម្រូវការ​នឹង​កើនឡើង​បន្ថែមទៀត ដោយសារតែ​ថវិកា​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ភាគច្រើន​នៅមានកម្រិត ដូច្នេះ​វា​នឹងមាន​ប្រជាប្រិយ​ភាពខ្លាំង​នៅក្នុង​តំបន់​ដែលមាន​មនុស្ស​ជាង ៦៥០ លាន​នាក់​រស់នៅ។យន្តហោះ C919 បានចាប់ផ្តើម​ប្រតិបត្តិការ​ជើងហោះហើរ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​ចិន​ ចាប់តាំងពី​ខែឧសភា​ឆ្នាំ២០២៣ ហើយ​ត្រូវបាន​ដាក់តាំង​បង្ហាញ​ជា​លើកដំបូង​នៅ​ខាងក្រៅ​ប្រទេស​ចិនដីគោក​ក្នុង​ទីក្រុង​ហុងកុង​កាលពី​ខែធ្នូ។

ក្រុមហ៊ុន COMAC បាន​លក់​យន្តហោះ C919 ចំនួន ៤០ គ្រឿង​ ហើយ​ទៅឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍ ​Tibet Airlines របស់​ប្រទេស​ចិន​ ប៉ុន្តែ​មិនទាន់​អាច​ទាក់ទាញ​អ្នកទិញ​ពី​ប្រទេស​ផ្សេងទៀត​នៅឡើយ​ទេ។ ដោយឡែក ក្រុមហ៊ុន ​Boeing បានប្រកាសថា​ក្រុមហ៊ុន​អាកាសចរណ៍​​ Royal Brunei Airlines បាន​បញ្ជា​ទិញ​យន្តហោះ​ប្រភេទ ៧៨៧ ចំនួន ៤ គ្រឿង​ហើយ​ក្រុមហ៊ុន​ Thai Airways បាន​បញ្ជា​ទិញ​យន្តហោះ​ប្រភេទ ​Dreamliners ចំនួន​រហូតដល់​ទៅ ៤៥ គ្រឿង​ឯណោះ។

បើទោះបីជា​ការតាំងពិព័រណ៍​យន្តហោះ​នេះ បានផ្តល់​ឱកាស​ឱ្យ​ទីក្រុង​ប៉េកាំង​អាចដាក់​បង្ហាញ​យន្តហោះ​ប្រភេទC919 អ្នកវិភាគ​អាកាសចរណ៍​លោក ស៊ូ​កូ យូ​សូ​ហ្វ (ShukorYusof)​ មកពី​ក្រុមហ៊ុន​ប្រឹក្សា ​Endau Analytics របស់​ប្រទេស​សិង្ហ​បុរី បាន​លើកឡើងថា ក្រុមហ៊ុន COMAC នឹង​ជួបប្រទះ​នឹង​ការប្រកួតប្រជែង​ខ្លាំង​ក្នុងការ​ទាក់ទាញ​អ្នកទិញ​អន្តរជាតិ។

លោក​បាន​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​AFP ថា៖«បើទោះបីជា​ប្រទេស​ចិន​បាន​នាំមុខគេ​នៅក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី​ក៏ដោយ​នៅក្នុង​វិស័យ​អាកាសចរណ៍ នៅតែមាន​ការយល់ឃើញ​អវិជ្ជមាន ទាក់ទង​នឹង​ម៉ាក​យីហោ​ដែល​ដាក់​ឃ្លា​ថា ផលិត​នៅ​ប្រទេស​ចិន (Made in China)»។

លោក​បាន​ពន្យល់​បន្តថា៖"យន្តហោះ C919 ត្រូវការ​ពេលវេលា​យូរ ដើម្បី​ទទួលបាន​ការបញ្ជាទិញ​ពី​ក្រុមហ៊ុន​អាកាសចរណ៍ធំៗមួយចំនួន"។ លោក​បាន​កត់សម្គាល់ថា​វា​ជា​រឿង​ចៀស​មិន​រួច​នោះទេ ពោលគឺ​ក្រុមហ៊ុន​អាកាសចរណ៍​លំដាប់​កំពូល​នឹង​ទិញ​យន្តហោះ​ពាណិជ្ជកម្ម​ដែល​ផលិត​ដោយ​ប្រទេស​ចិន៕