ប្រទេស​ចិន​កាលពី​ថ្ងៃទី២១ ខែកុម្ភៈ​ កន្លងទៅថ្មីៗនេះ​បាន​ប្រឈម​នឹង​ការព្រមាន​អាកាសធាតុ​ធ្ងន់ធ្ងរ​ដែល​បាន​កើតឡើង​នៅ​ទូទាំងប្រទេស​ចិន ខណៈ​សីតុណ្ហភាព​នៅ​ទូទាំង​ភាគខាងត្បូង​បាន​ធ្លាក់ចុះ​ខ្លាំង​ហើយ​ទីក្រុង​ប៉េកាំង​បាន​ក្របដណ្តប់​ដោយ​ព្រិល។

អាជ្ញាធរ​ចិន​បាន​ជូនដំណឹង​ជាថ្មី​កម្រិត​ពណ៌​ទឹកក្រូច​ដែល​ស្ថិតក្នុង​កម្រិត​ខ្ពស់បំផុត​នៅក្នុង​ប្រព័ន្ធ​ទាំង៣របស់​ប្រទេស​ដោយ​ព្រមាន​ថា​សីតុណ្ហភាព​ជា​មធ្យម​អាច​ធ្លាក់ចុះ​ចន្លោះ​ពី​៦​ទៅ​១២អង្សា​សេ​បន្ថែមទៀត ត្រឹម​ថ្ងៃទី២៣ខែកុម្ភៈ​នៅ​ភាគខាងត្បូង​ខណៈ​បច្ចុប្បន្ន​វា​មាន​សីតុណ្ហភាព​ប្រហែល០អង្សា​សេ។

ដោយឡែក​មជ្ឈមណ្ឌល​ឧតុនិយម​ជាតិចិន (NMC) បាន​និយាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា​នៅ​តំបន់​ខ្លះ​សីតុណ្ហភាព​អាច​ធ្លាក់ចុះ​លើសពី២០អង្សា​សេ។


ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ Xinhua បានឱ្យដឹងថា NMC បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ក្នុង​តំបន់​ចាត់វិធានការ​ប្រុងប្រយ័ត្ន​ប្រឆាំងនឹង​អាកាសធាតុ​ត្រជាក់​ណែនាំ​សាធារណជន​ឱ្យ​រក្សា​កម្តៅ​និង​អំពាវនាវ​ឱ្យមាន​វិធានការ​ចាំបាច់​ដើម្បី​ការពារ​ដំណាំ​និង​ផលិតផល​ជលផល​ផងដែរ។

នៅ​ទីក្រុង​ប៉េកាំង​ឯណោះ​វិញ​ជា​កន្លែង​ដែល​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង​កាលពី​ថ្ងៃទី២១ខែកុម្ភៈ​ប្រជាជន​ក្នុង​តំបន់​ភ្ញាក់​ដឹងខ្លួន​ពី​ដំណេក​ក៏​ឃើញ​រដ្ឋធានី​ត្រូវបាន​គ្របដណ្តប់​ដោយ​ពណ៌​ស​ក្រោយពី​ព្រិល​ធ្លា​ក់ឥត​ឈប់​ពេញ១យប់។


ចំណែក​ចរាចរណ៍​លើផ្លូវ​ហាយ​វេ​ក្នុង​ទីក្រុង​អាចធ្វើ​ដំណើរ​បាន​យឺត​បំផុត​ខណៈដែល​ផ្លូវ​ក្រាល​ដោយ​ធូលី​ព្រិល​បង្ក​គ្រោះថ្នាក់​សម្រាប់​អ្នកធ្វើដំណើរ​និង​អ្នកជិះ​កង់។ស្របពេល​ជាមួយគ្នានេះ​អាជ្ញាធរ​ក្រុង ក៏បាន​និយាយថា​ព្រិល​ធ្លាក់​រហូតដល់៤.១សង់ទីម៉ែត្រ​នៅ​តំបន់​ជាយក្រុង​មួយចំនួន។

រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​តាម​អ៊ីនធឺណិត​កាលពី​ថ្ងៃទី២០ខែកុម្ភៈ​ផ្ដល់​អនុសាសន៍​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ឱ្យធ្វើ​ដំណើរ​ដោយ​ប្រើប្រាស់​មធ្យោបាយ​រថយន្ត​ក្រុង​សាធារណៈ​និង​រថភ្លើង​ក្រោម​ដី​ហើយ​ប្រសិន​បើកបរ​រថយន្ត​ផ្ទាល់ខ្លួន​គួរ​បើកយឺតៗនិង​យកចិត្តទុកដាក់​បំផុត​ដាក់​ចំពោះ​សុវត្ថិភាព៕