សមាជិក​សហភាព​អឺរ៉ុបនៅ​ថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០២៤​បានសម្រេច​ដាក់ទណ្ឌកម្ម​ទៅលើ​ប្រទេស​រុស្ស៊ី​បន្ថែម​ជា​លើក​ទី១៣ប្រឆាំងនឹង​ការឈ្លានពាន​ទឹកដី​អ៊ុយ​ក្រែ​ន​ពី​សំណាក់​រុស្ស៊ី។ទណ្ឌកម្ម​នេះ​បានដាក់​ទៅលើ​ក្រុមហ៊ុន និង​បុគ្គល​សរុប​ជិត២០០ ស្ថាប័ន/នាក់ ដោយ​សហភាព​អឺរ៉ុប​បាន​ចោទប្រកាន់​ពួកគេ​ថា​បាន​ជួយ​រុស្ស៊ី​ក្នុង​ការទិញ​អាវុធ​ហើយ​ខ្លះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការចាប់​ពង្រត់​កុមារ​នៅ​អ៊ុយ​ក្រែ​ន។

ប្រទេស​បែលហ្ស៊ិក​ដែលមាន​តួនាទី​ជា​ប្រធាន​សហភាព​អឺរ៉ុប​បានប្រកាស​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​បាន​យល់ព្រម​ជាគោលការណ៍ ទៅលើ​ការដាក់ទណ្ឌកម្ម​ជុំ​ទី១៣ប្រឆាំងនឹង​រុស្ស៊ី​ចំពោះ​ការឈ្លានពាន​ទឹកដី​អ៊ុយ​ក្រែ​ន។ បែលហ្ស៊ិក​បាន​ពណ៌នា​ថា វិធាន​ការលើក​នេះ​គឺជា​សំណុំ​ទណ្ឌកម្ម​ដ៏​ធំ​បំផុត​ដែល​សហភាព​អឺរ៉ុប​បានអនុម័ត​រួចស្រេច​ហើយ។

វិធានការ​ដាក់ទណ្ឌកម្ម​ថ្មី​នេះ​បាន​រៀបរៀង​ឈ្មោះ​ក្រុមហ៊ុន ស្ថាប័ន និង​បុគ្គល​ចំនួន១៩៣ ទៅក្នុង​បញ្ជី​ហាមឃាត់​មិនឱ្យ​ធ្វើដំណើរ​ចូល​ឬ​ធ្វើ​អាជីវកម្ម​នៅក្នុង​សហភាព​អឺរ៉ុប​ឡើយ។យ៉ាងណាក៏ដោយ​គេ​មិនឃើញ​មានការ​ដាក់ទណ្ឌកម្ម​ដែល​ផ្តោតទៅលើ​វិស័យសេដ្ឋកិច្ច​រុស្ស៊ី​ជាក់លាក់​នោះទេ។នេះ​បើ​យោងតាម​ប្រភព​ការទូត​មួយ​របស់​សហភាព​អឺរ៉ុប។


យោងតាម​ប្រភព​មួយចំនួន​បានឱ្យដឹងថា បញ្ជីរាយឈ្មោះ​នោះបាន​បែង​ចែកជា២គឺ ឈ្មោះ​របស់​ក្រុមហ៊ុន និង​ឈ្មោះ​របស់​បុគ្គល​ដែល​ពួកគេ​មាន​ទំនាក់ទំនង​ជាមួយ​យោធា​របស់​រុស្ស៊ី​និង​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​និង​ចាប់ពង្រត់​កុមារ​នៅ​អ៊ុយ​ក្រែ​ន។លើសពីនេះ នៅក្នុង​បញ្ជី​ដាក់ទណ្ឌកម្ម​នោះ​ក៏មាន​ឈ្មោះ​ក្រុមហ៊ុន​មួយ​មកពី​កូរ៉េខាងជើង​និង​ក្រុមហ៊ុន​មួយ​មកពី​បេឡា​រុស​ផងដែរ។

កាលពី​ខែមីនា ឆ្នាំ២០២៣ប្រធាន​រដ្ឋអាជ្ញា​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​បាន​និយាយថា​រុស្ស៊ី​បាន​បញ្ជូន​កុមារ​រាប់រយ​នាក់​ចេញពី​មណ្ឌល​កុមារកំព្រា​និង​កន្លែង​មើលថែ​នៅក្នុង​តំបន់​ទឹកដី​អ៊ុយ​ក្រែ​ន​ដែល​ខ្លួន​កាន់កាប់។ កុមារ​ភាគច្រើន​ត្រូវបាន​គ្រួសារ​រុស្ស៊ី​យកទៅ​ធ្វើជា​កូនចិញ្ចឹម។


តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​បាន​ចោទប្រកាន់​មន្ត្រី​ពាក់ព័ន្ធ​រួមទាំង​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin)ពីបទ​ចាប់ជំរិត​កុមារ​អ៊ុយ​ក្រែ​ន​ដោយ​ចាត់ទុកថា​វា​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម។ប៉ុន្តែ ទីក្រុង​ម៉ូស្គូ​បាន​បដិសេធ​ការចោទប្រកាន់​នេះ​ដោយ​អះអាងថា​ខ្លួន​បាន​យក​កុមារ​ចេញពី​តំបន់​ជម្លោះ ដើម្បី​ការពារ​សុវត្ថិភាព​របស់​ពួកគេ​តែប៉ុណ្ណោះ។អ៊ុយ​ក្រែ​ន​បាន​អះអាងថា​រុស្ស៊ី​បាន​បញ្ជូន​កុមារ​ជាង៤ពាន់​នាក់​ចូលទៅ​ទឹកដី​រុស្ស៊ី។

ទណ្ឌកម្ម​ថ្មី​នេះ​ផងដែរ ក៏​កំណត់​គោលដៅ​ទៅលើ​ភាគី​ពាក់ព័ន្ធ​នឹង​ការគាំទ្រ​ដល់​យោធា​របស់​រុស្ស៊ី​ជាពិសេស​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ផលិត​យន្តហោះ​គ្មាន​មនុស្ស​បើក​ទៅឱ្យ​រុស្ស៊ី។ឈ្មោះ​ក្រុមហ៊ុន​ចំនួន២៧ត្រូវបាន​បញ្ចូល​ទៅក្នុង​ឧបសម្ព័ន្ធ​ទី៤ហើយ​បានចែង​ហាមឃាត់​ក្រុមហ៊ុន​អឺរ៉ុប​ទាំងអស់ ធ្វើ​ការទិញ​លក់ទំនិញ​ជាមួយ​ពួកគេ។

យោងតាម​ប្រភព​មួយចំនួន​បានឱ្យដឹងថា​ភាគច្រើន​នៃ​ក្រុមហ៊ុន​ទាំងនោះ គឺជា​ក្រុមហ៊ុន​រុស្សី​ប៉ុន្តែ​ក៏មាន ៣ ក្រុមហ៊ុន​មកពី​ចិនដីគោក​និង ១ ក្រុមហ៊ុន​មកពី​ហុងកុង។ ទណ្ឌកម្ម​នេះ​នឹងត្រូវ​អនុម័ត​ជា​ផ្លូវការ​ក្នុងពេល​ជាមួយគ្នា​នឹង​ខួប​លើក​ទី២នៃ​ការឈ្លានពាន​របស់​រុស្ស៊ី​ទៅលើ​ទឹកដី​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃទី២៤ខែកុម្ភៈ។

លោក​អូ​ស៊ូ​ឡា វ៉ុ​ន​ដេ ឡេ​យ៉េន (Ursula von der Leyen) ប្រធាន​គណៈកម្មការ​អឺរ៉ុប​បានលើកឡើង​នៅលើ​បណ្ដាញ​សង្គម​Xថា៖"យើង​ត្រូវ​បន្ត​ធ្វើឱ្យ​ប្រតិបត្តិការ​យោធា​របស់​ពូ​ទីន​ចុះខ្សោយ ហើយ​យើង​ក៏​កំពុង​កាត់ផ្ដាច់​រុស្ស៊ី​ពី​លទ្ធភាព​ទទួលបាន​ការ​នាំចូល​យន្តហោះ​គ្មាន​មនុស្ស​បើក​បន្ថែមទៀត"។ សហភាព​អឺរ៉ុប​ក៏បាន​បន្ត​រយៈពេល​ដាក់ទណ្ឌកម្ម​ដែលមាន​ស្រាប់​ដែល​រួមមាន​បុគ្គល​និង​ក្រុមហ៊ុន​ប្រមាណ​ជា២០០០ ស្ថាប័ន/នាក់​សម្រាប់​រយៈពេល ៦ខែ​ទៀត៕