ប្រទេស​ម៉ាឡេស៊ី​ គ្រោង​នឹង​ចម្លង​​​នូវ​​​វិធី​សាស្រ្ត​ថ្មី​ជា​ច្រើន​ ​ដែល​ជប៉ុន​ប្រើ​ប្រាស់​សម្រាប់​គ្រប់​គ្រង​គ្រោះ​​​មហន្តរាយ​ រួម​ទាំង​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យាបញ្ញា​សិប្បនិម្មិត​​​(AI) ​និង​ទិន្នន័យ​ធំ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទឹក​ជំនន់​នៅ​ក្នុង​ប្រទេស​។​ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ជាតិ​ម៉ាឡេស៊ី​ Bernama នៅ​ថ្ងៃ​ព្រហស្បតិ៍​។

ឧប​នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​ លោក​ Ahmad Zahid Hamidi ​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ បាន​​​ថ្លែង​ប្រាប់​សារព័ត៌មាន​ម៉ាឡេស៊ី​ពី​ទីក្រុង​អូសាកា ក្រោយ​ពីបាន​សិក្សា​ស្វែង​យល់​ពី​របៀប​ដែល​ជប៉ុន​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ថា​ វិធីសាស្រ្ត​ជប៉ុន​ ​​បាន​បង្ហាញ​ពី​ប្រសិទ្ធភាព​ក្នុង​ការ​ដោះ​ស្រាយ​គ្រោះ​មហន្តរាយ​ធម្មជាតិ ​ជា​ពិសេស​ក្នុង​រយៈ​ពេល​វែង​។​

​ដូច​នេះ​ហើយ​ លោក​Ahmad Zahid ​ដែល​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ជាតិ​ម៉ាឡេស៊ី​ផង​ដែរ​នោះ​ បាន​និយាយថា​ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ប្រើ​ប្រាស់​វិធី​សាស្រ្ត​បែប​ជប៉ុន​​ នឹង​ត្រូវ​បាន​សម្រប​សម្រួល​ដោយ​​ទីភ្នាក់ងារ​​គ្រ​ប់​​គ្រង​​គ្រោះ​មហន្តរាយ​ជាតិ​ (NADMA) ​និង​នាយកដ្ឋាន​ធារា​សាស្ត្រ​ និង​ប្រព័ន្ធ​លូ​ (JPS)​ របស់​ប្រទេស​។


លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ ​«​ខ្ញុំ​ជឿ​ថា​ បទ​ពិសោធន៍​នៅ​​ទី​ក្រុង​អូសាកា​នេះ​ មាន​សារៈ​សំខាន់​សម្រាប់​ពួក​យើង​ក្នុង​ការ​រៀប​ចំ​ផែនការ​រយៈ​ពេល​វែង​ ដើម្បី​គ្រប់​គ្រង​​បញ្ហា​ទឹក​ជំនន់​​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​»​។

លោក​បន្ត​ថា​៖ ​«​​ដើម្បី​​​ដោះ​ស្រាយ​បញ្ហា​ទឹក​ជំនន់​ យើង​មិន​គិត​តែ​លើ​ការ​​ផ្តល់​សុខុមាលភាព​ដល់​ជន​រង​គ្រោះ​ដោយសារ​​ទឹក​ជំនន់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​​ក៏​វា​ទាក់​ទង​នឹង​​ការ​អនុវត្ត​រួម​គ្នា​​ដោយ​ប្រើ​បច្ចេក​វិទ្យា​ថ្មី​ៗ​ លើការ​គ្រប់​គ្រង​​​​ប្រព័ន្ធ​​ធារា​​សាស្ត្រ​​ ប្រព័ន្ធ​​លូ​​ និង​​ការ​​គ្រប់​​គ្រង​​ទឹក​​ជំនន់ផង​ដែរ​​»។ ​​


​លោក ​Ahmad Zahid មិន​បាន​គូស​បញ្ជាក់​លម្អិត​​ពី​​របៀប​ដែល​គេ​ប្រើ​បច្ចេកវិទ្យា​ដើម្បី​​ដោះ​ស្រាយ​បញ្ហា​ទេ​ ប៉ុន្តែ​​បាន​កត់​សម្គាល់​ថា​ អ្វី​ដែល​បាន​រៀន​ពី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ទីក្រុង​អូសាកា​ ​​អាច​យក​ទៅ​​អនុវត្ត​បាន​​ក្នុង​ប្រទេស​ម៉ាឡេស៊ី ​រួម​ទាំង​ក្នុង​ការ​កាត់​បន្ថយ​ទឹក​ជំនន់​ និង​ការ​ដំឡើង​ម៉ាស៊ីន​បូម​ទឹក​ដែល​មាន​សមត្ថភាព​ធំ​ ដែល​អាជ្ញាធរ​ក្រុង​អូសាកា​ប្រើ​ប្រាស់​អស់​រយៈ​ពេល​ ៤៥ឆ្នាំ​មក​ហើយ​។​

​ម៉ាឡេស៊ី​តែង​តែ​ជួប​បញ្ហា​ទឹក​ជំនន់​ទ្រង់​ទ្រាយ​ធំ​ជា​រៀង​រាល់​ឆ្នាំ​ ដែល​ត្រូវ​​ការ​វិធី​សាស្រ្ត​កាន់​តែ​ប្រសើរ​ដើម្បី​គ្រប់​គ្រង​លើ​បញ្ហា​នេះ​។ លោក​Ahmad Zahid លើក​ឡើង​ថា​៖ «​​បញ្ហាទាក់​ទង​នឹង​​ដំណោះ​ស្រាយ​រយៈ​ពេល​វែង​ ត្រូវ​តែ​​​បំផុស​ចេញ​ឡើង» ហើយ​ថា​ ​​ដំណោះ​ស្រាយ​លើ​បញ្ហា​នេះ​​​ប្រហែល​ជា​ត្រូវ​ចំណាយ​ច្រើន​​​ ប៉ុន្តែ​វា​សម​ស្រប​ទៅ​នឹង​អ្វី​ដែល​វា​នឹង​ផ្ដល់​ឱ្យ​ក្នុង​រយៈ​ពេល​យូរ​ទៅ​មុខ​ទៀត​៕