ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានឱ្យដឹងថា អាជ្ញាធរសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ បានចោទប្រកាន់មេដឹកនាំក្រុមឧក្រិដ្ឋកម្មជប៉ុនម្នាក់ពីបទសមគំនិតក្នុងការចរាចរសម្ភារនុយក្លេអ៊ែរពីប្រទេសមីយ៉ាន់ម៉ា ដោយរំពឹងបញ្ជូនបន្តទៅអ៊ីរ៉ង់ ដើម្បីប្រើប្រាស់ក្នុងអាវុធនុយក្លេអ៊ែរ។
លោកស្រី Anne Milgram ដែលជាប្រធានរដ្ឋបាលអនុវត្តបទល្មើសគ្រឿងញៀន នៃក្រសួងយុត្តិធម៌ បាននិយាយថា មេក្លោងក្រុមឧក្រិដ្ឋកម្ម លោក Takeshi Ebisawa អាយុ៦០ ឆ្នាំ និងជនជាប់ចោទមួយរូបទៀតជាជនជាតិថៃ គឺលោកSomphop Singhasiri អាយុ៦១ ឆ្នាំបានជួញដូរគ្រឿងញៀន អាវុធ និងសម្ភារនុយក្លេអ៊ែរពីប្រទេសមីយ៉ាន់ម៉ា។
សម្ភារនុយក្លេអ៊ែរ ដែលរំពឹងបញ្ជូនទៅឱ្យអ៊ីរ៉ង់ដើម្បីប្រើប្រាស់ក្នុងការផលិតអាវុធនុយក្លេអ៊ែរនោះ ត្រូវបានអាជ្ញាធរថៃរឹបអូសបាន។ ក្រោយមក អាជ្ញាធរថៃបានប្រគល់ទៅឱ្យអ្នកស៊ើបអង្កេតអាមេរិក ដែលរកឃើញថា សម្ភារទាំងនោះ រួមមានសារធាតុអ៊ុយរ៉ាញ៉ូម និងប្លាតូនីញ៉ូមក្នុង «កម្រិតដែលអាចយកទៅផលិតអាវុធនុយក្លេអ៊ែរបាន»។
បើតាមជំនួយការអគ្គមេធាវីអាមេរិក លោក Matthew Olsen បានឱ្យដឹងថា លោក Ebisawa បានរងការចោទប្រកាន់ពីបទសមគំនិតក្នុងការលក់សារធាតុនុយក្លេអ៊ែរ និងគ្រឿងញៀនប្រភេទណាកូទិកពីប្រទេសមីយ៉ាន់ម៉ា។ ជាមួយគ្នានេះ លោកក៏រងការចោទប្រកាន់ពីបទទិញអាវុធយោធាដ៏ច្រើន ក្នុងនាមក្រុមបះបោរប្រដាប់អាវុធមួយ ក្នុងប្រទេសដដែលនេះផងដែរ។
បុរសទាំង២នាក់ដដែល បានរងការចោទប្រកាន់នៅឆ្នាំ ២០២២ រួចមកហើយពីបទជួញដូរគ្រឿងញៀនអន្តរជាតិ និងបទល្មើសទាក់ទងនឹងប្រដាប់អាវុធ។ ប្រសិនបើកាត់ទោសជាមួយនឹងបទចោទថ្មី លោក Ebisawa ត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត។
បើតាមអាជ្ញាធរអាមេរិក លោក Ebisawa បច្ចុប្បន្នកំពុងជាប់ឃុំខ្លួននៅក្នុងពន្ធនាគារBrooklyn ។ លោកគឺជាមេក្លោងនៃក្រុមរៀបចំឧក្រិដ្ឋកម្មជប៉ុន ឈ្មោះYakuza ដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសផ្សេងៗទៀតរួមមានស្រីលង្កា មីយ៉ាន់ម៉ា ថៃ និងសហរដ្ឋអាមេរិកជាដើម៕