​ព្រឹត្តិការណ៍​សង្គ្រាម​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​ ដែល​ផ្តើមឡើង​ដោយ​ការសម្រេចចិត្ត​របស់​ប្រ​ធានា​ធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​ឈានដល់​ខួប​ ២​ ឆ្នាំ​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ ដោយ​បន្សល់ទុក​នូវ​សោកនាដកម្ម ការបំផ្លិច​ផ្លាញ ការគំរាមកំហែង​ដោយ​អាវុធ​នុយក្លេអ៊ែរ ការ​បែក​​បាក់​ក្នុង​អង្គការសហប្រជាជាតិ អសន្តិសុខ​សកលលោក ការ​ទាញ​ទម្លាក់​សេដ្ឋកិច្ច​សកល ហើយ គ្មាន​សញ្ញា​ណាមួយ​ឈានទៅ​បញ្ចប់សង្គ្រាម​មួយ​នេះ​នៅឡើយ​រហូត​ពេលនេះ​។​


​ឈានដល់​ខួប​ ២​ ឆ្នាំ​នៃ​សង្គ្រាម​ដែល​ភាគី​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​ ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដែល​ខ្លួន​មាន ដូចជា​សង្គ្រាម​តាមផ្លូវ​អាកាស ផ្លូវគោក និងផ្លូវទឹក និង​បច្ចេកវិទ្យា ហាក់​បាន​បង្កើនល្បឿន​ជាថ្មី ខណៈ​អ៊ុយ​ក្រែ​ន​ដែល​ពឹង​ដង្ហើម​ជំនួយ​បស្ចិម​ប្រទេស បាន​ដង្ហោយ​សុំ​ជំនួយ​យោធា​ដើម្បី​តតាំង​ប្រយុទ្ធ​ជាមួយ​សត្រូវ​ធំ​រុស្ស៊ី ដែលជា​មហា​​អំណាច​នុយក្លេអ៊ែរ និង​តែង​គំរាម​ប្រើប្រាស់​ក្នុងស្ថានភាព​សង្គ្រាម​ដែល​ខ្លួន​លំបាក​ខ្លាំង​។​

​អ៊ុយ​ក្រែ​ន​ដែល​ក្លាហាន​ក្នុង​សង្គ្រាម​ប្រឆាំង​រុស្ស៊ី​ដោយសារ​ការគាំទ្រ​សព្វាវុធ និង​ហិរញ្ញវត្ថុ​ពី​លោកខាងលិច​ជាពិសេស​សហរដ្ឋអាមេរិក បាន​ដង្ហោយ​រក​ជំនួយ​កាន់តែខ្លាំង​ឡើងៗ​ក្នុង​ចុង​ខួប​នៃ​សង្គ្រាម​ ២​ ឆ្នាំនេះ បន្ទាប់ពី​ភាពមិនច្បាស់លាស់​នៃ​ជំនួយ​យោធា​ពី​អាមេរិក​។​


​ចាប់តាំងពី​ត្រីមាស​ទី​៣ ​នៃ​ឆ្នាំមុន រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បានស្នើ​កញ្ចប់​ជំនួយ​យោធា និង​សន្តិសុខ​ទូទាំង​សកលលោក​ដែលមាន​តម្លៃ​ជាង ១០៥​ ពាន់​លាន​ដុល្លារ សម្រាប់​អ៊ុយ​ក្រែ​ន ​៦០ ​ពាន់​លាន​ដុល្លារ ជាង ​១០​ ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ី​ស្រា​អែល និង​ក្រៅពីនោះ សម្រាប់​ការផលិត​គ្រាប់​ដាក់​ក្នុង​ឃ្លាំង​វិញ និង​សម្រាប់​សន្តិ​សុខ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក មានការ​ជ្រោមជ្រែង​តៃវ៉ាន់​ជាដើម ប៉ុន្តែ​ការស្នើច្បាប់​ចាយ​ថវិកា​ទាំងនោះ ត្រូវបាន​រារាំង​ដោយ​រដ្ឋសភា​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ​ដែលជា​គូប្រជែង​នយោបាយ ដែលមាន​សិទ្ធិ​ចង្អុល​ឱ្យ​ប្រធានាធិបតី​ចាយ​។​


​គ្មាន​ជំនួយ​អាមេរិក អ៊ុយ​ក្រែ​ន​ច្បាស់​ណាស់​ជួប​ផលវិបាក ទោះបីជា​សហភាព​អឺរ៉ុប​ដែលមាន​សមាជិក ​២៧​ បានសម្រេច​ទម្លាក់​ជំនួយ​ជាង​ ៥០​ ពាន់​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន​សម្រាប់​ការចាយវាយ​ក្នុង​ប្រព័ន្ធ​រដ្ឋបាល ប្រាក់​សោធន​និវត្តន៍ និង​សេវាកម្ម​ស៊ីវិល​ផ្សេងៗ​ទៀត​មានការ​ទំនុក​បម្រុង​ជនភៀសសឹក​រាប់លាន​នាក់​ជាដើម រហូតដល់​ ២០២៧​។​


​ប៉ុន្មាន​ថ្ងៃមុន​ថ្ងៃ​គម្រប់​ខួប​ ២ ​ឆ្នាំ​នៃ​សង្គ្រាម លោក​ប្រ​ធានា​ធិបតី វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី (Volodymyr Zelensky) បាន​និយាយថា ទីក្រុង​ម៉ូស្គូ​កំពុង​ទាញយក​ការពន្យារពេល​ក្នុងការ​ផ្តល់ជំនួយ​យោធា​របស់លោក​ខាងលិច ដោយ​ហៅ​ស្ថានភាព​នាពេលនេះ​ថា «​ពិបាក​ខ្លាំងណាស់​»​។​

​ការវាយលុក​ដ៏​ខ្លាំងក្លា​របស់​រុស្ស៊ី​នៅ​ភាគ​ខាងកើត និង​ភាគខាងត្បូង​អ៊ុយ​ក្រែ​ន បាន​មើល​​ឃើញថា កងកម្លាំង​របស់​រុស្ស៊ី​ដណ្តើមបាន​ទីប្រជុំជន​សំខាន់​នៃ​តំបន់ Avdiivka ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​បន្ទាប់ពី​មានការ​ប្រយុទ្ធ​ជាច្រើន​ខែ​។​

​យោងតាម​ការដកស្រង់​របស់ AFP លោក ហ្សេ​ឡេ​ន​ស្គី បាន​និយាយ​នៅលើ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី ​២០ ខែកុម្ភៈថា​៖ «​វា​មាន​រយៈពេល​ ១០ ​ឆ្នាំ​ហើយ​ចាប់​តាំងពី​ការប៉ុនប៉ង​បំផ្លាញ​ពួក​យើង និង​ឯករាជ្យភាព​របស់​យើង ប៉ុន្តែ​យើង​បាន​ឈរ​យ៉ាង​រឹងមាំ​កាលពី ១០​ ឆ្នាំមុន ហើយ​បន្តធ្វើ​ដូច្នេះ​នៅថ្ងៃនេះ​»​។​

​ដើម្បី​លួង​ចិត្ត​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន កាល​ថ្ងៃទី​ ១៨​ កុម្ភៈ បាន​ប្រា​ប់លោក​ហ្សេ​ឡេ​ន​ស្គី​ថា លោក​មាន​ជំនឿ​ចិត្ត​ថា សភា​អាមេរិក​នឹង​អនុម័ត​ច្បាប់​កញ្ចប់​ជំនួយ​ដែល​ត្រូវការ​បំផុត​។​

​យោង​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ដោយ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​ក្រុងភ្នំពេញ​ក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​ស្ថានភាព​សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កាល​ថ្ងៃទី​ ២១ កុម្ភៈ រហូតដល់​ពេលនេះ កងកម្លាំងប្រដាប់អាវុធ​រុស្ស៊ី​បាន​បំផ្លាញ​សមត្ថភាព​បច្ចេកទេស​របស់​អ៊ុយ​ក្រែ​ន​ដូចជា យន្តហោះ ៥៧២ គ្រឿង និង​ឧទ្ធម្ភាគចក្រ ២៦៦ គ្រឿង រថពាសដែក​គ្មាន​មនុស្ស​បើក ១២ ៩៤៣ គ្រឿង ប្រព័ន្ធ​កាំជ្រួច​ការពារ​ដែនអាកាស ៤៧១ កន្លែង រថក្រោះ ១៥ ១២៣ គ្រឿង រថពាសដែក និង​រថពាសដែក និង​កាំភ្លើងត្បាល់​ចំនួន ៨១១៨ ដើម​៕