ប្រទេស​សិង្ហបុរី កំពុងរង់ចាំ​ការឆ្លើយតប​ពីប្រទេស​ម៉ាឡេស៊ី ចំពោះការស្នើ​សុំទិញដី​ពីរកន្លែង ដើម្បី​ជួយសម្រួល​ដល់ការអភិវឌ្ឍ​ឡើងវិញ​នៅតំបន់​ច្រកព្រំដែន​ដីគោក​ឈ្មោះថា Woodlands Checkpoint។ កាលពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ អាជ្ញាធរ​អន្តោប្រវេសន៍ និង​ប៉ុស្តិ៍​ត្រួតពិនិត្យ (ICA) បានឱ្យដឹង​ថា ស្នងការ​ដែនដី​សហព័ន្ធ​របស់​ម៉ាឡេស៊ី ជាម្ចាស់​កម្មសិទ្ធិ​តំបន់ដី​តូចៗ​ចំនួនពីរកន្លែង​នៅជាប់​នឹង Woodlands Checkpoint។ 
 
អាជ្ញាធរ​អន្តោប្រវេសន៍ និងប៉ុស្តិ៍​ត្រួតពិនិត្យ បានបញ្ជាក់​ថា ដីឡូតិ៍​ដែលមិនទាន់​បានប្រើប្រាស់នេះ ស្ថិតនៅចំកណ្តាល​នៃតំបន់ Woodlands Checkpoint ដែល​សិង្ហបុរី​គ្រោងនឹងធ្វើ​ការអភិវឌ្ឍ​ឡើងវិញ។ ពួកគេបាន​សង្កត់ធ្ងន់​ថា បើសិង្ហបុរី​មិនអាចទិញដី​ឡូតិ៍​ទាំងនេះ​ពី​ម៉ាឡេស៊ី​បានទេ នោះការបង្កើន​ប្រសិទ្ធភាព​នៃការអភិវឌ្ឍ​ឡើងវិញ​របស់​ប៉ុស្តិ៍​ត្រួតពិនិត្យ នឹងមិនអាច​ទៅរួចនោះទេ។  
 
គួរបញ្ជាក់ថា ការអភិវឌ្ឍឡើងវិញនេះ ធ្វើឡើង​ក្នុងគោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវកិច្ចការ​អន្តោប្រវេសន៍​សម្រាប់​អ្នកធ្វើដំណើរ​ចេញ និងចូលរវាង​សិង្ហបុរី និងម៉ាឡេស៊ី តាមរយៈ​ផ្លូវថ្នល់។ អាជ្ញាធរ​អន្តោប្រវេសន៍ និងប៉ុស្តិ៍​ត្រួតពិនិត្យ បានបន្ថែម​ថា សិង្ហបុរី​បានសរសេរ​លិខិត​ស្នើ​សុំទិញដី​នេះទៅកាន់​ភាគី​ម៉ាឡេស៊ី​កាលពី​ខែឧសភា ឆ្នាំ ២០២២ និងបានទាក់ទង​ម្តងទៀត​នៅខែវិច្ឆិកា ឆ្នាំ ២០២៣ ដើម្បី​ពិភាក្សា​អំពី​ការទិញដី​ពីរកន្លែងនេះ។ 
 
លើសពីនេះ បញ្ហានេះ​ក៏ត្រូវបាន​លើកឡើងនៅ​ក្នុងកិច្ចប្រជុំ​នៃគណៈកម្មាធិការ​ចម្រុះ​រដ្ឋមន្ត្រី​ស្ដីពី​ការអភិវឌ្ឍ​តំបន់​អ៊ីសកាន់ដា (Iskandar) របស់​ប្រទេស​ម៉ាឡេស៊ី​កាលពី​ខែកក្កដា ឆ្នាំ ២០២៣ និងកិច្ចជំនួប​ប្រជុំ​រវាង​មេដឹកនាំ​សិង្ហបុរី និងម៉ាឡេស៊ី លើកទី១០ នៅខែតុលា ឆ្នាំ ២០២៣។ នៅក្នុងកិច្ចប្រជុំ​ទាំងអស់នេះ ភាគីទាំងពីរ​បានសន្យាថា​នឹងពង្រឹង​ដំណើរការចរាចរណ៍​ចេញចូល​នៅតាមច្រក​ព្រំដែន​ផ្លូវគោក​មួយនេះ។ 
 
អាជ្ញាធរ​អន្តោប្រវេសន៍ និងប៉ុស្តិ៍​ត្រួតពិនិត្យ បានរំលេច​ថា​ ពួកគេ​កំពុងរង់ចាំ​ការឆ្លើយតប​របស់​ម៉ាឡេស៊ី​ចំពោះ​សំណើនេះ។ យោងតាម​របាយការណ៍​របស់ទី​ភ្នាក់ងារ​សារព័ត៌មាន​ម៉ាឡេស៊ី បឺណាម៉ា (Bernama) ចុះនៅ​ថ្ងៃទី ១៨ ខែកុម្ភៈ បានឱ្យដឹង​ថា អាជ្ញាធរ​ម៉ាឡេស៊ី​នៅតែបន្ត​ពិចារណា​ជុំវិញ​ការលក់ដីនេះ។ 
 ឧត្តមស្នងការ​ម៉ាឡេស៊ី​ប្រចាំប្រទេស​សិង្ហបុរី លោក អាហ្វា ម៉ូហាម៉ាដ មូស្ថាហ្វា (Azfar Mohamad Mustafar) បានលើកឡើង​ថា វាជារឿង​ដែលសមហេតុផល​សម្រាប់​ប្រទេស​សិង្ហបុរី​ក្នុងការស្នើ​សុំទិញដី​នោះ ប៉ុន្តែ​ប្រទេស​ម៉ាឡេស៊ី​កំពុងសម្រេច​ចិត្តថា​តើគួរតែ​លក់ដីនោះ ឬរៀបចំ​កិច្ចព្រមព្រៀង​ដោះដូរដីធ្លី​នៅកន្លែងណាមួយ ដូចទៅ​នឹងកិច្ចព្រមព្រៀង​ដោះដូរដី​ដែលធ្លាប់​បានធ្វើ​កាលពីឆ្នាំ ២០១០។ 
 
លោក អាហ្វា បានបន្ថែមថា សិង្ហបុរី​បានទាក់ទង​ម៉ាឡេស៊ី​ដើម្បី​ស្នើសុំ​ទិញដីនេះ ប៉ុន្តែ​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​ម៉ាឡេស៊ី​នៅតែពិចារណា​មិនទាន់​ដាច់ស្រេច ហើយពួកគេ​មិនទាន់​ទទួលបាន​ការឆ្លើយតប​ណាមួយ​នៅឡើយទេ។ លោកក៏បានបញ្ជាក់​ផងដែរថា ដីរបស់​រដ្ឋាភិបាល​ម៉ាឡេស៊ី​នៅបរទេស​ទាំងអស់ គឺត្រូវបាន​ចុះបញ្ជី​ក្រោមស្នងការដែនដី​សហព័ន្ធ៕