កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រទេសចិន ​បានស្នើឱ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ផ្តល់​ទស្សនៈ​យល់ឃើញ​របស់ខ្លួន​ទៅលើភាព​ស្របច្បាប់​នៃការកាន់កាប់​ទឹកដី​ប៉ាឡេស្ទីន​របស់​អ៊ីស្រាអែល។ ទីប្រឹក្សា​ច្បាប់​របស់​ក្រសួងការបរទេស​ចិន លោក ម៉ា ស៊ីនមិន (Ma Xinmin) បានសង្កត់ធ្ងន់​ទៅលើសារៈសំខាន់​នៃភាពយុត្តិធម៌ ដោយបញ្ជាក់​ថា "ការទទួលបាន​ភាពយុត្តិធម៌​អាចនឹង​ត្រូវពន្យារពេល ប៉ុន្តែ​យើងមិនត្រូវ​បដិសេធ​ផ្ដល់ជូន​យុត្តិធម៌​ឡើយ"។ ការលើកឡើង​របស់​លោក ម៉ា បានធ្វើឡើង​នៅឯតុលាការ​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់។ 
 
លោកបានបញ្ជាក់​ថា វាមានរយៈពេល ៥៧ ឆ្នាំហើយ​ចាប់តាំងពី​អ៊ីស្រាអែល​បានចូលកាន់កាប់​ទឹកដី​ប៉ាឡេស្ទីន។ លោកបានបន្ត​ថា បើទោះបីជា​ពេលវេលា​បានកន្លងផុត​ទៅយូរហើយ​ក៏ដោយ ក៏ភាពមិនស្របច្បាប់​នៃការគ្រប់គ្រង​ទឹកដីនេះ នៅតែមិន​អាចផ្លាស់ប្តូរ​បានឡើយ។ 
 
នៅសប្តាហ៍នេះ ស្ថាប័នតុលាការ​កំពូល​របស់​អង្គការ​សហប្រជាជាតិ ដែលជារឿយៗ​ហៅថា តុលាការ​ពិភពលោក បានបើក​សវនាការ ស្តាប់បទ​បង្ហាញ​ពីជាង ៥០ ប្រទេស។ សវនាការនេះ​ធ្វើឡើង​បន្ទាប់ពីមាន​សំណើពី​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ក្នុងឆ្នាំ ២០២២ ទៅកាន់​តុលាការ​ដើម្បីរៀបចំ​ឱ្យមានការ​ផ្ដល់មតិយោបល់​ផ្លូវច្បាប់​ស្ដីពីការ​កាន់កាប់ទឹកដី​ប៉ាឡេស្ទីន​របស់​អ៊ីស្រាអែល។ 
 
សវនាការនេះ​គឺជាផ្នែកមួយ​នៃកិច្ចខិតខំ​ប្រឹងប្រែង​របស់​ប៉ាឡេស្ទីន​ក្នុងការជំរុញ​ឱ្យស្ថាប័ន​ច្បាប់​អន្តរជាតិ​ពិនិត្យមើល​សកម្មភាព​របស់​អ៊ីស្រាអែល ជាពិសេស​ចាប់តាំងពី​ក្រុមសកម្ម​ប្រយុទ្ធហាម៉ាស់​លួចចូល​វាយប្រហារ​អ៊ីស្រាអែល​នៅថ្ងៃទី ៧ ខែតុលា ដែលបាន​បណ្តាល​ឱ្យមនុស្ស​ស្លាប់​ប្រមាណជា ១២០០ នាក់ ហើយបន្ទាប់មក អ៊ីស្រាអែល​បានបើកការ​វាយប្រហារ​ឆ្លើយតបវិញ បណ្ដាលឱ្យ​ជនជាតិ​ប៉ាឡេស្ទីន​ស្លាប់ប្រមាណជា ២៩០០០ នាក់។ 
 
យ៉ាងណាក៏ដោយ អ៊ីស្រាអែល​បានសម្រេច​មិនចូលរួម​ក្នុងសវនាការ​នោះទេ ប៉ុន្តែបាន​សម្តែងការព្រួយបារម្ភ​តាមរយៈការបញ្ចេញមតិ​ជាលាយលក្ខណ៍អក្សរ​ថា ការចូលមក​ពាក់ព័ន្ធ​របស់​តុលាការយុត្តិធម៌​អន្តរជាតិ អាចនឹង​រារាំង​លទ្ធភាព​នៃការឈានដល់​ការចរចារ​វាងភាគី​ទាំងពីរ។ 
 
កាលពីថ្ងៃចន្ទ ក្រុមអ្នកតំណាង​ប៉ាឡេស្ទីន​បានជំរុញ​ឱ្យចៅក្រម​ប្រកាស​ថា ការកាន់កាប់​របស់​អ៊ីស្រាអែល​នៅលើទឹកដី​ប៉ាឡេស្ទីន​គឺជារឿង​ខុសច្បាប់។ ពួកគេបាន​សង្កត់ធ្ងន់​ថា ការផ្ដល់​មតិផ្លូវ​ច្បាប់​របស់​តុលាការ អាចនឹងជួយ​ជំរុញឱ្យ​មានដំណោះស្រាយ​រដ្ឋ​ពីរផ្សេងគ្នា។ យ៉ាងណាមិញ ចៅក្រម​នៅតុលាការ​យុត្តិធម៌​អន្តរជាតិ នឹងត្រូវចំណាយ​ពេលប្រហែល ៦ ខែ​ដើម្បី​ចេញសេចក្ដីប្រកាស​ទៅលើបញ្ហានេះ៕


ចិនស្នើឱ្យ ICJ និយាយពីការ​កាន់កាប់របស់​អ៊ីស្រាអែល​ដោយខុសច្បាប់​នៅលើទឹកដី​ប៉ាឡេស្ទីន។AFP