​រយៈពេល ៣​ ថ្ងៃ​មកហើយ ​ដែល​វិស័យ​សុខាភិបាល​របស់​ប្រទេស​កូរ៉េខាងត្បូង បាន​ធ្លាក់​ចូលក្នុង​ភាពច្របូកច្របល់ ខណៈដែល​គ្រូពេទ្យ សិក្ខាកាម​បាន​ប្តេជ្ញា​ថា​នឹង​ឈប់​ធ្វើការ ដើម្បី​តវ៉ា​ចំពោះ​ផែនការ​របស់​រដ្ឋាភិបាល​ក្នុងការ​បង្កើន​ការចូល​រៀន​នៅ​សាលា​វេជ្ជសាស្ត្រ ដោយ​ពួកគេ​ជំ​រុញឱ្យ​រដ្ឋាភិបាល​គិតគូរ​ពី​ការដំឡើង​ប្រាក់ខែ និង​កែសម្រួល​លក្ខខណ្ឌ​ការងារ​ជាមុនសិន​។


ការតវ៉ា​ពី​សំណាក់​វេជ្ជបណ្ឌិត​វ័យក្មេង​ស្ទើរតែ​ពីរភាគបី​នៃ​ប្រទេស​បានចាប់ផ្តើម​តាំងពីដើម​សប្តាហ៍​នេះ បាន​បង្ខំ​ឱ្យ​មន្ទីរពេទ្យ​មិនអាច​ទទួល​អ្នកជំងឺ និង​ច្រានចោល​ប្រតិបត្តិ​ការវះកាត់ បង្កឱ្យមាន​ការព្រួយបារម្ភ​ខ្លាំង ដល់​ប្រព័ន្ធ​វេជ្ជសាស្ត្រ ប្រសិនបើ​ជម្លោះ​បន្ត​អូសបន្លាយ​។

ក្រសួងសុខាភិបាល​កូរ៉េខាងត្បូង បានឱ្យដឹងថា រហូតមកដល់​ពេលនេះ មាន​វេជ្ជបណ្ឌិត​ជាង ៨ ៤០០ នាក់​ បាន​ចូលរួម​ក្នុង​យុទ្ធនា​ការតវ៉ា​នេះ ហើយ​មិនមាន​សញ្ញា​នៃ​ការដោះស្រាយ​ភ្លាមៗ​នោះទេ ខណៈ​អ្នកជំងឺ និង​អ្នករបួស​មួយចំនួន​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ការព្យាបាល​។


លើសពីនេះ រដ្ឋាភិបាល​កូ​រ៉​ខាងត្បូង​នៅ​ថ្ងៃទី​ ២២ ខែកុម្ភៈ ក៏បាន​គំរាម​ចាប់​គ្រូពេទ្យ​ដែល​ដឹកនាំ​ការតវ៉ា​នេះ​ផងដែរ​។


បើតាម​សំឡេង​ពី​ក្រុមគ្រូពេទ្យ​វិញ​បាន​និយាយថា បញ្ហា​ពិត​គឺ​ប្រាក់ខែ និង​លក្ខខណ្ឌ​ការងារ​។ លោក Park Dan ប្រធាន​សមាគម​អ្នក​ហាត់​ការ និង​អ្នករស់នៅ​កូរ៉េខាងត្បូង ដែល​កំពុង​ចូលរួម​ក្នុងការ​តវ៉ា​បាន​និយាយថា លោក​សុខចិត្ត​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន ដូច្នេះ​ការទាមទារ​របស់​វេជ្ជបណ្ឌិត​ត្រូវបាន​ដឹងឮ​។


លោក Park Dan បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​តាម​វិទ្យុ​ថា គ្រប់គ្នា​ខឹង​និង​ខកចិត្ត​ដូច្នេះ​ពួកគេ​ទាំងអស់គ្នា​ចាក​ចេញពី​មន្ទីរពេទ្យ និង​ចង់ឱ្យ​រដ្ឋាភិបាល​ស្តាប់​យោបល់​របស់​ពួកគេ​។ យ៉ាងណា​លោក​បន្ថែមថា ក្រុម​របស់ខ្លួន​នឹង​បើកចំហ​សម្រាប់​ការសន្ទនា​ប្រសិនបើ​រដ្ឋាភិបាល​ស្តាប់​ការទាមទារ​របស់​ពួកគេ​។

វេជ្ជបណ្ឌិត​មួយចំនួន​និយាយថា ការបង្កើន​ការចូល​រៀន​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​គុណភាព​នៃ​ការអប់រំ​ផ្នែក​វេជ្ជសាស្ត្រ​។ ដោយសារ​ក្តី​ព្រួយបារម្ភ​នេះ វេជ្ជបណ្ឌិត និង​និស្សិត​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​ចំនួន ២០០ នាក់ នៅក្នុង​ខេត្ត​ភាគ​និរតី​ចាប់ផ្តើម​តវ៉ា​ក្នុង​តំបន់​របស់ខ្លួន​ឥតឈប់ឈរ​។

ដកស្រង់​សម្តី​ពី​ទីភ្នាក់ងារសារព័ត៌មាន Yonhap លោក Um Chul ប្រធាន​សមាគម​វេជ្ជសាស្ត្រ Jeonbuk បាន​លើកឡើងថា​៖ «​យើង​បិទផ្លូវ​បែបនេះ ដោយសារតែ​យើង​ព្រួយបារម្ភ​ថា ប្រព័ន្ធ​វេជ្ជសាស្ត្រ​របស់​ប្រទេស​កូរ៉េខាងត្បូង ដែលជា​ប្រព័ន្ធ​ដ៏​គួរឱ្យ​ច្រណែន បំផុត​មួយ​ក្នុង​ពិភពលោក​នឹង​ដួលរលំ​»​។

នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល​ឯណោះ​វិញ វេជ្ជបណ្ឌិត​ប្រហែល ៣០០ នាក់​ បានធ្វើ​ការប្រមូល​ផ្តុំគ្នា​នៅ​ជិត​ការិយាល័យ​ប្រធានាធិបតី​ដោយ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​លុបចោល​ផែនការ​របស់ខ្លួន​៕