បច្ចុប្បន្ន ការប្រយុទ្ធ​គ្នា​រវាង​រដ្ឋអំណាច​យោធា​មី​យ៉ាន់​ម៉ា និង​ក្រុម​ឧទ្ទាម​កងទ័ព​ជនជាតិភាគតិច Arakan Army នៅឯ​ភាគ​ខាងលិច​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា កាន់តែ​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ដោយ​ចំនួន​អ្នកស្លាប់ និង​របួស​បាន និង​កំពុង​កើន​ឡើងជា​បន្តបន្ទាប់​។


ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​ឧទ្ទាម​ទាំងនោះ​នៅតែ​ជម្នះ​ឈ្លានពាន​ចូល​ព្រំដែន​ប្រទេស​មី​យ៉ាន់​ម៉ា និង​ព្យាយាម​តតាំង​ដើម្បី​កាន់កាប់​តំបន់​នានា​ផងដែរ ហើយ​ជា​លទ្ធផល​គេ​សង្កេតឃើញ​ក្រុម​នេះ​ចាប់ផ្ដើម​មានប្រៀប​លើ​ក្រុម​យោធា​បណ្ដើរៗ​។

យ៉ាងណាមិញ បង់​ក្លា​ដែ​ស​ជា​ប្រទេស​ដែលមាន​ប្រជាជន​កាន់សាសនា​អ៊ិ​ស្លាម​ច្រើនជាងគេ ហើយ​មាន​ព្រំប្រទល់​ប្រវែង ២៧១​គីឡូម៉ែត្រ​ ជាមួយនឹង​ប្រទេស​មី​យ៉ាន់​ម៉ា ដែលមាន​ប្រជាជន​កាន់សាសនា​ព្រះពុទ្ធ​។


បង់​ក្លា​ដែ​ស​ក៏​សឹងតែ​ក្លាយជា​ផ្ទះ​ទី​២​របស់​ក្រុម​ជនជាតិភាគតិច​មូស្លីម រ៉ូ​ហ៊ីង​យ៉ា បន្ទាប់ពី​ភៀសខ្លួន​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ ជាពិសេស​នៅក្នុង​អំឡុងពេល​នៃ​ប្រតិបត្តិការ​បោសសម្អាត​ប្រឆាំងនឹង​ក្រុម​ជនជាតិភាគតិច​នេះ កាលពី​ឆ្នាំ ២០១៧​។


ដោយឡែក នៅក្នុង​ជ័យជម្នះ​របស់​ក្រុម Arakan Army ប្រឆាំងនឹង​រដ្ឋអំណាច​មី​យ៉ាន់​ម៉ា​នាពេល​ថ្មីៗ​នេះ បានធ្វើឱ្យ​ក្រុម​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​មានការ​ត្រេកអរ​បន្តិច​ដែរ​។


តែ​យ៉ាងណា ក្រុម​ជនជាតិភាគតិច អ៊ិ​ស្លាម​នៅតែ​មិនទាន់​ទុកចិត្ត​ថា​ខ្លួន​នឹង​អាច​ទទួលបាន​សញ្ជាតិរ​ស់​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​វិញ ប្រសិនបើ​ក្រុម Arakan Army វាយ​ដណ្ដើម​យកបាន​ផ្នែក​មួយចំនួន​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​។

មិនទាន់​ទុកចិត្ត​ព្រោះ​ក្រុម Arakan Army ក៏​ជា​អ្នក​កាន់សាសនា​ព្រះពុទ្ធ​ដែរ គ្រាន់តែ​ថា​កន្លងមក ខ្លួន និង​ក្រុម​នេះ មិន​ដែលមាន​ជម្លោះ​ជាមួយគ្នា​នោះទេ​។

លោក M Sakhawat Hossain អ្នកជំនាញ​សន្តិសុខ​បង់​ក្លា​ដែ​ស​នៅតែ​បង្ហាញ​ពី​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​លទ្ធភាព​ដែល​ជនជាតិភាគតិច រ៉ូ​ហ៊ីង​យ៉ា អាច​ត្រឡប់​ទៅ​រស់នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​វិញ​។ ក្នុងនោះ លោក​បានលើកឡើង​អំពី​ការបង្កើត​រដ្ឋាភិបាល​ប​ង្រួ​ប​បង្រួម​ដើម្បី​ធានា​ការធ្វើ​មាតុភូមិនិវត្តន៍​ប្រកបដោយ​សុវត្ថិភាព​រវាង​បង់​ក្លា​ដែ​ស ជាមួយនឹង​រដ្ឋ​ប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា នៅមុន​ការធ្វើ​រដ្ឋប្រហារ​។

អ្នកជំនាញ​រូបនេះ​បាន​បន្ត​ឱ្យដឹងទៀតថា ប្រសិនបើ​ក្រុម Arakan Army អាច​ដណ្ដើមបាន​នូវ​ជ័យជម្នះ​ពី​រដ្ឋាភិបាលយោធា កិច្ចព្រមព្រៀង​នានា​ដែល​បានចែង​ជាមួយ​រដ្ឋ​ប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា​នាពេលនោះ ទំនងជា​អាច​ដំណើរការ​ឡើងវិញ ហើយ​ដែល​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា អាចនឹងទទួល​បានកា​រ​រស់នៅ​ដែល​ប្រសើរ​ជាង​បច្ចុប្បន្ន​។

ក្នុងន័យនេះ លោក​បាន​អះអាងថា បង់​ក្លា​ដែ​ស ចាំបាច់​ក្នុងការ​បង្កើត​ទំនាក់ទំនង​ក្រៅផ្លូវការ​ជាមួយ​ក្រុម Arakan Army ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ក្នុងពេល​អនាគត​។

ទន្ទឹមនឹងនេះ វា​ក៏​អាចជា​ការប្រថុយប្រថាន​មួយ​សម្រាប់​បង់​ក្លា​ដែ​ស​ផងដែរ ដោយ​ម្ខាង​ត្រូវ​បញ្ចៀស​នូវ​រាល់​បញ្ហា​នានា​ជាមួយ​យោធា​មី​យ៉ាន់​ម៉ា​ដើម្បី​សន្តិសុខ​របស់ខ្លួន និង​ម្ខាង​ទៀត​ត្រូវ​ជួយ​ដោះស្រាយ​ប​ញ្ចូ​ន​ក្រុម​ជន ជាតិ​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ត្រឡប់​ទៅវិញ​។

បង់​ក្លា​ដែ​ស បច្ចុប្បន្ននេះ​មានការ​ឆ្អែតឆ្អន់​ក្នុងការ​ទទួល​ជនភៀសខ្លួន​ហើយ ដោយ​នៅតាម​បណ្ដា​រដ្ឋ​ជាប់​ព្រំដែន​របស់ខ្លួន មាន​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ជាច្រើន​នាក់​កំពុងស្នាក់នៅ ម្យ៉ាងទៀត វត្តមាន​របស់​ជនជាតិ​ភាគតិច​បែបនេះ អាច​នឹង​នាំ​បញ្ហា​ដល់​ប្រជាជន​ស៊ីវិលរ​បស់បង់​ក្លា​ដែ​ស​ផងដែរ​៕