ក្រុម​ការងារ​​សកម្មភាព​​ហិរញ្ញ​វត្ថុ​ (FATF) ​​ដែល​ជា​អង្គការអន្តរជាតិ​​​ឃ្លាំ​មើលការ​លាង​លុយ​កខ្វក់​ បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​ ខ្លួន​នឹង​​ដក​ប្រទេស​អារ៉ាប់ចេញ​ពី​បញ្ជី​ប្រផេះ​របស់​ខ្លួន​ ដែល​មិន​ត្រូវ​​ចាត់​វិធានការ​ពេញ​លេញ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​លាង​លុយ​កខ្វក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ AP បាន​ផ្សាយ​ថា​ ការ​​ប្រកាស​​នេះ​ធ្វើ​​ឡើង​ក្រោយ​កិច្ច​ប្រជុំពេញ​អង្គ​​របស់​ FATF នៅ​ទីក្រុង​ប៉ារីស។​ ​​​FATF បានស្វាគមន៍ចំពោះ​«​វឌ្ឍនភាព​ដ៏​សំខាន់​របស់​អារ៉ាប់រួម​ក្នុង​ការ​កែ​លម្អ​»​ គោល​នយោបាយ​ប្រឆាំង​ការ​លាង​លុយ​កខ្វក់​ និង​ការ​ផ្តល់​ហិរញ្ញប្បទាន​ប្រឆាំង​ភេរវកម្ម​។​

ក្រៅ​ពី​អារ៉ាប់​រួម​ ប្រទេស​អ៊ូហ្គង់ដា​​ ​កោះ​បាបាដូស​​ និង​តំបន់​​​ហ្ស៊ីប្រាល់តា ក៏​​នឹង​ត្រូវ​បាន​ដក​ចេញ​បញ្ជី​ប្រផេះ​ផង​ដែរ​។ ​FATF ​​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​​ថា ​ប្រទេសទាំងនោះ​​នឹង​ ​«​​លែង​ជា​កម្ម​វត្ថុ​នៃ​ដំណើរ​ការ​ត្រួត​ពិនិត្យ​​របស់ ​FATF ទៀត​ហើយ​​»​។


ការ​ដក​ចេញ​អារ៉ាប់រួម​ចេញ​ពី​បញ្ជី​ ធ្វើ​ឡើង​រយៈ​ពេល​២​ឆ្នាំ​ ក្រោយ​ប្រទេស​នេះ​ត្រូវ​បាន​ដាក់​បញ្ចូល​ ដែ​ល​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​អង្គការ​មួយ​ចំនួន​។ ​អង្គការ​តម្លាភាព​អន្តរជាតិ​ និយាយ​ប្រាប់​កាសែត​ ​Wall Street Journal ​ថា​ ការ​ផ្លាស់​ប្តូរ​នេះ​ធ្វើ​ឡើង​ឆាប់​ៗ​ពេក​ ព្រោះ​អារ៉ាប់រួម​ ត្រូវ​ធ្វើ​សកម្មភាព​បន្ថែម​ទៀត​ដើម្បី​ដោះ​ស្រាយ​​បញ្ហា​លុយ​កខ្វក់​​ក្នុង​ប្រទេស​។ ​ 

ការ​ស្ថិត​ក្នុង​បញ្ជី​ពណ៌​ប្រផេះ​របស់​អ្នក​ឃ្លាំ​មើល​ អាច​បំភ័យ​អ្នក​វិនិយោគ ​និង​អ្នក​ផ្ដល់​ប្រាក់​កម្ចី​ផ្សេង​ៗ ដែល​​​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​នាំ​ចេញ​ ទិន្នផល​ និង​ការ​ប្រើ​ប្រាស់ទំនិញ​​។​ វា​ក៏​អាច​ធ្វើ​ឱ្យ​ធនា​គា​រ​ពិភព​លោក​មាន​ការ​ប្រុង​ប្រយ័ត្ន​ ក្នុង​ការ​ធ្វើ​ជំនួញ​ជាមួយ​ប្រទេស​​ណា​មួយ​ ដែល​ជាប់​ក្នុង​បញ្ជី​ផង​ដែរ​៕