នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak ថ្មីៗនេះ បាននិយាយថា ប្រទេសលោកខាងលិចគួរតែមានភាពក្លាហានក្នុងការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលពួកគេបានបង្កកបន្ទាប់ពីការលុកលុយប្រទេសអ៊ុយក្រែនក្នុងឆ្នាំ២០២២។
នៅក្នុងអត្ថបទបោះពុម្ពផ្សាយពិសេសដំបូងរបស់កាសែត Sunday Times របស់ចក្រភពអង់គ្លេសដើម្បីរំឭកខួប ២ ឆ្នាំ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ លោក Sunak បាននិយាយថា អ៊ុយក្រែននៅតែបន្តត្រូវការអាវុធរយៈចម្ងាយឆ្ងាយបន្ថែមទៀត រួមទាំងយន្តហោះគ្មានមនុស្សបើក និងគ្រាប់បែក ក៏ដូចជាជំនួយផ្សេងទៀត។
លោក Sunak បានថ្លែងដូច្នេះថា៖«យើងត្រូវតែមានភាពក្លាហានក្នុងការវាយលុកសេដ្ឋកិច្ចសង្គ្រាមរុស្ស៊ី ហើយយើងត្រូវតែមានភាពក្លាហានក្នុងការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីរាប់រយពាន់លានដែលបានបង្កក»។
ដោយឡែកកាលពីខែមុន រដ្ឋមន្ត្រីវិនិយោគអង់គ្លេស លោក Dominic Johnson បានជួបជាមួយអនុរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Wally Adeyemo ដើម្បីពិភាក្សាអំពីការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលបានបង្កក ប៉ុន្តែសង្កត់ធ្ងន់ថា ចាំបាច់ត្រូវធ្វើតាមច្បាប់អន្តរជាតិ។
សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន និងកាណាដា បានបង្កកទ្រព្យសម្បត្តិធនាគារកណ្តាលរុស្ស៊ី ក្នុងរង្វង់ទឹកប្រាក់ប្រមាណ ៣០០ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ពោលជាពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនដំបូង។
ក្រុមប្រទេស G7 នៅពេលនេះ បាននិងកំពុងសិក្សាលទ្ធភាពនៃការរឹបអូសទ្រព្យសម្បត្តិដែលអាចជាមធ្យោបាយមួយដើម្បីឱ្យរុស្ស៊ីបង់ប្រាក់សម្រាប់ការខូចខាតការលុកលុយរបស់ខ្លួនដែលបង្កឡើងនៅអ៊ុយក្រែន។
ស្របពេលជាមួយគ្នានេះដែរ លោក Sunak ក៏បានជំរុញឱ្យអាមេរិកបន្តផ្តល់ជំនួយហិរញ្ញវត្ថុ និងយោធាសម្រាប់អ៊ុយក្រែន។
នាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ បានសរសេរនៅក្នុងអត្ថបទ៖ «យើងមិនគួរមើលស្រាលអ្វីដែលអាមេរិកបានធ្វើសម្រាប់អ៊ុយក្រែន និងសម្រាប់សន្តិសុខ អឺរ៉ុប- អាត្លង់ទិកនោះទេ។ ខ្ញុំជំរុញឱ្យពួកគេបន្តការគាំទ្រនេះ ហើយខ្ញុំជឿជាក់ថា ពួកគេនឹងធ្វើវា»។
កាលពីថ្ងៃសៅរ៍ ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស ក៏បានប្រកាសផ្តល់ជំនួយចំនួន ២៤៥ លានផោន ដើម្បីផ្តល់ជាមូលនិធិសម្រាប់គ្រាប់កាំភ្លើងធំដល់អ៊ុយក្រែន៕