ក្រសួងការបរទេស​អា​មេ​រិ​ក​ កាលពី​ចុង​សប្តាហ៍​នេះ ​បាន​និយាយថា មន្ត្រី​កំពូល​របស់​សហរដ្ឋអាមេរិក១ រូប​​ ទទួលបន្ទុក​កិច្ចការ​ប្រទេស​កូរ៉េខាងជើង​បាន​បើក​កិច្ចពិភាក្សា​តាម​វីដេអូ​មួយ​ជាមួយ​ប្រេសិត​របស់​ប្រទេស​ចិន ស្តីពី​កិច្ចការ​ឧបទ្វីប​កូរ៉េ ដែល​ក្នុងនោះ​ពួកគេ​បាន​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​យោធា​ដែល​កំពុង​កើនឡើង​រវាង​ទីក្រុង​ម៉ូស្គូ និង​ទីក្រុង​ព្យុងយ៉ាង។


មន្ត្រីជាន់ខ្ពស់​អាមេរិក​ទទួលបន្ទុក​កូរ៉េខាងជើង លោក Jung Pak និង​សម​ភាគី​ចិន​លោក Liu Xiaoming បានលើកឡើង​និយាយ​ពី​អាកប្បកិរិយា​ដែល​កំពុង​បង្ក​អស្ថិរភាព និង​បង្កបញ្ហា​ខ្លាំងឡើងៗរបស់​កូរ៉េខាងជើង។

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​របស់​ក្រសួងការបរទេស​អាមេរិក​បាន​និយាយថា កិច្ចសហប្រតិបត្តិការ​យោធា​ដែល​កំពុង​កើនឡើង​រវាង​រុស្ស៊ី និង​កូរ៉េខាងជើង​គឺ«រំលោភ​លើ​ដំណោះស្រាយ​ជាច្រើន​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ»។


ចំណែក សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស​ចិន​បាន​និយាយថា៖ «ដើម្បី​ផលប្រយោជន៍​រួម​នៃ​តំបន់ សហគមន៍​អន្តរជាតិ ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព​នៅលើ​ឧបទ្វីប​កូរ៉េ យើង​ជំរុញឱ្យមាន​ដំណើរការ​នៃ​ដំណោះស្រាយ​នយោបាយ»។


ក្រសួងការបរទេស​ចិន​បញ្ជាក់​បន្ថែមថា៖ «ភាគី​ពាក់ព័ន្ធ​គួរតែ​ដោះស្រាយ​កង្វល់​របស់​គ្នា​ទៅវិញទៅមក​ក្នុង​លក្ខណៈ​សមស្រប គឺ​តាមរយៈ​ការសន្ទនា​ប្រកបដោយ​អត្ថន័យ ហើយ​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​បាន​យល់ព្រម​បន្ត​ចាប់ដៃគ្នា​ដោះស្រាយ​លើ​បញ្ហា​នេះ»។


ទីក្រុង​វ៉ាស៊ីនតោន​បាន​ចោទប្រកាន់​កូរ៉េខាងជើង​ថា​បាន​ផ្គត់ផ្គង់​ឱ្យ​រុស្ស៊ី​នូវ​គ្រាប់កាំភ្លើង​ធំ និង​មី​ស៊ី​ល ដើម្បីឱ្យ​រុស្ស៊ី​ប្រើ​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន។ ចំណែក​ទីក្រុង​ម៉ូស្គូ និង​ក្រុង​ព្យុងយ៉ាង តែងតែ​បដិសេធ​រឿងនេះ ប៉ុន្តែ​បែរជា​ប្តេជ្ញា​បង្កើន ទំនាក់ទំនង​យោធា​កាន់តែ​ស៊ីជម្រៅ​រវាង​គ្នា​ទៅវិញ។

សេចក្តីថ្លែងការណ៍​រប​ស់​សហរដ្ឋអាមេរិក​ បាន​និយាយថា ការអំពាវនាវ​រួមជាមួយ​ប្រទេស​ចិន ជា​លទ្ធផល​កើតឡើង​ពី​កិច្ចប្រជុំ​កាលពី​ថ្ងៃទី១៦ ខែកុម្ភៈ​រវាង​រដ្ឋមន្ត្រី​ការបរទេស​លោក Antony Blinken និង​រដ្ឋមន្ត្រីការបរទេស​ចិន​លោក Wang Yi ដែល​គ្រានោះ​ពួកគេ​បានបញ្ជាក់​ជំហរ​រួម​ពី​សារៈសំខាន់​នៃ​ការបន្ត​ទំនាក់ទំនង ដើម្បី​ដោះស្រាយ​លើ​បញ្ហា​កូរ៉េខាងជើង​នៅ​គ្រប់​កម្រិត​ទាំងអស់»។

ទំនាក់ទំនង​ចិន-អាមេរិក​ បានបង្ហាញ​ពីស​ញ្ញា​នៃ​ភាពប្រសើរ​ឡើងវិញ​ក្នុង​រយៈ​ប៉ុន្មាន​ខែថ្មីៗនេះ ជាមួយនឹង​ជំហាន​ដើម្បី​បង្កើត​បណ្តាញ​ទំនាក់ទំនង​ឡើងវិញ បន្ទាប់ពី​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង២ បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកនេះ។

ទោះយ៉ាងណា ចំណុច​ប៉ះ​ទ​ង្កិ​ច​គ្នា​ជាច្រើន​នៅតែ​កើតមាន រួមទាំង​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​លើ​ប្រទេស​ចិន​ជុំវិញ​បញ្ហា​សន្តិសុខ និង​សិទ្ធិមនុស្ស ខណៈ​លោក Wang Yi បាន​ប្រាប់ Blinken ថា​ចំណុច​ទាំងនេះ​គួរតែ​ត្រូវបាន​លើកលែង៕