សហគមន៍​សេដ្ឋកិច្ច​នៃ​រដ្ឋ​អាហ្រ្វិក​ខាង​លិច​ (ECOWAS) ​​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ខ្លួន​នឹង​ដក​ទណ្ឌកម្ម​យ៉ាង​តឹង​រ៉ឹង​លើ​ប្រទេស​នីហ្សេ​ ខណៈ​ប្លុក​ស្វែង​រក​យុទ្ធសាស្រ្ត​ថ្មី​ដើម្បី​​កុំ​ឱ្យ​រដ្ឋ​ដឹក​នាំ​ដោយ​របប​យោធា​ចំនួន​៣​ រួម​ទាំង​នីហ្សេ​ ដក​ខ្លួន​ចេញ​ប្លុក​ ដែល​អាច​​គំរាម​កំហែង​ដល់​សមាហរណកម្ម​ក្នុង​តំបន់។​ នេះ​បើ​តាម​កា​រ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។ 


មេ​ដឹក​នាំ​ ​​ECOWAS ​បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​នៅ​ក្នុង​តំបន់​ ដែល​រងនូវ​ការ​ធ្វើ​​រដ្ឋ​ប្រហារ​ ​ដោយ​នីហ្សេ ប៊ួគីណាហ្វាសូ​ និង​ម៉ាលី​ កាល​ពី​ខែ​មករា​ បាន​សម្រេច​ចិត្ត​ប្រកាស​ដោយ​ឯក​តោ​ភាគី​ក្នុង​ការ​ដក​ខ្លួន​ចេញ​ពី​ប្លុក​ ដែល​មាន​សមាជិក​សរុប​ ១៥ ប្រទេស​។ 

​ក្រោយ​កិច្ច​ពិភាក្សា​បិទ​ទ្វារ​កាល​ពី​ថ្ងៃ​សៅរ៍​ ECOWAS ​បាន​និយាយ​ថា​ ខ្លួន​បាន​សម្រេច​ចិត្ត​ដក​ទណ្ឌ​កម្ម​លើ​នីហ្សេ ដែល​រួម​មាន​​ទាំង​ទណ្ឌកម្ម​លើ​ការ​ធ្វើ​ដំណើរ​ និង​​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ធនាគារ​កណ្តាល ​និង​រដ្ឋ​​ និង​​ផ្អាក​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ជា​ដើម​។ វិធានការ​ដក​នេះ​ ចូល​​មាន​ប្រសិទ្ធភាព​ភ្លាម​ៗ​។​


ECOWAS លើក​ឡើង​ថា​ ការ​ដក​​នេះ​​ធ្វើ​ឡើង​​ក្រោម​ហេតុ​ផល​មនុស្ស​ធម៌​ ប៉ុន្តែ​គេ​មើល​ឃើញ​ថា​ វា​ជា​ការ​លួង​ចិត្ត​កុំ​ឱ្យ​នីហ្សេ​ ដក​ចេញ​ពី​ប្លុក​ ខណៈ​​​ ECOWAS ​ព្យាយាម​បញ្ចុះ​បញ្ចូល​រដ្ឋ​យោធា​ទាំង​​៣​ ឱ្យ​បន្ត​នៅ​ក្នុង​សម្ព័ន្ធភាព​ ដែល​បង្កើត​ឡើង​ជិត​ ៥០​ឆ្នាំ​ មក​ហើយ​។​ 


ការ​ដក​ខ្លួន​ចេញរបស់​នីហ្សា​ ប៊ួគីណាហ្វាសូ​ និង​ម៉ាលី​​ ​​នឹង​នាំ​មក​នូវ​ភាព​ច្របូក​ច្របល់​ពី​លំហូរ​ពាណិជ្ជកម្ម​ និង​សេវាកម្ម​របស់​ប្លុក​ ដែល​មាន​តម្លៃ​ជិត​ ១៥០ ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​៕