ឧ​ត្ត​ម​សេនីយ​​ជាន់ខ្ពស់​​នៃ​ប្រទេស​​អ៊ុយក្រែន​ បាន​និយាយ​​នៅ​​ថ្ងៃអាទិត្យ​ថា មេទ័ព​អ៊ុយ​ក្រែ​ន ​លោក Oleksandr Syrskyi និង​រដ្ឋមន្ត្រី​ការពារជាតិអ៊ុយក្រែន លោក Rustem Umerov បាន​ទៅ​​​ពិនិត្យ​មើល​ប៉ុស្តិ៍​បញ្ជា​នៅ​ជិត​ជួរមុខ​ក្នុងសង្គ្រាម​​ ដើម្បី​វិភាគ​សមរភូមិ និង​បង្កើន​ការការពារ។​ នេះ​បើ​តាមសេចក្តីរាយការណ៍​របស់រ៉យទ័រ។​

ទស្សនកិច្ច​របស់​ប្រមុខ​យោធា​​​អ៊ុយក្រែន​កើត​ឡើង​​តែប៉ុន្មានថ្ងៃ ប៉ុន្តែ​​ពីភាគី​រុស្ស៊ី​ដណ្តើម​បាន​ទីប្រជុំជន​ក្នុង​អាឌីវកា នៅភាគខាងកើត​ បន្ទាប់​ពី​ការ​ប្រយុទ្ធ​អស់​រយៈពេល​ជាច្រើន​ខែ។

យោធា​របស់​ទីក្រុងកៀវ​ កំពុង​តស៊ូ​ដើម្បី​ទប់​ទល់នឹង​កងកម្លាំង​រុស្ស៊ី​នៅតាម​បណ្តោយ​ជួរមុខ​ដ៏​វែង ខណៈដែល​ការ​លុកលុយ​ពេញទី​ក្រុង​ម៉ូស្គូ​បាន​ឆ្លង​ផុត​រយៈពេល​ពីរ​ឆ្នាំ​របស់ខ្លួន។


ឧត្តមសេនីយ Syrskyi បាន​​បង្ហោះ​នៅលើ Telegram ដែល​មាន​រូប​ភាព​រដ្ឋ​មន្ត្រី​ការពារជាតិ Umerov រួមជាមួយ​នឹង​រូបភាព​របស់​​លោក ជួប​ជាមួយ​​មេទ័ព ដោយ​សរសេរ​ថា៖«យើង​បាន​វិភាគ​ស្ថានភាព​បច្ចុប្បន្ន​យ៉ាង​លម្អិត និង​បាន​ពិភាក្សា​អំពី​ជំហាន​ចាំបាច់​បន្ថែមទៀត ជា​ចម្បង ការការពារ​កងទ័ព​ពី​យន្តហោះ​គ្មាន​មនុស្ស​បើក និង​ការវាយប្រហារ​ដោយ​គ្រាប់បែក​ពីលើ​អាកាស ក៏ដូចជា​ការពង្រឹង​តំបន់​មួយចំនួន​នៃ​ផ្នែក​ខាងមុខ»។

​ទោះជា​បែបណា លោក Syrskyi ​មិនបាន​​លម្អិត​ថា​តើ​ដំណើរ​ទស្សនកិច្ច​នេះ​បាន​កើតឡើង​នៅពេលណា​នោះទេ និង​បាន​បន្ថែមថា៖«ស្ថានការណ៍​មាន​ភាពស្មុគស្មាញ និង​ទាមទារ​ឱ្យមាន​​ការត្រួតពិនិត្យ​ជាប្រចាំ»។


អាជ្ញាធរ​អ៊ុយ​ក្រែ​ន​បាន​និយាយថា កងកម្លាំង​រុស្ស៊ី​កាលពី​សប្តាហ៍​មុន​បាន​ដណ្តើមយក​ទីក្រុង​យុទ្ធសាស្ត្រ​ភាគ​ខាងកើត​នៃ​ទីក្រុង Avdiivka របស់​អ៊ុយ​ក្រែ​ន បន្ទាប់ពី​ការវាយលុក​អស់​រយៈពេល​ជាច្រើន​ខែ និង​កំពុង​​បង្កើន​ការ​គាបសង្កត់​លើ​តំបន់​ផ្សេងទៀត​ជាច្រើន​នៅតាម​បណ្តោយ​ជួរមុខ។ 

ទីភ្នាក់ងារព័ត៌មានរុស្ស៊ី​ TASS បាន​រាយការណ៍ថា ​ក្នុងសមរភូមិ Avdiivka ភាគី​អ៊ុយក្រែន​បាត់បង់​មេទ័ព​និង​កង​ទ័ព​​ជាង ​​៤២០​ នាក់ ប៉ុន្តែ​មិនបាន​បង្ហាញ​ពី​ការបាត់បង់​របស់​ខ្លួន​ឡើយ។

​ភាគី​អ៊ុយក្រែន​មិន​បាន​​បង្ហាញ​ពី​កា​របាត់បង់​​មាន​ទំហំប៉ុណ្ណា ឬ​​កងទ័ព​របស់ខ្លួន​បាត់បង់​ប៉ុន្មាន​នាក់​ឡើយ៕​